និស្សិត ដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន ​ប្តេជ្ញាចិត្តនាំយកចំណេះដឹង ត្រឡប់មកជួយអភិវឌ្ឍន៍មាតុភូមិវិញ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ដោយលើកឡើង នៅក្នុងពិធីជប់លៀង ជូនដំណើរនិស្សិតជាប់អាហារូបករណ៍រដ្ឋាភិបាលជប៉ុន ដែលធ្វើឡើង នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមីនា, ក្រុមនិស្សិតជាប់អាហារូបករណ៍ បានបង្ហាញនូវការយល់ឃើញ ពីភាពរីកចម្រើនរបស់ប្រទេសជប៉ុន ដែលធ្វើឲ្យខ្លួន ចាប់អារម្មណ៍ ក្នុងការដាក់ពាក្យប្រឡងយកអាហារូបករណ៍នេះ។


ព្រមជាមួយនោះ ក្រុមនិស្សិតអាហារូបករណ៍ ក៏បានប្តេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីនាំយកនូវចំណេះដឹង ដែលខ្លួនបានសិក្សានៅប្រទេសជប៉ុននោះ មកចែករំលែកបន្ត និងប្រើប្រាស់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។


គួរជម្រាបថា សម្រាប់ឆ្នាំ២០១៩នេះ មាននិស្សិតកម្ពុជាចំនួន២៥ បានប្រឡងជាប់ ទទួលបានអាហារូបករណ៍ រដ្ឋាភិបាលជប៉ុន លើមុខជំនាញផ្សេងៗគ្នា ហើយនឹងធ្វើដំណើរចេញទៅសិក្សា នៅប្រទេសជប៉ុន នាអំឡុងខែមេសាខាងមុខនេះ​។​
 
ឯកឧត្ដម ពិត ចំណាន ​រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា នៅក្នុងឱកាសនោះ ក៏បានអបអរសាទរ ចំពោះក្រុមនិស្សិតកម្ពុជា ទាំង២៥រូប ដែលបានប្រឡងជាប់អាហាររូបករណ៍ ក្នុងចំណោមបេក្ខជន ដែលបានដាក់ពាក្យប្រឡងជិត៧០០នាក់។ ឯកឧត្តម បានចាត់ទុកថា ការជួយជ្រោមជ្រែង លើវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស របស់រដ្ឋាភិបាលជប៉ុន គឺជារឿងដ៏សំខាន់ចាំបាច់បំផុត។ ឯកឧត្តមបានបន្ថែមថា ប្រទេសជប៉ុន គឺជាប្រទេសឈានមុខមួយ ក្នុងការជួយអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា។


ដោយឡែក ឯកឧត្តម ហូរីណូអុជិ ហ៊ីដេហ៊ីសា អគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ​បានបង្ហាញការជឿជាក់ថា ដែលជាប់អាហារូបករណ៍ នាពេលនេះ គឺនឹងក្លាយទៅជាសសរទ្រូង នៃការរីកចម្រើនរបស់ប្រទេសកម្ពុជា បន្ទាប់ពីត្រឡប់មកមាតុភូមិវិញ។ ឯកឧត្តមទូត សង្ឃឹមដែរថា និស្សិតកម្ពុជា នឹងទទួលបានចំណេះដឹង​ការសិក្សា ព្រមទាំងស្គាល់ពីវប្បធម៌ជប៉ុនផ្សេងៗ និងបង្កើតឱកាសជាច្រើន ហើយនៅពេលអនាគតនិស្សិត​អាហារូបករណ៍រដ្ឋាភិបាលជប៉ុន នឹងផ្តល់នូវតួនាទីជាស្ពានមិត្តភាព រវាងជប៉ុននិងកម្ពុជាផងដែរ៕

អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation