ទណ្ឌិត សម រង្ស៊ី ត្រូវបានសហភាពអន្តរសភា(IPU) ទាត់ក្បាលចោល មិនឲ្យឡើងថ្លែងសុន្ទរកថាក្នុងមហាសន្និបាតលើកទី១៤១
| ព័ត៌មានជាតិ
SHARE

ទណ្ឌិត សម រង្ស៊ី មិនត្រូវបានអនុញ្ញាតឲ្យឡើងថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា(IPU) នៅមជ្ឈមណ្ឌល SAVA Centre នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

ការមិនអនុញ្ញាតឲ្យឡើងថ្លែងសុន្ទរកថានេះ គឺបន្ទាប់ពីមានការតវ៉ាពីគណៈប្រតិភូរដ្ឋសភាកម្ពុជា។

បើតាមបញ្ជីឈ្មោះដែលអ្នកត្រូវឡើងថ្លែងសុន្ទរកថា ទណ្ឌិត សម រង្ស៊ី បានបន្លំចុះឈ្មោះស្ថិតនៅលេខរៀងទី៦៤ នៃបញ្ជីឈ្មោះអ្នកចូលរួម ដោយបានប្រើឈ្មោះអង្គការ Liberral Intertional។ បន្ទាប់ពីមានការតវ៉ាឈ្មោះ ទណ្ឌិត សម រង្ស៊ី ត្រូវបានលុបចេញពីបញ្ជីដោយមិនអនុញ្ញាតឲ្យឡើងថ្លែងសុន្ទរកថានោះទេ។

សូមជម្រាបថា មហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU ភាគីកម្ពុជាដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា។ មហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា (IPU) ក្រោមមូលបទស្នូល “ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី និងយន្តការសភា និងការចូលរួមចំណែកកិច្ចសហប្រតិបត្តិការក្នុងតំបន់”។

មហាសន្និបាតនេះ មានការចូលរួមយ៉ាងច្រើនពីគណៈប្រតិភូសភាប្រទេសជាសមាជិក IPU ប្រមាណជាង១៧០០នាក់ មកពី១៤០ប្រទេស ក្នុងនោះមានប្រធានសភា ៧០រូប អនុប្រធាន៤០រូប តំណាងរាស្រ្ត ៧០០នាក់ ជា ស្រ្តី៣០% និងវ័យក្មេង១៧% ព្រមទាំងតំណាងស្ថាប័នសំខាន់ៗ មានអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងដៃគូសង្គមស៊ីវិល មកពីបណ្តាប្រទេសពាសពេញពិភពលោកជាច្រើនទៀត។

គោលបំណងដ៏ចម្បងនៃសន្និបាតនេះ គឺផ្តោតជាសំខាន់ លើការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ដែលនាពេលនោះ សមាជិកសភានឹងពិភាក្សាពីការវិវឌ្ឍចុងក្រោយ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ផ្តល់សិទ្ធិអំណាចដល់យុវជន ការពារសិទ្ធិមនុស្ស និងសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation