ក្រុមឈ្មួញកាយភ្នំនិងរថយន្តដឹកអាចម៌ដី កំពុងបំផ្លាញផ្លូវមួយចំនួនក្នុងក្រុងខេមរភូមិន្ទ
| ព័ត៌មានជាតិ
SHARE

កោះកុង ៖ រថយន្តដឹកអាចម៌ដី ដឹកបន្តកន្ទុយគ្នាដូចហែរកឋិន ចេញពីចំណុចទីតាំង២៩៧ ឬហៅថាចំណុចជីវពលចម្ការខ្នុរ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃដែលបានធ្វើដំណើរតាមដងផ្លូវ១ខ្សែនេះ កំពុងជួបផលលំបាក ខណៈបច្ចុប្បន្ន រងការខូចខាតជាងពាក់កណ្តាលទៅហើយ នៅពុំទាន់ឃើញមានអាជ្ញាធរឬមន្ត្រីជំនាញចុះធ្វើការហាមឃាត់នៅឡើយ។  

ប្រជាពលរដ្ឋម្នាក់ធ្វើដំណើរចេញពីភូមិស្មាច់ង៉ាមឆ្លងកាត់ផ្លូវ១ខ្សែនេះ បានបង្ហើបអោយដឹងថា ក្នុងមួយរយៈពេល ចាប់ពីដើមឆ្នាំ២០១៩មកដល់ពេលនេះ រថយន្តដឹកអាចម៌ដីរបស់ក្រុមឈ្មួញធ្វើអាជីវកម្មរ៉ែ កំពុងកាយភ្នំយកអាចម៌ដីលក់ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននោះ ក្នុង១ថ្ងៃរាប់រយឡាន ដោយពុំគិតដល់ការខូចខាតផ្លូវសាធារណៈនោះឡើយ។

បើតាមការបញ្ជាក់ពីរដ្ឋបាលក្រុងខេមរភូមិន្ទ ថា តំបន់ដែលក្រុមឈ្មួញកំពុងធ្វើអាជីវកម្ម រ៉ែ ថ្ម និងអាចម៌ដី នាពេលនេះ ខាងរដ្ឋបាលខេត្តកោះកុង នៅពុំទាន់ចេញសិទ្ធិអាជ្ញាប័ណ្ណអោយធ្វើអាជីវកម្មនៅឡើយ ព្រោះខ្លាចខុសច្បាប់ ក្រោមហេតុផលនៃអនុក្រឹត្យ លេខ ៨០ អន ក្រ . បក ចុះ ថ្ងៃ ទី ០៩ ខែឧសភា ឆ្នាំ ២០១៦ ដែល ចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់យកផ្ទៃដីចំនួន ១៤៤២៧៥ ហិកតា ស្ថិតក្នុងក្រុង-ស្រុកចំនួន៣ ក្នុងនោះមាន ក្រុងខេមរៈភូមិន្ទ, ស្រុកកោះកុងនិងស្រុកថ្មបាំង ត្រូវតែរក្សាទុកជា ដែនជម្រកសត្វព្រៃតាតៃ ។

នៅថ្ងៃទី២២ ខែតុលាឆ្នាំ ២០១៩ លោក អន ដាវុធ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន បានបញ្ជាក់ថា ពាក់ព័ន្ធជាជាមួយការខូចខាតផ្លូវ១ខ្សែនេះ លោកនឹងពិភាក្សាជាមួយខាងអាជ្ញាធរក្រុងដើម្បី ធ្វើការពិនិត្យ និងចាត់វិធានការ ប្រសិនបើរកឃើញថាមានរថយន្តដឹកដីរបស់ក្រុមហ៊ុនណាមួយបានប្រព្រឹត្តផ្ទុយ និងមិនព្រមអនុវត្តទៅតាមកិច្ចសន្យារបស់ខ្លួនជាមួយជំនាញពាក់ព័ន្ធ  ព្រោះថាគ្រប់រថយន្តដឹកជញ្ជូនអាចម៍ដីទាំងអស់ ត្រូវតែធ្វើកិច្ចសន្យាជាមួយខាងជំនាញរ៉ែ ថាមពល មុននឹងខាងជំនាញចេញអាជ្ញាប័ណ្ណអាជីវកម្មអោយ តែខាងលោកនៅពុំទាន់ទទួលបាព័ត៌មានពីខាងជំនាញរ៉ែនៅឡើយទេ ព្រោះរាល់ការពិនិតហើយលើសកម្មភាពរថយន្តធ្វើអាជីវកម្មដឹកដីទាំងអស់ភាគច្រើនធ្វើឡើងដោយមន្ត្រីជំនាញរ៉ែជាអ្នកឃ្លាំមើលជាប្រចាំ ។

ដោយឡែក លោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែនិងថាមពល លោកពុំទាន់អាចធ្វើការបំភ្លឺពីបញ្ហាទាំងនេះបាននៅឡើយទេដោយសារលោកកំពុងជាប់រវល់ការងារនៅតំបន់អារ៉ែង ៕ដោយ៖តាំង ស៊ុននី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation