ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាទទួលរៀបចំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃសមាគមតុលាការធម្មនុញ្ញ ហ្វ្រង់កូហ្វូន ACCF
| ព័ត៌មានជាតិ
SHARE

សៀមរាប ៖ នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានទទួលរៀបចំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (Association Des Cours Constitutionelles Francophones- ACCF) ដែលកិច្ចប្រជុំនេះដឹកនាំដោយឯកឧតុ្តមប្រធានតុលាការ កំពូលនៃប្រទេសកាណាដា លោក Wagner Richard ដែលបានទទួលអាណត្តិជាប្រធានសមាគមតុលាការ ធម្មនុញ្ញហ្វ្រង់កូហ្វូន (ACCF) និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំចំនួន ២២ រូប នៃក្រុមប្រឹក្សា ធម្មនុញ្ញ តុលាការធម្មនុញ្ញ និងតុលាការកំពូល មកពីប្រទេសចំនួន១១ ដែលក្នុងនោះមានថ្នាក់ដឹកនាំ កំពូលចំនួនប្រាំរូប រួមមាន ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Meyer ULRICH ប្រធានតុលាការសហព័ន្ធស្វីស ឯកឧត្តម Papa Oumar SAKHO ប្រធានក្រុម ប្រឹក្សាធម្មនុញ្ញនៃប្រទេសសេណេហ្គាល់ ឯកឧត្តម François DAOÛT ប្រធានតុលាការធម្មនុញ្ញនៃ ប្រទេសប៊ែលហ្សិក និងលោកជំទាវ MANASSA DANIOKO ប្រធានតុលាការធម្មនុញ្ញនៃប្រទេសម៉ាលី ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាធម្មនុញ្ញ តុលាការធម្មនុញ្ញ និងតុលាការកំពូលនៃប្រទេស រ៉ូម៉ានី បារាំង ម៉ារ៉ុក និងប្រទេសហ្គាបុង។

កិច្ចប្រជុំនេះបានធ្វើការពិភាក្សា និងសម្រេចលើរបៀបវារៈមួយចំនួនរួមមាន ការអនុម័តសេចក្ដីព្រាង កំណត់ហេតុប្រជុំនៃកិច្ចប្រជុំលើកមុន ការបូកសរុបសមទ្ធផលការងារ និងទិសដៅការងាររបស់សមាគម ការពិនិត្យសម្រេចលើកម្មវិធីប្រជុំបីឆ្នាំម្តង ការពិនិត្យសម្រេចលើការរៀបចំគេហទំព័ររបស់សមាគម ការពិនិត្យ សម្រេចលើស្ថានភាពហិរញ្ញវត្ថុរបស់សមាគម ការពិនិត្យសម្រេចលើកិច្ចសហប្រតិបត្តិការរវាង សមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន(ACCF)ជាមួយនឹងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (Organisation Internationale de la Francophonie - OIF) ការពិនិត្យសម្រេចលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយនឹង សន្និសីទយុត្តាធិការធម្មនុញ្ញអាហ្រ្វិក(Conférence des Juridictions Constitutionnelles Africaines - CJCA)

គូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (ACCF) ត្រូវរៀបចំកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍របស់ខ្លួននៅតាមបណ្តាប្រទេសជាសមាជិកអចិន្ត្រៃយ៍។ ដោយឡែកសម្រាប់ឆ្នាំ ២០១៩នេះ ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសត្រូវបានកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ នៃសមាគម តុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន ស្នើសុំឱ្យទទួលរៀបចំកិច្ចប្រជុំជាលើកទី១ ក្នុងនាមជាសមាជិកគណៈអចិន្ត្រៃយ៍នៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (ACCF) ។ នេះក៍ជាការប្រជុំលើកទី១របស់សមាគមACCF នៅទ្វីបអាស៊ីចាប់តាំងពីពេលសមាគមនេះ ត្រូវបានបង្កើតឡើង។
សមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (ACCF) នេះ ដែលទើបតែប្តូរពីឈ្មោះ ACCPUF នៅឆ្នាំ២០១៩ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ក្រោមការផ្តួចផ្តើមគំនិតពីក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេសបារាំង។ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិក នៃសមាគមតុលាការធម្មនុញ្ញ ហ្វ្រង់កូហ្វូន (ACCF) ក្នុងឆ្នាំ១៩៩៨។ បច្ចុប្បន្នសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (ACCF) មានសមាជិកសរុបចំនួន ៤៨ ប្រទេស ដែលសុទ្ធសឹងតែជាប្រទេសដែលនិយាយភាសាបារាំង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation