អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ បានផ្តួចផ្តើមធ្វើអង្គកឋិនទានដង្ហែទៅកាន់វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ភាគខាងជើងរាជធានីភ្នំពេញ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១៨ តុលា ឆ្នាំ ២០១៩ មហាគ្រួសាររបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងគណៈកម្មការអាចារ្យ និងពុទ្ធបិរស័ទវត្តហរិរក្សរាជិនី (ហៅវត្តវាំងចាស់) មានសទ្ធាជ្រះថ្លា បានមូលមតិគ្នាជាឯកច្ឆ័ន្ធផ្តួចផ្តើមធ្វើអង្គកឋិនទាន ដើម្បីដង្ហែទៅកាន់ហរិរក្សរាជិនី (ហៅវត្តវាំងចាស់ ) នៅវេលាម៉ោង៦ព្រឹក ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ ដើម្បីវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងពុទ្ធសីមា។
ពិធីដ៏នក្ខត្តឫក្សនេះ បានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលដឺព្រេមៀរសែនសុខ អគារ D។

បុណ្យកឋិនសាមគ្គីមួយនៅថ្ងៃនេះ ផ្តួចផ្តើមដោយមហាគ្រួសាររបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងបុត្រ, ឯកឧត្តម ម៉ៅ ទី និងលោកជំទាវ គង់ សោម៉ា ព្រមទាំងបុត្រ, លោក ម៉ី គឹមប៉ោ និងលោកស្រី អ៊ុក ឈុនអេង ព្រមទាំងបុត្រ, លោកស្រី គុយ ឡៃហួយ ព្រមទាំងបុត្រ រួមជាមួយឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរជន ពុទ្ធបិរស័ទជាច្រើនរូបផ្សេងទៀត។

នៅក្នុងឱកាសជួបជុំគ្នាដ៏ប្រពៃថ្លៃថ្លានេះ មានរៀបចំពិធីនមស្សការព្រះរតនត្រ័យសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ដើម្បីផ្តល់ពរសព្វសាធុការជូនដល់សម្តេច ទ្រង់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សប្បុរជន និងពុទ្ធបរិស័ទ ព្រមទាំងមហាគ្រួសាររបស់ អ្នកឧកញ៉ា ទាំងអស់ ដែលបានអញ្ញើញចូលរួម ចាប់មគ្គផលតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។
ពិធីហែរអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្មសប្បាយរីករាយយ៉ាងក្រៃលែង ហើយអ្នកផ្ដើមបុណ្យតែងរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដិ ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រជាដើម រួចគេនាំគ្នាហែទៅទីអារាមដែលបានកំនត់ទុក។ លុះពេលទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ គឺគេតំកល់អង្គកឋិនទុកនៅក្នុងសាលាបុណ្យមួយ ដែលគេបានរៀបចំទុកជាស្រេច។

សូមបញ្ជាក់ថា បើតាមគណៈកម្មការអាចារ្យវត្ត និងពុទ្ធបិរស័ទ ពិធីបុណ្យប្រពៃណីក្នុងព្រះពុទ្ធសាសនាមួយនេះ គេនិមន្ដព្រះសង្ឃឆាន់ចង្ហាន់ពេលថ្ងៃត្រង់ បន្ទាប់ពីនោះ ពុទ្ធបរិសទ្ធចំណុះជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារលៀងដល់ភ្ញៀវដែលនាំអង្គកឋិនចូលមកកាន់វត្ដរបស់ខ្លួនយ៉ាងអឹកអធឹក កក់ក្ដៅ និងរាក់ទាក់ជាពន់ពេក។ លុះរសៀលជ្រេរទាបបន្ដិច គេនាំគ្នាហែអង្គកឋិនព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងវិហារ ហើយព្រះចៅអធិការវត្ដ នឹងចាត់អោយភិក្ខុមួយអង្គជាអ្នកគ្រងអង្គកឋិននោះ រួចពុទ្ធបរិស័ទចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះ និងវេរអង្គកឋិនប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ៕ដោយ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation