រដ្ឋមន្ត្រីកិច្ចការនារី ជួបជាមួយ អង្គភាពសិទ្ធិមនុស្សអន្តរជាតិ នៃមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យឈីកាហ្គោ ពិភាក្សា ទៅលើសុខភាពបន្តពូជនិងស្ត្រី ជាពិសេសសេចក្តីព្រាងច្បាប់ ស្តីពីការពពោះជំនួស
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឲ្យ ប្រតិភូរបស់អង្គភាពសិទ្ធិមនុស្សអន្តរជាតិ នៃមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យឈីកាហ្គោ ចូលជួបសម្តែងការគួរសម និងពិភាក្សាគ្នា អំពីសុខភាពបន្តពូជនិងស្ត្រី និងការអនុវត្ត រាប់បញ្ចូលទាំងការពពោះជំនួស។

  តំណាងប្រតិភូ បានសុំការស្វែងយល់ ពីលោកជំទាវរដ្ឋមន្ត្រី អំពីសេចក្តីព្រាងច្បាប់ពពោះជំនួស ដែលកម្ពុជា កំពុងរៀបចំឡើង ដោយសារ បានទទួលព័ត៌មានថា ប្រទេសកម្ពុជា បាននិងកំពុងរៀបចំ សេចក្តីព្រាងច្បាប់ ស្ដីពីការពពោះជំនួសនេះឡើង។ ដូច្នេះពួកគាត់ ដែលមកពី សាកលវិទ្យាល័យច្បាប់ ដែលធ្វើការស្រាវជ្រាវជាសកលនោះ បានមកសិក្សាស្រាវជ្រាវនៅកម្ពុជា ថាតើយើងនឹងរៀបចំច្បាប់នេះ ហើយនៅពេលណា? ហើយអាចនឹងអនុវត្តល្អយ៉ាងណានោះ។ 

  ជាចម្លើយតប លោកជំទាវរដ្ឋមន្ត្រី បានប្រាប់ទៅកាន់ប្រតិភូថា បច្ចុប្បន្នកម្ពុជា កំពុងតែរៀបចំច្បាប់នេះមែន ប៉ុន្តែដោយសារមានការពិភាក្សា និងជំហានជាច្រើនបន្ថែមទៀត ពីព្រោះពាក់ព័ន្ធទៅនឹងច្បាប់នេះ យើងត្រូវមានការប្រុងប្រយ័ត្ន ដោយសារ ពេលដាក់ចេញទៅ ច្បាប់នេះ គឺត្រូវមានការអនុវត្តដោយផ្ចិតផ្ចង់ និងគ្រប់ជ្រុងជ្រោយ។ មានន័យថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំជាសំខាន់ ហើយប៉ុន្តែត្រូវពិភាក្សាជាមួយនឹង ក្រសួងពាក់ព័ន្ធជាច្រើនទៀត ជាពិសេស គឺក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល។

  លោកជំទាវបានបន្ថែមថា តែទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់ដឹងច្បាស់នោះទេថា នៅពេលណាដែលច្បាប់នេះ អាចនឹងចេញជារូបរាង ដោយសារតែ មានការពិភាក្សាគ្នាជាបន្តបន្ទាប់ ទៅតាមក្រសួងនីមួយៗ ហើយក៏មិនទាន់ច្បាស់នៅឡើយថា ច្បាប់នេះ នឹងចេញជារូបរាង ឬក៏មិនចេញជារូបរាងនោះទេ។ ដោយសារ ការជជែកពិភាក្សាគ្នានេះ គឺផ្ដោតទៅលើ ផលប្រយោជន៍របស់ស្ត្រី និងក្មេង និងផលប៉ះពាល់មួយចំនួនទៀត ប្រសិនបើយើងអនុញ្ញាត ឲ្យមានច្បាប់មួយនេះ ដូច្នេះគឺគិតអំពីអនាគតរបស់ច្បាប់ផង និងអត្ថប្រយោជន៍របស់ស្ត្រី និងក្មេងផងដែរ។

  គួរជម្រាបថា រាល់ព័ត៌មានដែល ប្រតិភូអង្គភាពសិទ្ធិមនុស្សអន្តរជាតិ នៃមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យឈីកាហ្គោ ទទួលបាន នឹងត្រូវបានបង្កើតជាផ្នែកមួយ នៃការសិក្សាស្រាវជ្រាវជាសកល អំពីការរៀបចំឲ្យមានការពពោះជំនួស ជាអន្តរជាតិ និងការការពារសិទ្ធិមនុស្ស ដែលនឹងផ្ដល់នូវទិដ្ឋភាពដ៏ទូលាយមួយ នៃការអនុវត្តការពពោះជំនួសជាអន្តរជាតិ ដោយសង្កត់ធ្ងន់ចំពោះស្ត្រី ដែលពពោះជំនួស រាប់បញ្ចូលទាំងអនុសាសន៍នានា អំពីរបៀបការពារសិទ្ធិ និងអត្ថប្រយោជន៍ដ៏ប្រសើរ ចំពោះការពពោះជំនួស ទៅក្នុងគោលនយោបាយច្បាប់ និងការអនុវត្តនាពេលអនាគត៕អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី 


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation