សម្តេចតេជោ ប្រកាសថានឹងទិញក្រុមហ៊ុនស៊ិនទ្រី មកឲ្យរដ្ឋគ្រប់គ្រងវិញ មុន​ដាក់ឲ្យដេញថ្លៃជាថ្មី ដើម្បីឲ្យការប្រមូលសំរាមនៅភ្នំពេញ មានប្រសិទ្ធភាព
| ព័ត៌មានជាតិ
SHARE

  ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២១ ខែតុលានេះ បានថ្លែងថា រាជរដ្ឋាភិបាល នឹងដកហូតសិទ្ធិប្រមូលសំរាម ពីក្រុមហ៊ុនស៊ិនទ្រី មកគ្រប់គ្រងវិញ មុននឹងដាក់ដេញថ្លៃជាថ្មី តែមិនមែនមានតែក្រុមហ៊ុនមួយ ទទួលអនុវត្តនោះទេ គឺមានយ៉ាងហោចណាស់៣ក្រុមហ៊ុន ហើយចែកតំបន់គ្នា ដើម្បីអនុវត្ត ធ្វើយ៉ាងណា ឲ្យការប្រមូលសំរាម នៅរាជធានីភ្នំពេញ មានប្រសិទ្ធភាព ស្របពេលដែលបច្ចុប្បន្ន ក្រុមហ៊ុនស៊ិនទ្រីតែឯង មិនអាចប្រមូលសំរាម នៅភ្នំពេញមានប្រសិទ្ធភាពនោះឡើយ។

   ការលើកឡើងនេះ សម្តេចតេជោ បានធ្វើឡើង ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី ជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ ដែលពិធីនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

  សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា រាជរដ្ឋាភិបាល បានចុះហត្ថលេខា ផ្តល់សិទ្ធិឲ្យក្រុមហ៊ុនស៊ិនទ្រី ប្រមូលសំរាម នៅរាជធានីភ្នំពេញ កាលពីចុងទសវត្ស៩០ ដែលគ្រានោះ នៅភ្នំពេញ មានសំរាមប្រមាណ៣០០ទៅ៥០០តោន ក្នុងមួយថ្ងៃ ហើយទំហំរាជធានីភ្នំពេញ មានតែជាង៣០០គីឡូម៉ែត្រការ៉េប៉ុណ្ណោះទេ។ ប៉ុន្តែបច្ចុប្បន្ន សំរាមបានកើនឡើងដល់ជាង៣ពាន់តោន ក្នុងមួយថ្ងៃ និងទំហំរាជធានីភ្នំពេញ មានជាង៦០០គីឡូម៉ែត្រការ៉េ ដូច្នេះទុកឲ្យក្រុមហ៊ុនស៊ីនទ្រី អនុវត្តម្នាក់ឯង មិនអាចទៅរួចនោះឡើយ។

​  សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា បច្ចុប្បន្ន មានបញ្ហាសំខាន់ៗចំនួន២ ដែលកំពុងកើតឡើង នៅរាជធានីភ្នំពេញ ទី១គឺបញ្ហាខ្វះកន្លែងចតយានយន្ត និងទី២គឺបញ្ហាសំរាម។ ពាក់ព័ន្ធនឹង កន្លែងចតយានយន្តនេះ រាជរដ្ឋាភិបាល កំពុងឲ្យវិស័យឯកជន សិក្សា​ធ្វើរូងក្រោមដី នៅក្រោមសួនច្បារ ដើម្បីដាក់យានយន្ត លើកលែងតែមុខព្រះបរមរាជវាំង។ ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាសំរាមវិញ សម្តេចតេជោ បានលើកឡើងថា បញ្ហានេះ ត្រូវតែមានការចូលរួមពីគ្រប់គ្នា ទើបអាចឲ្យទីក្រុងយើងស្អាត និងមានបរិស្ថានល្អ។

   សម្តេច បន្ថែមថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រសប្តាហ៍នេះ សម្តេចនឹង លើកឡើងនូវ បញ្ហា​ក្រុមហ៊ុនប្រមូលសំរាមនេះ​។ សម្តេចតេជោ ​បានលើកឡើងដែរថា កម្ពុជា នឹងសិក្សាលើការបង្កើតរោងចក្រដុតសំរាម បំប្លែងចេញជាថាមពលអគ្គិសនី បើទោះមានតម្លៃថ្លៃបន្តិចមែន ក៏រដ្ឋចេញខាតដែរ ដើម្បីឲ្យកម្ពុជាមានបរិស្ថានល្អ និងមិនមានសំណល់អាក្រក់៕អត្ថបទ ៖ សន ពិសិដ្ឋ 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation