ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូបានទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC)
| ព័ត៌មានជាតិ
SHARE

ជំនួបនេះមានគោលបំណងដើម្បីផ្លាស់ប្តូរទស្សនទានលើអាទិភាពគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពិនិត្យមើលកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគរបស់វិស័យឯកជន ក្នុងផលិតកម្មកសិកម្ម និងការផ្តួចផ្តើមនានាដែលពាក់ព័ន្ធដល់ការពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងចីរភាពនៅកម្ពុជា។

លើសពីនេះ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ក៏មានបំណងផ្លាស់ប្តូរនូវទស្សនៈពីគោលនយោបាយពាណិជ្ជកម្មកសិកម្មនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្តីរីករាយ និងសូមស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួនដែលគាំទ្រដល់ដំណើរការនៃការវិវឌ្ឍនៃខ្សែច្រវាក់តម្លៃកសិកម្ម។

ឯកឧត្តមរដ្ឋមន្រ្តី ក៏សង្ឃឹមថាតាមរយៈកិច្ចសហការជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក កម្ពុជានឹងអាចទទួលបាននូវបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗក្នុងផលិតកម្មកសិកម្ម ហើយអាចនឹងឈានទៅជួយដល់ការបង្កើនជីវភាពកសិករនៅតាមទីជនបទ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏សង្ឃឹមថាការបញ្ជូលបច្ចេកវិទ្យានៅក្នុងកសិកម្ម ក៏នឹងអាចជួយលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារផងដែរ ហើយបច្ចុប្បន្នប្រជាជនកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ក្នុងការទទួលទានម្ហូបអាហារដែលមានគុណភាព និងមានការបញ្ជាក់គុណភាពច្បាស់លាស់ ដើម្បីធានាដល់សុខុមាលភាព។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ពិនិត្យលទ្ធភាពក្នុងការជួយដល់កម្ពុជាក្នុងការការពារជំងឺប៉េស្តជ្រូកអាហ្រ្វិក ដើម្បីជួយគាំទ្រដល់ឧស្សាហកម្មចិញ្ចឹមជ្រូកនៅកម្ពុជា។

តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានសម្លឹងឃើញពីសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសការនាំមកនូវបច្ចេកវិទ្យាកសិកម្មថ្មីដែលជួយដល់ការកាត់បន្ថយថ្លៃដើមកសិកម្ម ជាពិសេសជួយសម្រួលដល់បញ្ហាពលកម្មកសិកម្ម និងកាត់បន្ថយហានិភ័យដែលបំផ្លាញដោយសមាសភាពចង្រៃនិងកាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម (ជីនិងថ្នាំគីមី)។

ចំពោះការចិញ្ចឹមសត្វ ក្រុមប្រឹក្សាធុរកិច្ចមានការចាប់អារម្មណ៍ក្នុងការនាំមកកម្ពុជានូវផលិតផលមួយចំនួនដែលជួយដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថានពីសារធាតុអាម៉ូញាក់ដែលនៅក្នុងលាមកសត្វ ការណែនាំនូវផលិតផលដែលជួយដល់ផ្នែកជីវសុវត្ថិភាពក្នុងបរិវេណទីតាំងកសិដ្ឋានចិញ្ចឹមដើម្បីការពារជំងឺឆ្លងសត្វនានា (ដូចជាជំងឺប៉េស្តអាហ្វិ្រក) និងប្រភេទផលិតផលលាយជាមួយចំណីសត្វដែលអាចជួយផ្សាំទៅនឹងជំងឺនិងកាត់បន្ថយការប្រើប្រាស់វ៉ាក់សាំងការពារ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation