រដ្ឋបាលខេត្តរតនគិរី ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ ៧ព្រះវស្សា
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ នៅព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៩នេះ ឯកឧត្តម ថង សាវុនអភិបាលខេត្តបានដឹកនាំមន្រ្តីរាជការមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិ ​ព្រះបរមរតនកោដ្ឋ ក្នុង​ខួប៧ឆ្នាំ​ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ​ បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដ៏ជាទីស្នេហារបស់ព្រះអង្គ ហើយក៏ជាថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។

សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បាន​ប្រសូត្រនៅថ្ងៃ១១កើតខែកក្តិកឆ្នាំច ចត្វាស័កព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ខែតុលាឆ្នាំ១៩២២ហើយព្រះអង្គយាង​សោយ​ព្រះ​ទិវង្គត នៅ​វេលា​ម៉ោង ​១​,២០​នាទី រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយ​ព្រះជរាពាធ នៅ​មន្ទីរពេទ្យនាទីក្រុង​ប៉េកាំង ប្រទេស​​ចិន។

សម្តេចព្រះនរោត្តម សីហនុ គឺជាឥស្សរៈជនលេចធ្លោបំផុត ក្នុងឆាកនយោបាយកម្ពុជា ក្នុងរយៈកាលប្រមាណជា ៧ទសវត្សរ៍កន្លងទៅ។ ព្រះអង្គឡើងគ្រងរាជបល្ល័ង្ក ជាព្រះមហាក្សត្រខ្មែររហូតដល់ទៅ២លើក ហើយបានដាក់រាជ្យ២លើក សម្តេចព្រះនរោត្តម សីហនុ គឺជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុត នៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើប រាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំង សម័យរុងរឿងក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហម រហូតដល់យុគសម័យសន្តិភាពការផ្សះផ្សារជាតិ និងការបង្កើត របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងទសវត្សរ៍ទី៩០។

ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ និងសូមក្រាបថ្វាយព្រះពរដល់ ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ បានយាងទៅសោយសុខនៅឋានសួគ៌ាកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation