ព័ត៌មានជាតិ

ប្រធានកាកបាទក្រហមកម្ពុជាចូលគាល់ព្រះមហាក្សត្រ

image

ភ្នំពេញ៖​ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។

ទន្ទឹមនឹងការទូលថ្វាយរបាយការណ៍ស្តីពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយនូវថវិកា ចំនួន ៥០ម៉ឺនដុល្លារ ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងថ្វាយ សម្តេចព្រះវររាជមាតាជាតិខ្មែរ​ ជាទីសក្ការៈចំនួន ៥០ម៉ឺនដុល្លារ ដើម្បីរួមវិភាគទានដល់ព្រះរាជសកម្មភាពមនុស្សធម៌របស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង​ សម្តេចព្រះវររាជមាតាជាតិខ្មែរ​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូលកោតសរសើរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំកាកបាទក្រហមកម្ពុជា ដោយយកចិត្តទុកដាក់ គិតគូរជួយសម្រាលការលំបាកដល់ប្រជានុរាស្ត្រខ្មែរដោយគ្មានការរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ។

ទន្ទឹមនឹងនោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានប្រោសព្រះរាជទានសៀវភៅស្តីពីសមិទ្ធផល​នានា និងកម្រងព្រះរាជសកម្មភាពរបស់​ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ​ ព្រមទាំងប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៦ពាន់ដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ក្នុងឆមាសទី ២ (ខែកក្កដា ដល់ខែធ្នូ) ឆ្នាំ២០១៨ នេះ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុត និងព្រះមហាករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមប្តេជ្ញាដង្ហែតាមលំអានព្រះរាជវីរគំរូដ៏ប្រពៃថ្លៃថ្លានៃ ព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ជារៀងដរាប៕