អាជីវករក្នុងផ្សារបាក់ខ្លងសម្រេចចិត្តញ៉ុកស្បោងកាកសំណល់ក្រោមតូបលក់ដូរ ស្របពេលអវត្តមានរថយន្តប្រមូលសំរាមជាងកន្លះខែ
| ព័ត៌មានជាតិ
SHARE

កោះកុង ៖បាត់មុខម្ចាស់ក្រុមហ៊ុនប្រមូលសំរាមជាងកន្លះខែ និងអវត្តមានរថយន្តដឹកសំរាម ក្រុមអាជីវករក្នុងផ្សារបាក់ខ្លងសម្រេចចិត្ត យកស្បោងកាកសំណល់សំរាមស្អុយរលួយគ្រប់ប្រភេទញ៉ុកក្រោមតូបលក់ដូរ ណែនណាន់តាន់តាប់ បង្ករការភ្ញាក់ផ្ញើល ដល់មជ្ឈដ្ឋានមហាជន ក៏ដូចជាភ្ញៀវទេសចរដែលមកលេងកម្សាន្តតាមតំបន់ឆ្នេរ ខណៈផ្សារមួយនេះនៅជាប់និងរមណីយដ្ឋានឆ្នេរបាក់ខ្លង ស្របពេលដែលភ្ញៀវទេសចរចូលទិញម្ហូបអាហារគ្រឿងសមុទ្រស្រស់ៗយកមក អាំង ធ្វើម្ហូប អង្គុយញ៉ាំលំហែរកាយតាមមាត់ឆ្នេរ។

ក្រុមអាជីវករទាំងអស់ក្នុងផ្សារបាក់ខ្លងក៏ដូចជាប្រជាពលរដ្ឋនៅតាមទីប្រជុំជននានា បានលើកឡើងស្រដៀងៗគ្នាថា រាល់សកម្មភាពដែលពួកគាត់បានប្រព្រឹត្តឡើងនេះ គឺគ្មានជម្រើសណាមួយក្រៅពីធ្វើបែបនេះ នោះទេ មានអ្នកខ្លះឈានដល់ហ៊ានយកសំរាមស្អុយរលួយដែលកកស្ទះជាច្រើនថ្ងៃ ទៅបោះចោលក្នុងទឹកសមុទ្រ តាមព្រែកទៀតផង ព្រោះតែ ទ្រាំចាំនូវភាពយឺតយ៉ាវរបស់ក្រុមហ៊ុនប្រមូលសំរាមលែងបាន។

ដោយមើលឃើញនូវការកកស្ទះសំរាមមានរយៈពេលយូរថ្ងៃ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ លោក ប្រាក់ វិចិត្ត អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំរដ្ឋបាលឃុំ/ស្រុក បើកកិច្ចប្រជុំភិក្សាជាមួយក្រុមហ៊ុនប្រមូលសំរាមដើម្បីស្វែងរកបញ្ហាប្រឈមនានា ក្នុងការប្រមូលសំរាមនៅក្នុងស្រុកមណ្ឌលសីមា។

ជាលទ្ធផលក្នុងកិច្ចប្រជុំ ឃើញថាបញ្ហាប្រឈមដែលអាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនប្រមូលសំរាមបានជូបប្រទះនោះ គឺទី១ការយល់ដឹងពីបញ្ហាសំរាមសម្រាប់ពលរដ្ឋនៅមានកម្រិត និងទី២បញ្ហាដែលប្រឈមខ្លាំងជាងគេនោះ គឺទីលានចាក់សំរាម ដែលបច្ចុប្បន្ននៅក្នុងស្រុកមណ្ឌលសីមានៅពុំទាន់មានទីតាំងសម្រាប់ចាក់សំរាមនៅឡើយ ដោយទីតាំងចាស់ត្រូវបានលោក ហាក់ ឡេង អតីតអភិបាលស្រុកមណ្ឌលសីមាយកឡើងវិញ ដោយមិនអោយមានការចាក់សំរាមនៅលើដីឯកជនរបស់គាត់បន្តទៀតនោះទេ។

បើតាមការលើកឡើងពីលោក ប្រាក់ វិចិត្ត អភិបាលស្រុកមណ្ឌលសីមា បានឲ្យដឹងថាចំពោះបញ្ហាដែលយើងបានរកឃើញនាពេលនេះ ដែលជាបញ្ហាប្រឈមខ្លាំងបំផុត ពោលគឺបញ្ហាទីលានចាក់សំរាមតែម្តង ដែលបច្ចុប្បន្នខាងស្រុកមណ្ឌលសីមាយើងនៅពុំទាន់មាននៅឡើយ ហេតុនេះហើយការសម្រេចរបស់អង្គប្រជុំគឺខាងអាជ្ញាធរនឹងធ្វើលិខិតស្នើរសុំទៅលោកជំទាវអភិបាលខេត្តដើម្បីអោយខាងក្រុមហ៊ុនដឹកសំរាមយកទៅចោលបណ្តោះអាសន្ន នៅទីលានចាក់សំរាមក្រុងខេមរភូមិន្ទសិន ហើយចំពោះបញ្ហាដែលបណ្តាលឲ្យមានការកកស្ទះសំរាមយូរថ្ងៃនោះ គឺដោយសារតែបុគ្គលិកខាងក្រុមហ៊ុនប្រមូលសំរាមសំរាកនាពេលបុណ្យភ្ជំ និងដោយសាររថយន្តមានបញ្ហាផង ដែលជាហេតុធ្វើឲ្យពលរដ្ឋមួយចំនួនមានការអាក់អន់ស្រពន់ចិត្តជាមួយខាងក្រុមហ៊ុន ក៏ដូចជាខាងអាជ្ញាធរ។

លោកបានបន្តថា អាជ្ញាធរស្រុកមណ្ឌលសីមា មិនបានព្រងើយកន្តើយពីបញ្ហាអនាម័យបរិស្ថាននោះឡើយ ដោយកន្លងមកអាជ្ញាធរតែងតែធ្វើការបញ្ជ្រាបនូវចំណេះ ចំណេះធ្វើ ផ្នែកអនាម័យ បរិស្ថានតាមរយៈវេទិកាសាធារណៈនានា ដល់បងប្អូនប្រជាពលរដ្ឋជានិច្ច ហើយនៅក្នុងកិច្ចប្រជុំនេះដែរលោកក៏បានជំរុញឲ្យខាងក្រុមហ៊ុន ក៏ ដូចជាអាជ្ញាធរមូលដ្ឋានជួយក្នុងការបញ្ជ្រាបការយល់ដឹងបន្ថែមដល់ពលរដ្ឋតាមរយៈ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ ក៏ដូចជាការបញ្ជ្រាបនៅតាមវេទិកា និង អង្គប្រជុំនានា ដើម្បីឲ្យពលរដ្ឋយើងកាន់តែយល់ច្បាប់និងងាកមកស្រលាញ់សំរាម ដោយមិនបោះចោលសំរាមផ្តេសផ្តាស់នៅតាមទីសាធារណៈនានា និងងាកមកធ្វើការវេចខ្ចប់ និង ចោលសំរាមនៅតាមធុងសំរាមវិញ។

ដោយឡែក លោក មឿន បូរិន ដែលជាម្ចាស់ក្រុមហ៊ុនប្រមូលសំរាមបានបញ្ជាក់ថា ក្នុងការចុះប្រមូលសំរាមរបស់ក្រុមហ៊ុនលោក គឺមានការកំណត់ច្បាស់លាស់ តែចំពោះបញ្ហាចន្លោះប្រហោងបន្តិចបន្តួចនោះ គឺដោយសារពេលខ្លះចំថ្ងៃក្រុមហ៊ុនឈប់សម្រាក និងពេលខ្លះគ្រឿងចក្រខួចដែលជាហេតុនាំអោយមានភាពយឺតយ៉ាវ ហើយសម្រាប់ខែថ្មីនេះ ខាងក្រុមហ៊ុននិងបញ្ជ្រាបព័ត៌មានពីមូលហេតុនៃការអាក់ខានតាមរយៈអាជ្ញាធរមូលដ្ឋានដើម្បីអោយពួកគាត់អាចជូនដំណឹងដល់ពលរដ្ឋបានដឹងទាន់ពេលវេលា ម៉្យាងខាងក្រុមហ៊ុនមានការប្រឈមខ្លាំងដោយសារនៅក្នុងស្រុកមណ្ឌលសីមានៅពុំទាន់មានទីលានចាក់សំរាមនៅឡើយ ព្រោះសំរាមក្នុងស្រុកមណ្ឌលសីមា នាពេលបច្ចុប្បន្នមានការកើនឡើងនៅសំរាមជាច្រើនតោនក្នុងមួយថ្ងៃៗ៕ដោយ៖តាំង សុន្នី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation