ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ទទួលបានថវិកាពីសប្បុរសជន ដើម្បីប្រើប្រាស់ជួយដល់ស្ត្រី នៅក្នុងពន្ធនាគារ ដែលពុំទាន់ទទួលបានការកាត់ក្ដី​
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនានេះ ​លោក ឈិន ឈីវសុង (Chen Qiuxong) ប្រធានក្រុមហ៊ុន ហាប៊័រ រៀលអ៊ីស្ទេត (Harbour Real Estate) បានដឹកនាំប្រតិភូ ចូលជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីប្រគល់ថវិកាមួយចំនួន ដល់ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ដើម្បីចូលរួមចំណែក ជួយដល់ក្រុមមេធាវីរបស់សម្ដេចតេជោ ដែលមានទិសដៅជួយដល់ស្ត្រីរងគ្រោះ ដែលពុំទាន់បានកាត់ក្ដី។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងពិធីនេះ លោក ឈីវ សុង បានជម្រាបជូន សម្តេចតេជោថា លោកបានមកកាន់​កម្ពុជា៥ឆ្នាំហើយ ហើយក៏បានសហការ ជាមួយឯកឧត្តម គី តិច និងឧកញ៉ា លី ប៉ោយូ រយៈពេល៥ឆ្នាំ​មកហើយ។ រយៈពេល៥ឆ្នាំមកនេះ លោកបានសង្កេតឃើញថា កម្ពុជាយើងមានសុខសន្តិភាព និងស្ថិរភាពពេញលេញ ហើយក៏កំពុងតែអភិវឌ្ឍផងដែរ។ ក្នុងន័យនេះ លោកបានមានប្រសាសន៍ថា កម្ពុជាគឺមានសក្ដានុពលខ្លាំងណាស់ ហើយអ្វីដែលសម្ដេច កំពុងតែធ្វើនៅពេលនេះ គឺជាការលើកទឹកចិត្ត ដល់វិនិយោគិន មកវិនិយោគនៅ​កម្ពុជា​ថែមទៀត។ ក្នុងន័យនេះ លោកក៏សូមគោរព ចូលរួមចំណែកជូនជាថវិកា ដើម្បីជួយដល់ក្រុមមេធាវី របស់សម្ដេចតេជោ ដែលមានទិសដៅ ជួយដល់ស្ត្រីរងគ្រោះ ដែលពុំទាន់បានកាត់ក្ដី នៅឡើយ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណ និងលើកទឹកចិត្ត ឲ្យលោកឈីវសុង បន្តការវិនិយោគនៅកម្ពុជាថែមទៀត ហើយក៏ជម្រាប លោក ឈីវសុង ដែរថា ថវិកាដែលទទួលបាន ពីលោក ឈីវ សុង នៅពេលនេះ នឹងប្រគល់ជូន ឯកឧត្តម គី តិច ដើម្បីប្រើប្រាស់ ជួយដល់ស្ត្រី នៅក្នុងពន្ធនាគារ ដែលពុំទាន់បានកាត់ក្ដីនៅឡើយ។

សម្ដេចបានបញ្ជាក់បន្ថែមថា ក្រុមមេធាវី ដែលបង្កើតឡើងនេះ គឺធ្វើយ៉ាងណា ជួយដល់ស្ត្រី ដែលជាប់ពាក់ព័ន្ធនឹងតុលាការ ដែលមិនទាន់បានកាត់ក្ដី ដែលមានប្រមាណ២/៣ នៅក្នុងព័ន្ធនាគារ ហើយសម្ដេចក៏បានជម្រាបជូន ប្រតិភូលោក ឈីវ សុង ផងដែរថា ព្រឹកមិញនេះ សម្តេចបានណែនាំ ទៅដល់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើយ៉ាងណា ឲ្យជំរុញការងារនេះ ឲ្យបានឆាប់រហ័ស។

គួររំឮកថា សម្តេចតេជោ ហ៊ុន សែន នាព្រឹកដដែលនេះ នៅក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្ស និងនិស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី, បានមានប្រសាសន៍ថា រួមទាំងថវិកាដែលសម្តេចបានដាក់ចូលក្នុងកុង (គណនីធនាគារ) បួកជាមួយនឹងថវិកា ដែលទទួលបាននៅ​ថ្ងៃនេះ ចំនួន៤ពាន់លានរសៀល ពីសប្បុរសជន​ ឥឡូវថវិកាដែលចូលទៅក្នុងកុង កើនឡើងទៅដល់ជាង៦ពាន់លានរៀល គឺស្មើនឹង ១​លាន៥សែនដុល្លារអាមេរិក។

សូមជម្រាបថា ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ត្រូវបានបានបង្កើតឡើងជារូបរាង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩​​ ដឹកនាំដោយឯកឧត្តម គី តិច។​ ទៅតាមខេត្តនីមួយៗ មានមេធាវី២រូបប្រចាំការ និងរាជធានី មានចំនួន៦រូបប្រចាំការ ក៏មានក្រុមអន្តរាគមន៍ ក្នុងករណីបន្ទាន់ចំនួន៦រូប សរុបទាំងអស់ ក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ចំនួន៦៧រូប។ ក្រុមមេធាវី​នេះ បង្កើតឡើង ក្នុងគោលដៅជួយដល់ស្ត្រីក្រីក្រ ទូទាំងប្រទេស ដែលទទួលរងនូវអំពើរំលោភបំពាន តាមផ្លូវច្បាប់ ខ្វះការការពារសិទ្ធិ និងពុំមានលទ្ធភាព ទទួលបានសេវាការពារពីមេធាវី៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation