កម្ពុជា-ប៊ុលហ្ការី នឹងប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំ រវាងប្រទេសទាំងពីរ
| ព័ត៌មានជាតិ
SHARE

ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានាធិបតីប៊ុលហ្ការី ឯកឧត្តម រ៉ូមែន រ៉ាដេវ បញ្ជាក់ថា កម្ពុជា និងប៊ុលហ្ការី មានមិត្តភាពយូរអង្វែងមកហើយ ហើយប្រទេសទាំងពីរ នឹងប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងប្រទេសទាំងពីរ។

ឯកឧត្តមបន្តថា ឯកឧត្តមពិតជាមានកិត្តិយស និងរីករាយជាទីបំផុត ដែលបានស្វាគមន៍ ចំពោះដំណើរបំពេញទស្សនកិច្ចជាផ្លូវការ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅក្នុងប្រទេសប៊ុលហ្ការី ដែលជាដំណើរទស្សនកិច្ចលើកទី៥។ ឯកឧត្តមប្រធានាធិបតី រ៉ូមែន រ៉ាដេវ គូសបញ្ជាក់ថា ប៊ុលហ្ការី វាយតម្លៃខ្ពស់ចំពោះវិភាគទាន របស់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់សន្តិភាព និងសន្តិសុខនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ ជាពិសេសការទប់ស្កាត់នូវការប៉ុនប៉ងត្រឡប់មកវិញនៃរបបខ្មែរក្រហម។

ឯកឧត្តម ប្រធានាធិបតី លើកឡើងថា ប្រទេសប៊ុលហ្ការី នៅតែជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យដែលប្រទេសទាំងពីរអាចធ្វើទៅបាន។ ឯកឧត្តមមើលឃើញថា ទោះបីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បច្ចុប្បន្នមានត្រឹម៦លានដុល្លារសហរដ្ឋអាមេរិក តែនៅសក្តានុពលលើការវិនិយោគ និងធ្វើពាជណិជ្ជកម្មជាច្រើនទៀត។

ឯកឧត្តមបានបង្ហាញក្តីរំពឹងថា តាមរយៈកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់ដែលបានចុះហត្ថលេខាជាមួយគ្នាកាលពីថ្ងៃម្សិលមិញ នឹងជួយជំរុញដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។ តាមរយៈយន្តការសហភាពអឺរ៉ុប ដែលប៊ុលហ្ការី ជាសមាជិក និងអាស៊ាន ដែលកម្ពុជា ជាសមាជិកនោះ នឹងជួយជំរុញកិច្ចសហការកម្ពុជា និងប៊ុលហ្ការីឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តមប្រធានាធិបតី បានទូលទូលថ្វាយនូវការសាកសួរសុខទុក្ខថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងបានទូលថ្វាយថ្លែងអំណរព្រះគុណព្រះអង្គសម្រាប់ការអញ្ជើញ ឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា។

នៅក្នុងជំនួប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍រំលឹកថា សម្តេចបានអញ្ជើញមកបំពេញទស្សនកិច្ច នៅប៊ុលហ្ការីជាលើកដំបូង ពេលសម្តេចមានអាយុ ២៧ឆ្នាំក្នុងពេលធ្វើជារដ្ឋមន្ត្រីការបរទេស។ ឥឡូវ ៣៥ឆ្នាំក្រោយ សម្តេចបានបំពេញទស្សនកិច្ចជាថ្មីម្តងទៀត។ នៅពេលនោះប្រទេសប៊ុលហ្ការី បានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងគ្រាលំបាក ហើយពេលនោះប៊ុលហ្ការី បានផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបប្រមាណ ២០០នាក់។ នៅពេលនោះកម្ពុជា និងប៊ុលហ្ការី មានស្ថានទូតនៅប្រទេសទាំងពីរ ហើយបច្ចុប្បន្នប្រទេសទាំងពីរកំពុងពន្លឿនឱ្យមានស្ថានទូតរវាងប្រទេសទាំងពីរឡើងវិញ។ ពាក់ព័ន្ធលើការវិនិយោគ និងពាណិជ្ជកម្មវិញ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានកិច្ចសហការកើនឡើងមួយកម្រិតទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនេះ។

កាលពីថ្ងៃម្សិលមិញ កម្ពុជា-ប៊ុលហ្គារី បានចុះហត្ថលេខា ចំនួន៣ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីប្រទេសប៊ុលហ្គារី។
ទី១ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស រវាងរាជរដ្ឋាភិ បាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងរដ្ឋាភិបាល នៃសាធារណរដ្ឋប៊ុលហ្ការី
ទី២កម្មវិធីសម្រាប់ កិច្ចសហប្រតិបត្តិការវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងវប្បធម៌ នៃសាធារណរដ្ឋប៊ុលហ្ការី
និងទី៣ អនុស្សរណ:យោគយល់គ្នា រវាងវិទ្យាស្ថានជាតិការ ទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រះរាជាណាចក្រ កម្ពុជា និងវិទ្យាស្ថានការទូត នៃក្រសួងការបរទេសប៊ុលហ្ការី ដែលជាជាការជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី ឲ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើងថែមទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation