ឯកឧត្តម ហ៊ុយ វណ្ណៈ បង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យសារព័ត៌មាន គឺកម្ពុជាវាយតម្លៃសេរីភាពសារព័ត៌មាន ដោយកម្ពុជាខ្លួនឯង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ បន្ទាប់ពីបានកសាងនូវសមិទ្ធិផលធំៗដោយជោគជ័យជាបន្តបន្ទាប់ក្នុងរយៈពេល៣ឆ្នាំសម្រាប់វិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានប្រកាសពីការផ្តួចផ្តើមដ៏ថ្មីស្រឡាងមួយទៀត នោះគឺការបង្កើតនូវ «គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន» ហៅកាត់ថា (ស៊ីម៉ា) មានឈ្មោះជាភាសាអង់គ្លេស The Cambodian Committee for Media Assessment (CCMA) ដែលគណៈកម្មាធិការនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ដោយអនុញ្ញាតិឱ្យកម្ពុជាខ្លួនឯង មានឱកាសវាយតម្លៃអំពីស្ថានភាពនិងលំហរសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃវិស័យសារព័ត៌មានកម្ពុជាមិនមុនមកទេ។

តាមរយៈនេះសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុយ វណ្ណៈ បានប្រកាសថា ស.ស.ស.ក បានផ្តួចផ្តើមបង្កើត «គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន» ហៅកាត់ថា (ស៊ីម៉ា) មានឈ្មោះជាភាសាអង់គ្លេស The Cambodian Committee for Media Assessment (CCMA) ដើម្បីជាយន្តការថ្មីមួយដើរតួនាទីសរសេររបាយការណ៍វាយតម្លៃអំពីស្ថានភាព និងលំហរសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា។

គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន ផ្តើមចេញពីលទ្ធផលសមាជលើកទី២ របស់ស.ស.ស.ក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវិស័យសារព័ត៌មាននៅប្រទេសកម្ពុជា ដែលយើងរៀបចំយន្តការវាយតម្លៃខ្លួនឯង ឆ្លុះបញ្ចាំងពីខ្លួនឯង ហ៊ានទទួលស្គាល់ការពិតដើម្បីកែលម្អ ក៏ដូចជាស្នើសុំផ្នែកពាក់ព័ន្ធឲ្យចូលរួមកែលម្អរទាំងអស់គ្នា ដើម្បីធ្វើឲ្យគុណភាពសារព័ត៌មានកាន់តែប្រសើរឡើង ដើម្បីធ្វើឲ្យលំហរសេរីភាពនៅប្រទេសកម្ពុជាកាន់តែទូលំទូលាយ ធ្វើឲ្យសារព័ត៌មានមានតួនាទីកាន់តែសំខាន់នៅក្នុងដំណើរការប្រជាធិបតេយ្យ និងរួមចំណែកអភិវឌ្ឍសង្គមជាតិមួយមានវិបុលភាព សុខដុមរមនា និងចីរភាព។ យើងជាអ្នកសារព័ត៌មាននិងជាពលរដ្ឋរបស់ប្រជាជាតិមួយ យើងមិនគួរនៅស្ងៀម បន្តស្តាប់និងអានតែរបាយការណ៍របស់ភ្នាក់ងារបរទេសវាយតម្លៃពីខាងក្រៅ អំពីគុណតម្លៃសារព័ត៌មាននៅកម្ពុជានោះឡើយ។ យើងត្រូវតែឈរលើការពិតឆ្លុះបញ្ចាំងចេញពីខ្លួនយើងជាមុន ដើម្បីយកជាមូលដ្ឋានប្រៀបធៀបជាមួយនឹងរបាយការណ៍បរទេស ដើម្បីរកឲ្យឃើញនូវសុច្ចរិតភាពនៃរបាយការណ៍នីមួយៗ ហើយយកមកកែលម្អ។ យើងទទួលស្គាល់ថា៖ តួនាទីសារព័ត៌មាន ដែលមានគុណភាព សេរី និងប្រកបដោយវិជ្ជាជីវៈ គឺមានគុណតម្លៃរួមចំណែកជួយដល់សង្គមមួយមានអភិបាលកិច្ចល្អ និងធ្វើឲ្យលំហរប្រជាធិបតេយ្យកាន់តែទូលំទូលាយ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីបិទសមាជលើកទី២ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងគាំទ្រគំនិតផ្តួចផ្តើមនេះ ដោយលោកមានប្រសាសន៍បន្ថែមថា៖ «បរទេសដែលសរសេររបាយការណ៍អំពីសេរីភាពសារព័ត៌មាន គឺមួយចំនួនមិនមែនជាអ្នកកាសែតឬអ្នកសារព័ត៌មានផងទេ។ ចង់ឲ្យតួនាទីសារព័ត៌មានចូលរួមចំណែកលើកកិត្តិយសជាតិ គឺត្រូវចាប់ផ្តើមពីការលើកកិត្តិយសអ្នកសារព័ត៌មានជាមុន»។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា អ្នកសារព័ត៌មានកម្ពុជា នឹងចូលរួមជាមួយបេសកកម្មនេះ។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងនាមជា អនុប្រធានវេទិកាព័ត៌មាន ICAPP ក៏មានក្តីសង្ឃឹមដែរថា៖ នៅអនាគតដ៏ឆាប់ គណៈកម្មាធិការនេះ នឹងអាចពង្រឹងខ្លួនជាមួយដៃកាន់ទង់ជាតិកម្ពុជាចូលទៅជាសមាជិក អ្នកសង្កេតការណ៍ក្នុងយន្តការ សហភាពអន្តរសភា IPU និងជាអ្នកសង្កេតការណ៍ក្នុងយន្តការព័ត៌មានរបស់ អង្គការសហប្រជាជាតិ (UN)។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមភ្ជាប់ជូនយន្តការការងាររបស់ «គណៈកម្មាធិការកម្ពុជាវាយតម្លៃសេរីភាពសារព័ត៌មាន» ហៅកាត់ថា (ស៊ីម៉ា), The Cambodian Committee for Media Assessment (CCMA)៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation