ព្រះមហាក្សត្រកម្ពុជា យាងក្នុងព្រះរាជពិធីឡើងគ្រង់រាជសម្បត្តិ ព្រះចៅអធិរាជជប៉ុន
| ព័ត៌មានជាតិ
SHARE

ព្រះមហាក្សត្រកម្ពុជា កំពុងបំពេញព្រះរាជកិច្ច ក្នុងប្រទេសជប៉ុន ដែលព្រះរាជកិច្ចនេះ ចាប់ពីថ្ងៃទី២១ ដល់២៤ ខែតុលា ឆ្នាំ២០១៩ ជាពិសេសព្រះមហាក្សត្រកម្ពុជា យាងក្នុងព្រះរាជពិធីឡើងគ្រង់រាជសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុនថ្មី។ 

តាមហ្វេសបុកព្រះមហាក្សត្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងតាមព្រះរាជទីនាំងយន្តហោះពិសេសចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញព្រះរាជកិច្ចក្នុងប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់២៤ ខែតុលា ឆ្នាំ២០១៩ ជាពិសេសយាងចូលរួមក្នុងព្រះរាជពិធីរាជាភិសេកព្រះចៅអធិរាជជប៉ុន Naruhito។ 

ក្នុងឱកាសដ៏វិសេសវិសាលនោះ មានការយាង និងអញ្ជើញថ្វាយព្រះរាជដំណើរ ដោយព្រះរាជវង្សានុវង្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលជាច្រើនរូប។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អមដង្ហែដោយ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី កំពុងស្ថិតក្នុងព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិជាផ្លូវការ នៃព្រះចៅអធិរាជជប៉ុន Naruhito នាវេលាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន សព្វព្រះរាជហឫទ័យ ស្ដេចយាងចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃ២១ ខែតុលា ឆ្នាំ២០១៩ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងតូក្យូ ដើម្បីចូលរួមក្នុងព្រះរាជពិធីរាជាភិសេកគ្រងរាជសម្បត្តិ របស់ព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និងព្រះរាជវង្សានុវង្សជាច្រើនរូបទៀត។ ដោយឡែកឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជាក៏មានវត្តមានក្នុងឱកាសនោះ។ 

គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ថ្វាយព្រះរាជសារអបអរសារទរថ្វាយ ព្រះករុណា ណារូហ៊ីតុ (NARUHITO) ក្នុងឱកាសដ៏វិសេសវិសាល នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិជាព្រះចៅអធិរាជថ្មីរបស់ជប៉ុន កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។ ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានឡើងគ្រងរាជសម្បត្តិ Chrysanthemum Throne កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីព្រះបិតារបស់ទ្រង់ Akihito មានព្រះជន្ម ៨៥ព្រះវស្សា បានសម្រេចព្រះទ័យដាក់រាជ្យ ដោយសារតែបញ្ហាព្រះរាជសុខភាព។ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិនៃព្រះរាជបល្ល័ងគ្រីសាន់ធីម៉ាំ (Chrysanthemum) គ្រោងនឹងប្រព្រឹត្តទៅយ៉ាងអធិកអធមតាមព្រះរាជប្រពៃណីរបស់ប្រទេសជប៉ុន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation