ប្រធានាធិបតីហុងគ្រីនិងលោកជំទាវអញ្ជើញបំពេញទស្សនកិច្ចប្រាសាទបុរាណខ្មែរនៅទឹកដីអង្គរដ៏ពិសិទ្ធិ
| ព័ត៌មានជាតិ
SHARE

សៀមរាប ៖ ឯកឧត្តម យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងលោកជំទាវ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរចំនួនពីរថ្ងៃ គឺពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដើម្បីទស្សនាប្រាសាទបុរាណខ្មែរ និងស្វែងយល់ពីប្រវត្តិសាស្ត្រ អារ្យធម៌ និងភាពដ៏អស្ចារ្យនៃសំណង់ប្រាសាទបុរាណខ្មែរ។

ដោយធ្វើដំណើរតាមជើងយន្តហោះពិសេស ឯកឧត្តមប្រធានាធិបតីនិងលោកជំទាវ បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបនៅវេលាម៉ោង១១:១០នាទី និងទទួលបានគារវកិច្ចយ៉ាងស្និតស្នាលជាទីបំផុតពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មន្ត្រីអ្នកមុខអ្នកការ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងពេលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមប្រធានាធិបតីនិងលោកជំទាវ បានស្នាក់នៅរាជធានីភ្នំពេញចំនួន២ថ្ងៃដោយបានចូលគាល់​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជួបសម្តែងការគួរសមពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមប្រធានាធិបតីហុងគ្រីនិងលោកជំទាវ បានធ្វើឡើងតបតាមការអញ្ជើញ​របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation