ហុងគ្រី សន្យាជួយដោះស្រាយបញ្ហាទឹកស្អាត, សំណល់រឹងនិងរាវ នៅក្នុងប្រទេសកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៨ ខែតុលានេះ បានជួបពិភាក្សា យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីហុងគ្រី នៅវិមានសន្តិភាព។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងនៅក្រោយជំនួបថា ​ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីហុងគ្រី បានជម្រាបសម្ដេចតេជោថា ឯកឧត្ដមបានជួប ជាមួយព្រះករុណា ក៏បានយាងព្រះករុណា ទៅធ្វើព្រះរាជទស្សនកិច្ច នៅប្រទេសហុងគ្រីផងដែរ។

ឯកឧត្តម អាឌ័រ បានមានប្រសាសន៍ថា នេះជាលើកទី៣ហើយ ដែលឯកឧត្តមបានជួបជាមួយ សម្ដេចតេជោ តែក្នុងរយៈពេល៦ខែប៉ុណ្ណោះ ហើយជំនួបនេះ គឺជាជំនួបដ៏ពិសេស។ ឯកឧត្តមបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជានៅពេលនេះ​បានឃើញ ហើយក៏មិនអាចស្មានដល់ថា ភ្នំពេញកាលពីឆ្នាំ១៩៧៩ ​មានមនុស្សតែ៧០នាក់​ប៉ុណ្ណោះ ព្រោះតែភ្នំពេញនៅពេលនេះ គឺជាទីក្រុងមួយ ដែលមានសកម្មភាពយ៉ាងមមាញឹក ហើយការអភិវឌ្ឍក៏មានការរីកចម្រើនយ៉ាងឆាប់រហ័ស គួរជាទីចាប់អារម្មណ៍ផងដែរ។ ក្នុងន័យនេះ ដើម្បីចូលរួមជាមួយនឹង ការអភិវឌ្ឍរបស់កម្ពុជាបន្តទៀត​ ឯកឧត្តមសន្យានឹង សូមបញ្ជូនអ្នកជំនាញការរបស់ហុងគ្រី ដើម្បីមកជួយកម្ពុជា ក្នុងការសិក្សាលើបញ្ហាទឹកស្អាត បញ្ហាសំរាម ទាំង​សំណល់រឹងនិងសំណល់រាវ និងបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍទីក្រុង ហើយបន្ទាប់ពីការសិក្សាហើយ ក្រុមអ្នកជំនាញរបស់ហុងគ្រី នឹងផ្ដល់ជូននូវបច្ចេកវិទ្យា ​និងដំណោះស្រាយ ​បញ្ហាទឹកស្អាត បញ្ហាសំណល់រឹង សំណល់រាវ នៅកម្ពុជា។

ពីនោះទៀត ដើម្បីជំរុញការអភិវឌ្ឍកម្ពុជា រយៈពេលវែង ទាំងសង្គម ទាំងធនធានមនុស្ស ទាំងសុខភាព ប្រធានាធិបតីហុងគ្រី បានលើកឡើងសាជាថ្មីទៀតថា ហុងគ្រីនៅតែបន្តគាំទ្រកម្ពុជា និងស្នើសុំ​មិនឲ្យមានការដកហូត EBA ពីកម្ពុជាឡើយ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូន ចំពោះឯកឧត្តម នូវអ្វីដែលឯកឧត្តម បានលើកឡើង។ សម្ដេចបានមានប្រសាសន៍ថា ជំនួប​ជាលើកទី៣នេះ គឺជាការ​កសាង​និងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរឡើងវិញ ដែលជាទំនាក់ទំនង​កម្ពុជានិងហុងគ្រី មានរយៈពេល​ជាង៦០ឆ្នាំមកហើយ។ ​សម្ដេចតេជោ ​ក៏បានថ្លែងអំណរគុណ ជូនចំពោះហុងគ្រី ដែលបានផ្ដល់នូវការគាំទ្រដល់កម្ពុជា ជាពិសេសលើឯកសារ ដែលបានចុះហត្ថលេខាកន្លងមកនោះគឺ គម្រោងតេជោភូមិ១០០, សកម្មភាពដោះមីន ដើម្បីជំរុញនៅកម្ពុជា ដែលជាប្រទេសគ្មានមីននៅឆ្នាំ២០២៥ និងផ្ដល់អាហារូបករណ៍ ជូនដល់សិស្សកម្ពុជា ចំនួន១៥ក្នុងមួយឆ្នាំ។

ពាក់ព័ន្ធនឹងបញ្ហាទឹកស្អាត និងសំរាមវិញ សម្ដេចតេជោ បានស្នើសុំឲ្យភាគីហុងគ្រី បញ្ជូនអ្នកជំនាញ ដើម្បីមកធ្វើការសិក្សា​ និងចូលរួមសហការជាមួយកម្ពុជា លើទាំងបញ្ហាទឹកស្អាត បញ្ហាសំណល់រឹង និងសំណល់រាវ។ សម្ដេចតេជោបន្ថែមថា យើងត្រូវផ្តល់អាទិភាព លើកិច្ចសហប្រតិបត្តិការនេះ នៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងផ្សេងទៀត នៅតាមដងសមុទ្រ និងតាមដងទន្លេមេគង្គ។ សម្ដេច ​បានផ្ដល់ការងារនេះ ជូនដល់ក្រសួងបរិស្ថាន ដើម្បីបន្តការពិភាក្សាជាមួយនឹងភាគីហុងគ្រី ហើយក៏បានស្នើឲ្យភាគីហុងគ្រី បញ្ជូនប្រតិភូអ្នកជំនាញការ មកកម្ពុជា ដើម្បីពិភាក្សារួមជាមួយគ្នា ជាមួយក្រសួងបរិស្ថាន ក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ៕ អត្ថបទ ៖ សន ពិសិដ្ឋ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation