ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់ថា មនុស្សម្នាក់ៗត្រូវតែប្រឹងប្រែងដោយខ្លូនឯង ដើម្បីឆ្ពោះទៅមុខពោរពេញដោយការអភិវឌ្ឍ
| ព័ត៌មានជាតិ
SHARE


រតនគិរី: ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងបញ្ជាក់ថា មនុស្សម្នាក់ៗត្រូវតែប្រឹងប្រែងដោយខ្លូនឯង ដើម្បីឆ្ពោះទៅមុខពោរពេញដោយការអភិវឌ្ឍ ជាសសរទ្រូងប្រទេសជាតិ ជាពិសេសយុវជនជំនាន់ក្រោយ និងប្រមូលផ្តុំយុវជនគ្រប់ទិសទីជាមហាកម្លាំងសាមគ្គីក្នុងការរួមចំណែកកសាងបន្ថែម និងលើកកម្ពស់ប្រទេសកម្ពុជាជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។


ការថ្លែងបញ្ជាក់ដូចនេះរបស់ ឯកឧត្តម ហ៊ុន ម៉ានី គឺបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធ ស ស យ ក ខេត្តរតនគិរី ដែលមាន ឯកឧត្តម ថង វុន អភិបាលខេត្តរតនគិរី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបក៏បានអញ្ជើញចូលរួមសរុបប្រមាជាង ៣០០នាក់នៅសាលមហោស្រព សម្តេច តេជា ហ៊ុន សែន ស្ថិតក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចត្រសិល្ប:ខេត្ត នាថ្ងៃទី២៨ ខែមីនានេះ ។


ថ្លែងក្នុងឱកាសនោះទៀតដែរ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែលបានបន្តបេសកកម្មពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា ដែលបានបដិសន្ធិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលដៅសំខាន់បំផុតដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា ជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។


ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានីបានសង្កត់ថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្ដសកម្មភាពចូលរួមជាវិជ្ជាមានដល់សង្គមកម្ពុជា ជាពិសេសបន្ដការចូលរួមជាមួយរាជរដ្ឋាភិបាល អង្គការ ស្ថាប័នដៃគូ និងបុគ្គលដែលមានបេះដូង និងបេសកកម្មដូចគ្នាលើការកសាងអភិវឌ្ឍន៍កម្ពុជាមួយរឹងមាំ និងកាន់តែមានការទទួលស្គាល់ទាំងក្នុងកម្រិតជាតិ និងអន្ដរជាតិ និងដោយផ្អែកលើមូលដ្ឋានធនធានមនុស្សយុវជនកម្ពុជាដែលមានការទទួលខុសត្រូវ មានឧត្តមគតិ មនសិកា ស្នេហាជាតិ ដើម្បីជាសរសរទ្រូងនៃឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ប្រទេសជាតិ នាពេលបច្ចុប្បន្ន និងអនាគត ។ បន្ថែមពីនេះ សសយក បន្ដជំរុញយុវជន ឲ្យចូលរួមកម្មវិធីស្ម័គ្រចិត្ត កម្មវិធីសិក្សា កម្មវិធីមនុស្សធម៌ ឬការងារស្ម័គ្រចិត្តនៅតាមសហគមន៍ ដើម្បីយុវជនបានសាកល្បងចំណេះដឹង ទេពកោសល្យ ការច្នៃប្រឌិត និងទទួលបានបទពិសោធន៍ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ ។


ទន្ទឹមហ្នឹងនេះ ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានអះអាងថា សមិទ្ធផលជាច្រើនដែលសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានក្នុងរយៈពេល ៦ឆ្នាំកន្លងមក ប៉ុន្ដែក្នុងចំណោមសមិទ្ធផលទាំងអស់នោះ ឯកឧត្តមកត់សម្គាល់ថា សមិទ្ធផលដែលធំជាងគេបំផុតនោះ គឺការទទួលស្គាល់ និងការទទួលស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយក្នុងរយៈពេល ៦ឆ្នាំមកនេះ ប្រជាពលរដ្ឋបានឃើញដោយខ្លួនឯងនូវសកម្មភាព ក្នុងសង្គមរបស់ ស.ស.យ.ក ដោយមិនចាំបាច់មានការណែនាំអ្វីនោះទេ ព្រោះសកម្មភាពទាំងអស់នោះត្រូវលះបង់ដើម្បីតែពលរដ្ឋទាំងអស់ ។


បន្ថែមពីនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់អំពីសមិទ្ធផលមួយចំនួនផងដែរ ដែលទទួលស្គាល់ដោយអន្ដរជាតិ ពោលគឺការបំបែកកំណត់ត្រាពិភពលោក រួមមាន នំអន្សមយក្ស, រាំម៉ាកឌីហ្សូន, ក្រម៉ាវែងជាងគេលើពិភពលោក និងទូក «ង» វែងជាងគេលើពិភពលោក ។ ដោយឡែកសម្រាប់ថ្នាក់ជាតិ រួមមាន មួកយក្ស, ពងមាន់យក្ស, អង្រុកយក្ស, ចាប៉ីដងវែងធំជាងគេ និងសមិទ្ធផលជាច្រើនផ្សេងៗទៀត ។ ហើយចំពោះយន្ដការដែល ស.ស.យ.ក ត្រូវអនុវត្តបន្ដទៀតនៅពេលខាងមុខនោះ គឺការបន្ដសកម្មភាពសង្គម ដែលបានអនុវត្តនាពេលកន្លងមក ព្រោះថា ស.ស.យ.ក ជាវេទិកាមួយដែលបង្កើតឲ្យយុវជន យុវនារី ដែលមានឆន្ទះក្នុងការធ្វើការងារសង្គម មិនថាកីឡា វប្បធម៌​ មនុស្សធម៌ ផ្ដល់ឈាម រឺការពិនិត្យសុខភាពទៅដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ៕
ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation