តំណាងរាស្ត្រខេត្តរតនគិរីស្ដីបន្ទោសយ៉ាងខ្លាំងទៅលើមន្ទីរសាធារណការខេត្តរតនគិរី
| ព័ត៌មានជាតិ
SHARE

ខេត្តរតនគិរី៖ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគិរី មានប្រតិកម្មយ៉ាងខ្លាំង ចំពោះមន្ទីរសាធារណការ បន្ទាប់ពីបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយ ព្រមទាំងមានសំណូមពរពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះចំពោះផ្លូវលុំមួយខ្សែរ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរមិនមានការស្ថាបនា ឬជួសជុលឡើងវិញនោះ។

ផ្លូវលំមួយខ្សែបែកចេញពីផ្លូវជាតិលេខ៦៨ ចូលទៅឃុំចាងអ៊ុង ដែលមានប្រវែងប្រមាណ ៥៥០០ម៉ែត្រ ហើយរងការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅចំណុចភូមិចាអ៊ុងកៅ ឃុំចាអ៊ុង ស្រុកអូរជុំខេត្តរតនគិរី ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ មានការត្អូញត្អែ លំបាកក្នុងការធ្វើដំណើរ និងលំបាកការដឹកកសិផលចេញមកលក់នៅទីផ្សារ ជារៀងរាល់ឆ្នាំ។

ទាក់ទងនឹងករណីផ្លូវលំមួយខ្សែនេះដែរ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលរតនគិរី ក៏បានប្រតិកម្មយ៉ាងខ្លាំងទៅលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីថា មិនគួរបណ្ដែតបណ្ដោយទុកឲ្យបងប្អូនប្រជាពលរដ្ឋ រងទុក្ខវេទនា លំបាកក្នុងការធ្វើដំណើរ របស់ពួកគាត់យ៉ាងដូច្នេះទេ។ ប្រតិកម្មខ្លាំងៗរបៀបនេះ គ្រាដែលឯកឧត្តម ចុះពិនិត្យស្ថានភាពផ្លូវជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ។ ឯកឧត្តមតំណាងរាស្រ្តនិងសហការី បានចុះពិនិត្យស្ថានភាពផ្លូវលំមួយខ្សែនេះថែមទាំងបញ្ចេញនូវការសោកស្ដាយចំពោះការខូចខាតស្ទើរទាំងស្រុងនៃផ្លូវលំនេះផងដែរ។ 

ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជនជាតិដើមភាគតិចក្រឹង ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ដងផ្លូវលំនេះ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ទីរពាក់ព័ន្ធ សូមមេត្តា ជួយស្ថាបនាផ្លវឡើងវិញផង ដើម្បីងាយស្រួលដល់ពួកគាត់ធ្វើដំណើរ និងសិស្សានុសិស្សទៅរៀនផង។

ជុំវិញករណីផ្លូវលំមួយខ្សែ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរខាងលើនេះ លោក វ៉ា សាវុន ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងតាមប្រព័ន្ធទូរស័ព្ទនៅព្រឹកថ្ងៃទី១៧ នេះថា ផ្លូវនេះមានប្រវែងជាង៤០ គីឡូម៉ែត្រ ដោយគិតចេញពីថ្នល់ជាតិលេខ៧៨ ត្រង់ចំណុចភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង រហូតដល់ភូមិហាតប៉ក់ ឃុំហាតប៉ក់ ស្រុកវើនសៃក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណការ ប៉ុន្តែចំពោះការស្ថាបនា និងជួសជុល គឺសម្រេចទៅលើកញ្ចប់ថវិការបស់ក្រសង ដែលបានធ្លាក់ ដោយខាងមន្ទីរសាធារការធ្វើតាមលទ្ធភាព។

លោកឲ្យដឹងទៀតថា បើគិតផ្លូវដែលមានការខូចខាត ចាប់ពីត្រឹមផ្លូវបំបែកលេខ៧៨ មកដល់ទឹកធ្លាក់ចាអុង ដែលជារមណីយដ្ឋានធម្មជាតិ មានប្រវែងប្រមាណជាង ៥គីឡូម៉ែត្រប៉ុណ្ណោះ ហើយការខូចខាតនេះ ក្នុងកំឡុងខែវស្សាកន្លងទៅ ហើយការខូចខាតនេះ មានលក្ខណធ្ងន់ធ្ងរ។ លោកបន្តថា ចំពោះគម្រោងនៃការសាងសង់ និងសម្រួលនាពេលខាងមុខនេះលោកកំពុងតែលើកគម្រោងទៅក្រសួង ដើម្បីរៀបចំស្ថាបនា និងជួសជុលជូនដល់បងប្អូនប្រជាពលរដ្ឋនពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរ ផ្លូវលំបំបែកចេញពីថ្នល់ជាតិលេខ៧៨ ឆ្ពោះទៅកាន់ឃុំហាត់ប៉ក់ ស្រុកវើនសៃ មានប្រវែង៤៥គីឡូូម៉ែត្រ ដោយឡែកផ្លូវដែលរងការខូចជារៀងរាល់ឆ្នាំនេះ មានប្រវែងប្រមាណជា ៥៥00ម៉ែត្រ បែកចេញពីថ្នល់ជាតិលេខ៧៨ ទៅឃុំតាអុង ដែលជាផ្លូវចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍។ ពីព្រោះកំណាត់ផ្លូវនេះ ចូលទៅកាន់តំបន់រមណីយដ្ឋានទឹកធ្លាក់ចាអ៊ុង និងជាផ្លូវដែលប្រជាកសិកររស់នៅតំបន់នេះដឹកកសិផលមកលក់នៅទីផ្សារជាប្រចាំ៕ដោយ៖ប៉េស សារី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation