ឯកឧត្តម ហ៊ុយ វណ្ណៈ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារផ្តួចផ្តើមអង្គកឋិនទានដង្ហែចូលវត្តបានយ ស្រុកព្រៃកប្បាស ខេត្តតាកែវ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រទី១៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានផ្តួចផ្តើមអង្គកឋិនទានដង្ហែចូលវត្តបានយ ក្នុងឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់ឯកឧត្តម ដើម្បីវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងពុទ្ធសីមា។

ឯកឧត្តម ហ៊ុយ វណ្ណៈ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ តែងតែបានចូលរួមចំណែកកសាងសមិទ្ធផល និងការអភិវឌ្ឍនានា នាទឹកដីកំណើតរបស់ខ្លួន នៅក្នុងឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាបន្តបន្ទាប់ទាំងក្នុងផ្លូវព្រះពុទ្ធសាសនា និងអាណាចក្រ ដូចជាជួយជួសជុលសាលាវិទ្យាល័យបានយ ជួយសម្ភារៈរដ្ឋបាលដល់សាលាឃុំ និងប៉ុស្តិ៍នគររដ្ឋបាលឃុំ រួមទាំងផ្តល់ជាសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ដល់ប្រជាការពារទូទាំងក្នុងឃុំ ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរថែមទៀត ស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

នៅក្នុងឱកាសជួបជុំគ្នាដ៏ប្រពៃថ្លៃថ្លានេះ មានរៀបចំពិធីនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ដើម្បីផ្តល់ពរសព្វសាធុការជូនដល់សម្តេច ទ្រង់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សប្បុរជន និងពុទ្ធបរិស័ទ ព្រមទាំងមហាគ្រួសាររបស់ឯកឧត្តមទាំងអស់ ដែលបានអញ្ញើញចូលរួមចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។

ពិធីហែរអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង ហើយអ្នកផ្ដើមបុណ្យតែងរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀត ដូចជា បាត្រ ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រជាដើម រួចគេនាំគ្នាហែទៅទីអារាមដែលបានកំណត់ទុក។ លុះពេលទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ គឺគេតម្កល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយ ដែលគេបានរៀបចំទុកជាស្រេច។

សូមបញ្ជាក់ថា បើតាមគណៈកម្មការអាចារ្យវត្ត និងពុទ្ធបិរស័ទ ពិធីបុណ្យប្រពៃណីក្នុងព្រះពុទ្ធសាសនាមួយនេះ គេនិមន្ដព្រះសង្ឃឆាន់ចង្ហាន់ពេលថ្ងៃត្រង់ បន្ទាប់ពីនោះ ពុទ្ធបរិសទ្ធចំណុះជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវ ដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអឹកអធឹក កក់ក្ដៅ និងរាក់ទាក់ជាពន់ពេក។ លុះរសៀលជ្រេរទាបបន្ដិច គេនាំគ្នាហែអង្គកឋិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងវិហារ ហើយព្រះចៅអធិការវត្ដ នឹងចាត់ឲ្យភិក្ខុមួយអង្គជាអ្នកគ្រងអង្គកឋិននោះ រួចពុទ្ធបរិស័ទចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះ និងវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation