សម្តេចតេជោ ចាត់ទុកដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចំនួន៣ ក្នុងតំបន់អឺរ៉ុប ទទួលបានលទ្ធផលល្អបំផុត
| ព័ត៌មានជាតិ
SHARE

​ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់ បាននិវត្តន៍មកដល់កម្ពុជាវិញហើយ នាព្រឹកថ្ងៃទី១៨ ខែតុលានេះ​នេះ បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចំនួន៣ នៅតំបន់អឺរ៉ុប ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា។

សូមរម្លឹកថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ ជាបន្តបន្ទាប់គ្នា នៅប្រទេសចំនួនបី ក្នុងតំបន់អឺរ៉ុប ដោយចាប់ផ្ដើមពី សាធារណរដ្ឋឆែក, ហើយបន្តទៅ បំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល ស្តីពីទឹក លើកទី៣ នៅប្រទេសហុងគ្រី និងជាចុងក្រោយ បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប៊ុលហ្គារី។

សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ​ទទួល​បានលទ្ធផលល្អបំផុត។ សម្តេចតេជោបន្ថែមថា តាមរយៈទស្សនកិច្ចនេះ គឺកម្ពុជា​បានរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយនៅអឺរ៉ុប ដែលនាំមកនូវផលប្រយោជន៍ជាច្រើន ដល់ប្រទេសជាតិ​។ ដំណើរទស្សនកិច្ចនេះ ក៏ជាឱកាសនៃ​ការកៀរគរ ទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជាផងដែរ។

ជារួម ក្នុងទស្សនកិច្ចផ្លូវការនេះ តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសអឺរ៉ុបទាំងបី សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះជំនួយ ដែលមិនអាចកាត់ថ្លៃបាន របស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសអឺរ៉ុបទាំងបី ដែលបានផ្តល់ដល់កម្ពុជា ក្នុងគ្រាលំបាកបំផុត បន្ទាប់ពីការរំដោះប្រទេស ក្នុងឆ្នាំ១៩៧៩ ជាពិសេសការផ្ដល់ដល់កម្ពុជា នូវការបណ្ដុះបណ្ដាល ធនធានមនុស្ស និងគាំទ្រកម្ពុជា ក្នុងការទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត។

ជាមួយនោះដែរ តបនឹងការលើកឡើង របស់សម្ដេចតេជោ អំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងពាក់ព័ន្ធក៏ដូចជាបញ្ហា EBA ថ្នាក់ដឹកនាំនៃប្រទេសអឺរ៉ុបទាំងបី បានបញ្ជាក់ជំហរគាំទ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបញ្ជាក់នូវការប្តេជ្ញា ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យដទៃៗទៀត ជាមួយកម្ពុជា៕ អត្ថបទ៖ សន ពិសិដ្ឋ​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation