សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកកាន់មាតុភូមិវិញហើយ ក្រោយអញ្ជើញចូលរួមពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីឥណ្ឌូណេស៊ី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ : សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវេលាយប់ថ្ងៃទី២០ តុលានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា វិលត្រឡប់មកកាន់មាតុភូមិវិញហើយ ក្រោយពីបានអញ្ជើញទៅចូលរួមពិធីស្បថចូលកាន់តំណែង ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី នៅទីក្រុងហ្សាកាតា។ គួររំលឹកថា សម្ដេចតេជោ និងគណៈប្រតិភូ បានអញ្ជើញចាកចេញពីកម្ពុជា កាលពីថ្ងៃទី១៩ តុលាម្សិលមិញ។

ក្នុងដំណើរអញ្ជើញចូលរួម ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូណេស៊ី របស់ ឯកឧត្តម ចូកូ វីដូដូ, សម្តេចតេជោ បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារដោយផ្ទាល់ ជាមួយឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។

ឯកឧត្តម ប្រធានាធិបតីឥណ្ឌូណេស៊ី បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញកិច្ចសហការទ្វេភាគីដ៏រឹងមាំរវាងឥណ្ឌូណេស៊ី និងកម្ពុជា។

សម្តេចតេជោ បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខ របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ ជូនឯកឧត្តមប្រធានាធិបតីផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថាក្នុងអាណត្តិថ្មីនេះ ឯកឧត្តមប្រធានាធិបតី នឹងរកពេលវេលាសមស្របទៅទស្សនកិច្ចនៅកម្ពុជា ខណៈដែលអតីតប្រធានាធិបតីឥណ្ឌូណេស៊ី ចំនួន៤រូបមកហើយ បានបំពេញទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីបញ្ហារបស់ទីម័រ ដែលចង់ក្លាយជាសមាជិកអាស៊ានផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ានទាំងអស់ នឹងសម្រេចពីការចង់ក្លាយជាសមាជិកអាស៊ាន របស់ប្រទេសទីម័រខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងបាងកក នៅចុងឆ្នាំនេះ។

សម្តេចតេជោ បានថ្លែងថា ប្រទេសទីម័រខាងកើត បានខិតខំគ្រប់លទ្ធភាព ដើម្បីក្លាយជាសមាជិកអាស៊ាន ជាពិសេសបានបើកស្ថានទូត នៅប្រទេសទាំង១០ នៃសមាជិកអាស៊ាន។ សម្តេចតេជោសង្ឃឹមថា ឯកឧត្តមប្រធានាធិបតី នឹងគាំទ្រប្រទេសទីម័រ ជាសមាជិករបស់អាស៊ាន។

ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី គាំទ្រការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយឥណ្ឌូណេស៊ីគាំទ្រប្រទេសទីម័រ។

សម្រាប់បញ្ហាទំនាក់ទំនងទ្វេភាគីវិញ ឯកឧត្តមប្រធានាធិបតី បានមើលឃើញមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ដូចជាវិស័យសុខាភិបាល ប្រទេសទាំងពីរមានការវិនិយោគរួមគ្នា ហើយវិស័យដឹកជញ្ជូនវិញប្រទេសទាំងពីរ មានការហោះហើរត្រង់ជាមួយគ្នាផងដែរ។ ប៉ុន្តែឯកឧត្តមមើលឃើញថា នៅមានវិស័យជាច្រើនទៀត ដែលមានសក្តានុពល ហើយត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការដឹកជញ្ជូនផ្លូវដែក និងតាមផ្លូវទឹកជាដើម។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ឥណ្ឌូណេស៊ី សម្រាប់អាណត្តិទី២របស់ឯកឧត្តម ពីឆ្នាំ២០១៩ ដល់ ២០២៤ បន្ទាប់ពី ឯកឧត្តមបានឈ្នះឆ្នោត កាលពីខែមេសា កន្លងទៅនេះ។

ពិធីចូលកាន់តំណែងរបស់ឯកឧត្តម ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធម ដោយមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសជាមិត្តមួយចំនួនទៀត៕អត្ថបទ : សន ពិសិដ្ឋ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation