រយៈពេល ៩ខែកន្លងទៅនេះ ការផ្គត់ផ្គង់ទឹកស្អាតមានចំនួនដល់ ៣៣១លានម៉ែត្រគុប គឺកើនឡើងជាង ៤០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន
| ព័ត៌មានជាតិ
SHARE

ក្នុងឱកាសបើកសន្និសីទ និងពិព័រណ៍ទឹកស្អាតលើកទី៣ ឆ្នាំ២០១៩ ក្រោមប្រធានបទ ធ្វើការជាមួយគ្នា ក្នុងការដោះ ស្រាយបញ្ហាប្រឈម ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់១០០% នៅឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា គិតត្រឹមឆ្នាំ២០១៨ ចំនួនគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់មានប្រមាណ ១លានគ្រួសារ គឺកើនឡើង ៣៨% ធៀបនឹងឆ្នាំ២០១៧ ដែលមានប្រមាណតែ ៧២ម៉ឺនគ្រួសារ ជាមួយបរិមាណទឹកស្អាតកើនដល់ជិត ៣០៩លានម៉ែត្រគុប ដែលកាលពី៥ឆ្នាំមុនមានតែ ១៧៦លានម៉ែត្រគុប។ បើគិតក្នុងរយៈពេល៩ខែកន្លងទៅនេះ ការផ្គត់ផ្គង់ទឹកស្អាតមានចំនួនដល់ ៣៣១លានម៉ែត្រគុប គឺកើនឡើងជាង ៤០% ដែលជាកំណើនដ៏ធំមួយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមប្រមាណ ២២២លានម៉ែត្រគុប។

ឯកឧត្តមបានបន្តថា វិស័យទឹកស្អាតកំពុងប្រឈមនឹងបញ្ហាមួយចំនួន រួមមាន ទី១.ការប្រឈមនឹងការខ្វះប្រភពទឹក ជាពិសេស នៅពេលមានគ្រោះរាំងស្ងួតម្តងៗ, ទី២.កង្វះទុនវិនិយោគលើការពង្រីកផលិតកម្ម និងកែលម្អបច្ចេកទេស បច្ចេកវិទ្យា ជាពិសេស សម្រាប់វិស័យឯកជន និង ទី៣.ការរងផលប៉ះពាល់បណ្តាញផ្គត់ផ្គង់ទឹកស្អាតនៅកន្លែងខ្លះ ដែលកំពុងអភិវឌ្ឍន៍។ ក្នុងន័យនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ពិតជាត្រូវការចាំបាច់នូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានា ក្នុងការបន្តផ្តល់ការគាំទ្រ រួមសហការគ្នាជួយដោះស្រាយបញ្ហាប្រឈមទាំងនោះ។

ក្រសួងបានបន្តការគាំទ្រ និងលើកទឹកចិត្តចំពោះការរៀបចំសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី៣នេះ ដែលបានផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធក្នុងវិស័យទឹកស្អាត ដើម្បីទទួលបាននូវព័ត៌មានជាគោលការណ៍របស់ក្រសួង ហើយរៀបចំខ្លួនធ្វើបែបណាបំពេញតួនាទីជាអ្នកផ្គត់ផ្គង់ទឹកស្អាតដ៏ល្អ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន និងសភាពការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដែលកំពុងមានការរីកចម្រើនឥតឈប់ឈរ។

សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងលើសពីមួយរយលានដុល្លារអាមេរិក។ រីឯ ADB, WB, AFD ក៏បានផ្តល់ជាហិរញ្ញប្បទានឥណទានសម្បទានលើសពីមួយរយលានដុល្លារអាមេរិក សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មី ឬពង្រីកបណ្តាញចែកចាយទឹកស្អាតផងដែរ។ ដោយឡែក នៅរាជធានីភ្នំពេញ, ខេត្តស្វាយរៀង, កំពង់ចាម, មណ្ឌលគិរី, ស្ទឹងត្រែង, កំពង់ធំ, សៀមរាប, បាត់ដំបង, ពោធិ៍សាត់, កំពត និងព្រះសីហនុ ជាដើម សុទ្ធតែទទួលបាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍទឹកស្អាត៕អត្ថបទ៖ ចេង ឆហួត

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation