ធនាគាឯកទេសវីង ចូលរួមជម្រុញស្ត្រីក្នុងភាពជាអ្នកដឹកនាំ ដើម្បីផ្តល់ឱកាសស្មើគ្នាក្នុងការប្រកបអាជីវកម្ម
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៩នេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានសហការជាមួយ Women’s World Banking ព្រមទាំងនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី រៀបចំព្រឹត្តិការណ៍ភាពជាអ្នកដឹកនាំ ដើម្បីចូលរួមជំរុញស្ត្រី ទទួលបានឱកាសស្មើគ្នាក្នុងការប្រកបអាជីវកម្ម។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកធនាគារឯកទេសវីង បានមានប្រសាសន៍ថា៖“ ដើម្បីផ្តល់អំណាចដល់សហគ្រិនស្ត្រីនៅកម្ពុជាយើងកំពុងធ្វើការឥតឈប់ឈរលើការច្នៃប្រឌិតសេវាកម្មហិរញ្ញវត្ថុដែលមាន ហើយក៏បានមើលឃើញពីវិសាលភាពធំធេងក្នុងការធ្វើការជាមួយរដ្ឋាភិបាលនិងដៃគូដទៃទៀតនៅក្នុងឧស្សាហកម្មដើម្បីបង្កើនការផ្សព្វផ្សាយនិងលើកទឹកចិត្តឲ្យប្រើប្រាស់ដំណោះស្រាយឌីជីថល។ ការប្រើប្រាស់ដំណោះស្រាយឌីជីថលកាន់តែច្រើន។ ទោះយ៉ាងណា ជាជំហានដំបូងយើងត្រូវផ្តួចផ្តើមកិច្ចពិភាក្សាស្តីពីការរួមបញ្ចូលគ្នានិងជំនះឧបសគ្គទាក់ទងនឹងយេនឌ័រដែលស្ត្រីត្រូវប្រឈមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ”

Women’s World Banking ជាបណ្តាញសកល ដែលរៀបចំឡើង និងវិនិយោគក្នុងការរកដំណោះស្រាយហិរញ្ញវត្ថុ កាន់តែមានភាពងាយស្រួល តាមរយៈការពង្រឹងស្ថាប័ននិងបរិយាកាសគោលនយោបាយក្នុងការរីកចម្រើននៃសេដ្ឋកិច្ច ដើម្បីបង្កើតសេដ្ឋកិច្ច និងវិបុលភាព កាន់តែប្រសើរឡើង សម្រាប់ស្ត្រី ក្រុមគ្រួសាររបស់ពួកគេ ព្រមទាំងសហគមន៍។
អូស្រ្តាលី គឺជាអ្នកផ្តល់ជំនួយទ្វេភាគីឈានមុខគេដល់ប្រទេសកម្ពុជាហើយបានប្តេជ្ញាចិត្តថានឹងនាំមុខគេក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងក្មេងស្រីនៅក្នុងប្រទេស។ នាយកដ្ឋានកិច្ចការការបរទេសនិងពាណិជ្ជកម្មរបស់ខ្លួន (DFAT) មានកម្មវិធីកំពុងបន្តជាច្រើនផ្តោតលើការបង្កើនភាពរុងរឿង និងស្ថេរភាពជាមួយនឹងចំណុចស្នូលនៃការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ឲ្យបានកាន់តែច្រើន។

ព្រឹត្តិការណ៍នេះបានផ្តល់ជាវេទិកាអន្តរកម្មនៅក្នុងទម្រង់នៃការពិភាក្សាជាក្រុមស្តីពី "ហេតុអ្វីបានជាភាពចម្រុះយេនឌ័រមានសារៈសំខាន់"? ដោយមានការចូលរួមពីវាគ្មិនដែលទទួលបានជោគជ័យនៅក្នុងកិច្ចជាច្រើនដូចជា៖ ឧកញា កែវ មុំ ដែលជាសហគ្រិន លោកជុំទាវ កុយ សូដានី មកពីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី Nicky Enriquez មកពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោក ស្រ៊ុន ឈាងស្រេង មកពីធនាគារឯកទេស ។

គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីលើកទឹកចិត្តដល់អ្នកចូលរួមជាស្ត្រីនិងផ្តល់ឱ្យពួកគាត់នូវមធ្យោបាយដើម្បីអភិវឌ្ឍន៍ចក្ខុវិស័យនៃភាពជាអ្នកដឹកនាំនិងផែនការសកម្មភាពមួយដើម្បីធ្វើឱ្យចក្ខុវិស័យនេះក្លាយជាការពិត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំប្រមាណ ៧% ហើយសហគ្រាសធុនតូច និងមធ្យម គឺជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ទៅលើភាពរឹងមាំនិងស្ថេរភាពសេដ្ឋកិច្ចនេះ។

យោងតាមរបាយការណ៍ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)បានឲ្យដឹងថា 61% នៃពាណិជ្ជកម្មដែលចូលរួមចំណែកចំពោះសេដ្ឋកិច្ចប្រទេស ត្រូវបានគ្រប់គ្រងដោយស្ត្រី នេះជាតួលេខមួយដែលខ្ពស់ជាងប្រទេសដ៏ទៃទៀតនៅក្នុងដំបន់អាស៊ាន។ របាយកាណ៍នេះក៏បានបញ្ជាក់ផងដែរថា 90%នៃស្រ្តីដែលដឹកនាំសហគ្រាសធុនតូច និងមធ្យម ទទួលបានប្រាក់ចំនេញខ្ពស់នៅឆ្នាំ2018 ដែលកាន់តែបញ្ជាក់ឲ្យឃើញនូវភាពចាំបាច់ក្នុងការដោះស្រាយឧបសគ្គបញ្ហាយេនឌ័រដែលបានរារាំងស្រ្តីមិនឲ្យទទួលបាននូវឱកាសស្មើគ្នាក្នុងការប្រកបអាជីវកម្ម។

សូមជំរាបថា នៅពេលដែលប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងដំណើរការផ្លាស់ប្តូរទៅសម័យឌីជីថលនោះ បរិបទដែលសហគ្រាសធុនតូច និងមធ្យម កំពុងប្រតិបត្តិការក៏មានការផ្លាស់ប្តូរដែរ។ នេះទាមទារឱ្យមានវិធីសាស្រ្តដ៏សកម្ម ពីសំណាក់រាជរដ្ឋាភិបាល និងអាជីវកម្ម ដែលដឹកនាំដោយបដិវត្តឌីជីថល នៅក្នុងប្រទេស ដើម្បី ផ្តល់អំណាចដល់សហគ្រិនស្ត្រីតាមរយៈការបង្កើតឱកាសនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត៕ដោយ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation