សម្តេចតេជោ ដាក់ចេញវិធានការរួម ៨ចំណុចដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យការងារនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរខួប ១០០ឆ្នាំ ថ្ងៃបង្កើត អង្គការអន្តរជាតិខាងការងារ និងខួប៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការអន្តរជាតិខាងការងារ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីជំរុញការអនុវត្តគោលនយោបាយ ស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម មុរបរ និងការងារ ការគាំពារសង្គម ពិសេសដើម្បីលើកកម្ពស់សុខុមាលភាពកម្មករ និយោជិត និងទំនាក់ទំនងវិជ្ជាជីវៈ សម្តេចតេជោនាយករដ្ឋមន្ត្រីបានចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ និយោជិត គិតចាប់ពីថ្ងៃ ២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ ថ្ងៃទី ២៨ខែមីនា ឆ្នាំ២០១៩ គឺមានរយៈពេល ១៩ខែ ៨ថ្ងៃ បានចំនួន ៦៦លើក សរុបកម្មករ និយោជិតចំនួនជិត ៩ សែន ៥ម៉ឺននាក់។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តទៀតថា តាមរយៈការចុះជួបសួរសុខទុក្ខ បងប្អូនកូនក្មួយ កម្មករ កម្មការិនី ដោយផ្ទាល់នោះ សម្តេចតេជោ បានពិនិត្យឃើញនូវបញ្ហាប្រឈមមួយចំនួន និងបានដាក់ចេញនូវគោលការណ៍ និងវិធានការជាច្រើន ដែលបានអនុវត្ត និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងរួមមាន៖

១) អនុវត្តគោលនយោបាយធានាការពារសិទ្ធិការងារលក្ខខណ្ឌការងារស្របច្បាប់ និងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជា បានផ្ដល់សច្ចាប័ន។ រាជរដ្ឋាភិបាលបានចាត់ទុកការអនុវត្តសិទ្ធិការងារគឺជាការអនុវត្តសិទ្ធិមនុស្សដោយបានដាក់ចេញនូវ នយោបាយផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារសហការជាមួយនឹងគម្រោងឃ្លាំមើលលក្ខខណ្ឌការងារនៅកម្ពុជាដែលបច្ចុប្បន្នជាគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាដែលបង្ហាញពីឆន្ទៈនិងតម្លាភាពនៃបរិយាកាសការងារនៅកម្ពុជា។

២)ផ្ដោតយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍទំនាក់ទំនងវិជ្ជាជីវៈតាមរយៈបន្តយន្តការត្រីភាគីដើម្បីដោះស្រាយបញ្ហាជាច្រើនទាក់ទងទៅនឹងសិទ្ធិនិងផលប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក។ជាក់ស្ដែងគណៈកម្មាធិការប្រឹក្សាការងារបានបង្កើតក្រុមការងារ ត្រីភាគីបានដោះស្រាយប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងបាន កើនឡើងពី៤០ ដុល្លារ ២៤០ ដុល្លារក្នុងមួយខែដល់ឆ្នាំ ១៩៩៧ និង១៨២ ដុល្លារក្នុងមួយខែ នាឆ្នាំ ២០១៩ នេះបានបើកផ្ដល់ ពីរដងក្នុងមួយខែ។

៣) បន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈតាមរយៈការអនុវត្តច្បាប់ស្តីពីការងារនិងច្បាប់ស្ដីពីសហជីព។គិតមកដល់ខែធ្នូ ឆ្នាំ២០១៨ ចំនួនសហជីពសរុបដែលបានចុះបញ្ជីនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានចំនួន ៤,៨៣៨ ក្នុងនោះសហជីពមូលដ្ឋាន ចំនួន៤,៦២១ សហព័ន្ធសហជីពចំនួន១៨០ សហភាពសហជីពចំនួន២៨ និងសមាគមនិយោជកចំនួន៩។

៤) ផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍអនាម័យ និងសន្តិសុខការងាររបស់កម្មករនិយោជិតជំរុញឲ្យរោងចក្រសហគ្រាស ទាំងអស់ មានគិលានដ្ឋានប្រអប់សង្គ្រោះបន្ទាន់ប្រចាំរោងចក្រ មានកន្លែងហូបបាយ មានបន្ទប់បំបៅកូន និងមានទារកដ្ឋាន ដើម្បីកាត់បន្ថយបញ្ហាដួលសន្លប់គ្រោះថ្នាក់ការងារបង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត។

៥)បន្ទាប់អនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមតាមរយៈការអភិវឌ្ឍរបបសន្តិសុខសង្គមដែលមកដល់ពេលនេះមានសហគ្រាសគ្រឹះស្ថានជាងមួយលាននាក់កំពុងទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ។ នៅឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យដំណើរការរបបសោធននិវត្តន៍សម្រាប់កម្មករនិយោជិត និងហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈព្រមទាំងរៀបចំ កិច្ចសហប្រតិបត្តិការខ្ជាប់របបសន្តិសុខសង្គមជាមួយនឹងប្រទេសដែលទទួលពលករកម្ពុជា។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបាន អនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីទាំងក្នុងនិងក្រៅប្រព័ន្ធនិងមន្ត្រីសាធារណៈនៅពេលសម្រាលកូនហើយមួយ មកដល់ពេលនេះកម្មការិនីសរុបចំនួន ៦ម៉ឺន ពាន់នាក់និងចំនួនកូនជិត ៦ម៉ឺនប្រាំមួយពាន់នាក់ដោយសរុបជាទឹកប្រាក់ជិត ៦លានប្រាំមួយសែនដុល្លារ។ ដោយឡែកស្ត្រីដែលមានកូនភ្លោះ៣ ត្រូវបានទទួលថវិកាពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៥លានរៀលបន្ថែមទៀត។

៦)បន្តយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងបង្កើនមុខរបរថ្មីៗ។ បន្តអភិវឌ្ឍសេវារកការងារធ្វើជូនដល់ប្រជាពលរដ្ឋតាមរយៈការផ្ដល់ព័ត៌មានអំពីតម្រូវការការងាររបស់សហគ្រាស គ្រឹះស្ថានដល់យុវជនយុវនារីដែលកំពុងស្វែងរកការងារធ្វើនិងជួយដល់សហគ្រាសគ្រឹះស្ថានក្នុងការស្វែងរកកម្លាំងពលកម្មតាមតម្រូវការ។

៧)បន្តភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអង្គការអន្តរជាតិខាងការងារ។ ដែលកន្លងមករាជរដ្ឋាភិបាលបានរួមគ្នាអនុវត្តប្រកបដោយ ជោគជ័យនូវកម្មវិធីការងារសមរម្យចំនួន៤ លើករួចមកហើយចាប់ពីឆ្នាំ២០០៥ ជាមួយនឹងដៃគូរតំណាងត្រីភាគី ហើយថ្ងៃនេះក៏នឹង មានជាការចុះហត្ថលេខាលើអនុស្សរណៈបន្តដើម្បីអនុវត្តលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាលើកទី៥ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ សំដៅសម្រេចឲ្យបាននូវការងារអាទិភាពសំខាន់ៗដូចជាលើកកម្ពស់មុខរបរ និងការងារ និងការអភិវឌ្ឍ សហគ្រាសប្រកបដោយចីរភាព ការពង្រឹង និងពង្រីកកិច្ចគាំពារសង្គមព្រមទាំងសុខភាពនិងសុវត្ថិភាពការងារ និងធ្វើឲ្យប្រសើរ ឡើងនូវទំនាក់ទំនងវិជ្ជាជីវៈនៅប្រសិទ្ធភាពការងារ។

៨)បន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍលក្ខខណ្ឌការងារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈលើកកម្ពស់គម្រោងបរិស្ថានសង្គមនិងការងារក្នុងវិស័យវាយនភណ្ឌនិងកាត់ដេរក្នុងតំបន់អាស៊ីគម្រោងផ្ដួចផ្ដើមគំនិតកិច្ចព្រមព្រៀងសកល និងគម្រោងផ្សេងៗជាច្រើនទៀត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation