តម្លៃសណ្ដែកសៀងខេត្តរតនគិរីឆ្នាំនេះកើនឡើងជាងឆ្នាំទៅ តែទិន្នផលនៅតែធ្លាក់ចុះ
| ព័ត៌មានជាតិ
SHARE

រតនគិរី៖យោងតាមរបាយការណ៍ដែលមន្ទីរព័ត៌មានខេត្តរតនគិរី រាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលត្រូវបានឯកឧត្តម ខៀវ កាញារីទ្ធ បង្ហោះលើហ្វេសប៊ុកនាល្ងាចថ្ងៃទី១៧ ខែតុលានេះ បានបង្ហាញថា «សណ្តែកសៀងឆ្នាំ២០១៩ នេះតម្លៃមានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំទៅតែទិន្នផល នៅតែជាធ្លាក់ចុះ» ។

នេះជាការលើកឡើងរបស់កសិករម្នាក់គឺលោកពូ កែម ផល អាយុ៤៥ឆ្នាំដែលកំពុងប្រមូលផលសណ្តែកសៀងក្នុងចម្ការគាត់ ប្រមាណ៦ហិកតាស្ថិតនៅភូមិតាអង ឃុំតាងអងស្រុកកូនមុំខេត្តរតនគិរីនៅរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩នេះ។ លោកពូបន្តថាតម្លៃឆ្នាំនេះអាចទទួលយកបានតែគួរឲ្យស្តាយទិន្នផលមិនសូវទទួលបានច្រើននោះទេ ពីព្រោះដូចឆ្នាំទៅ អ៊ីចឹងគឺមានភ្លៀងធ្លាក់ជោកជាំពេកក្នុងដើមរដូវដាំដុះទើបធ្វើឲ្យពួកគាត់ដាំដុះយឺតពេល។

ចំពោះតម្លៃវិញបើឈ្មួញចុះមកប្រមូលទិញដល់ចម្ការម្លៃ១.៨៥០រៀលក្នុងមួយគីឡូក្រាម បើដឹកយកទៅលក់ឲ្យ ឈ្មួញដល់កន្លែងគេវិញតម្លៃ១.៩០០ ទៅ១.៩៥០រៀលក្នុង១គីឡូក្រាមបើប្រៀបធៀបឆ្នាំ ទៅគិតត្រឹម ប្រមូលផលដើមដៃ ដូចគ្នានេះ១គីឡូក្រាម១.៦៣០រៀល ទៅ១.៦៥០តែប៉ុណ្ណោះ។
កសិករដដែលបានអះអាងថា ទិន្នផលសណ្តែកសៀងប្រសិនបើល្អនោះ ទទួលបានចន្លោះពី១តោន៨០០គីឡូក្រាម ទៅ២តោនក្នុង១ហិកតា ហើយបើដីថ្មីអាចទទួលទិន្នផល២តោនកន្លះក៏មានដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគាត់ប្រមូលផលបានត្រឹមតែ៧០០គីឡូក្រាមទៅ៨០០គីឡូក្រាមប៉ុណ្ណោះក្នុង១ហិកតា ។

លោក សែម រឿន ប្រធានការិយាល័យក្សេត្រសាស្ត្រនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីបានទទួលស្គាល់ថា ឆ្នាំ២០១៩នេះការដាំដុះដំណាំសណ្តែកសៀងរបស់កសិករនៅខេត្តរតនគិរីជួបបញ្ហាប្រឈមប្រាកដមែន ដោយសារតែបណ្តាលមកពីអាកាសធាតុមិនអំណោយផលសម្រាប់ពួកគាត់ដាំដំណាំសណ្តែកសៀង ចំណែកឯកសិករមួយចំនួនធំបានប្រើប្រាស់ថ្នាំបាញ់ស្មៅ ទៅលើផ្ទៃដីដំណាំសណ្តែកលើសកំណត់ពេកក៏ជាកត្តាធ្វើឲ្យជួបនូវបញ្ហាធ្លាក់ចុះនៃទិន្នផលដែរ។

លោក សែម រឿន បន្តថា ខេត្តរតនគិរី ក្នុងឆ្នាំ២០១៩ នេះមានផ្ទៃដីដាំដុះដំណាំសណ្តែកសៀងចំនួន២.៦៨៦ហិកតា បើធៀបនឹងឆ្នាំ២០១៨មានចំនួន៣.៥៧១ហិកតា គឺមានការថយចុះ៨៨៥ហិកតា។ លោកថា មូលហេតុនៃការថយចុះផ្ទៃដីដាំដុះសណ្តែកសៀកនេះ គឺបណ្តាឆ្នាំកន្លងមកកសិករដាំតាមចន្លោះរងចម្ការកៅស៊ូនិងចន្លោះរងចម្ការស្វាយចន្ទី។ ហើយនៅពេលដំណាំកសិឧស្សាហកម្មទាំងនេះធំបែកមែកសាខា គឺមិនអាចដាំបានទៀតទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation