ព័ត៌មានជាតិ

មេដឹកនាំកងទ័ពជើងគោកកម្ពុជានិងហ្វីលីពីន ប្តេជ្ញាពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី

image

ភ្នំពេញ៖ នៅក្នុងជំនួបសម្តែងការគួរសម នៅក្នុងជំនួបសម្តែងការគួរសម ជាមួយឧត្តមសេនីយ៍ទោឡេណាត អាហ្គុសស្ទីន (Lenard Agustin) មេបញ្ជាការកងពលធំថ្មើរជើងលេខ៧ នៃកងទ័ពជើងគោកហ្វីលីពីនកាលពីរសៀលថ្ងៃទីចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីបញ្ជាការកងទ័ពជើងគោក រាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូកងហ្វីលីពីន ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេស បានមកចូលរួមអបអរសាទរពិធី ខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតកងពលតូច លេខ៧០ នៃកងទ័ពជើងគោកកម្ពុជា និង បានអញ្ជើញមកកាន់ទីបញ្ជាការ កងទ័ពជើងគោកផងដែរ។

ក្នុងនាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ ក្រោយពី ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះអនុស្សរណៈរួមគ្នាកាលពី ឆ្នាំ២០១៧ ដែលបានបើកឱកាសឲ្យកងទ័ពទាំងពីរ អាចធ្វើការជាមួយគ្នា និងជួយគ្នាទៅវិញទៅមក។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនគណៈប្រតិភូអំពីប្រវត្តិនៃការបង្កើតកងទ័ពជើងគោកកម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលនៃការកសាងសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ ដោយចំពោះមុខកងទ័ពជើងគោក កម្ពុជាក៏កំពុងអនុវត្តផែនការកំណែទម្រង់របស់ខ្លួនផងដែរ ដែលក្នុងនោះកិច្ចការជាអាទិភាព គឺការកសាងធនធាន មនុស្សក្នុងកងទ័ព។

នៅក្នុងជំនួបសម្តែងការគួរសម ឧត្តមសេនីយ៍ទោ ឡេណាត អាហ្គុសស្ទីន (Lenard Agustin) មេបញ្ជាការកងពលធំថ្មើរជើង លេខ៧នៃកងទ័ពជើងគោកហ្វីលីពីន បានថ្លែងអំណរគុណចំពោះ លោកមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលបានអនុញ្ញាត ទទួលជួបស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពហ្វីលីពីន។ ប្រធានគណៈប្រតិភូក៏បានវាយតម្លៃខ្ពស់ និង កោតសរសើរអំពីវឌ្ឍនភាពរីកចម្រើនរបស់កម្ពុជា ក្នុងនោះវិស័យការពារជាតិក៏មានភាពរីកលូតលាស់។ ជាក់ស្តែងទិដ្ឋភាព ក្នុងឱកាស ដែលគណៈប្រតិភូបានចូលរួមពិធីខួបលើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ៧០។

នៅក្នុងការពិភាក្សា ភាគីទាំងពីរក៏បាន ឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ការបន្តជួយគ្នាទៅវិញទៅមក ការបណ្តុះបណ្តាល ការផ្លាស់ប្តូរទស្សនកិច្ច និងការចែករំលែកព័ត៌មាន។ នៅចុងបញ្ចប់នៃការពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកដោយភាពស្និទ្ធស្នាល និងក្នុងស្មារតីកិច្ចសហប្រតិបត្តិការខ្ពស់៕ដោយ៖មួង សុវណ្ណារិទ្ធ


ព័ត៌មានទាក់ទង...