អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យឆេក វិនិយោគលើការផលិតយន្តហោះខ្នាតតូច ឬ ការបណ្តុះបណ្តាលបើកយន្តហោះខ្នាតតូចនៅកម្ពុជា ដើម្បីជម្រុញការហោះហើរនិងលើកកម្ពស់វិស័យទេសចរណ៍
| ព័ត៌មានជាតិ
SHARE

ឆេក៖ ក្នុងឱកាសអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅទីក្រុងប្រាក ប្រទេសឆេក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមកិច្ចប្រជ៉ំពាណិជ្ជកម្ម និងចុះអនុស្សារណៈស្តីពី កិច្ចសហប្រតិបត្តិការពណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្ម នៃសាធារណរដ្ឋឆេក ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ការេល ហាវិលីខេក រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋឆេក។

នៅក្នុងពិធីដែលធ្វើឡើងក្នុងសាលនៃក្រសួងកាបរទេស នៃសាធារណរដ្ឋឆេក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា កិច្ចប្រជុំពាណិជ្ជកម្មកម្ពុជា ឆេក នាពេលនេះពិតជាមានសារសំខាន់ណាស់ ដែលចាត់ទុកជាប្រវត្តិសាសាស្រ្ត ដែលសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរបានចូលរួមចំណែកលើកកម្ពស់ពាណិជ្ជកម្មសេដ្ឋកិច្ច ទេសចរណ៍ វិនិយោគរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះអ្នកឧញ៉ា គិត ម៉េង បានថ្លែងបន្តថា យើងនឹងផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងកិច្ចការបច្ចេកទេស វិទ្យាសាស្រ្ត សេដ្ឋកិច្ច និងផ្នែកឧស្សាហកម្មរវាងសមាជិក នៃសភាពាណិជ្ជកម្ម នៃប្រទេសកម្ពុជា និងសភាពាណិជ្ជកម្ម នៃសាធារណរដ្ឋឆេក។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឆេក មានទំនាក់ទំនងតាំងពីឆ្នាំ១៩៥៧ ហើយចំណងការទូតមានទំនាក់ទំនងយូរអង្វែង ជាពិសេសព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គក៏បានសិក្សាអប់រំនៅក្នុងប្រទេសឆេកនៅឆ្នាំ១៩៦២កន្លងទៅ ក្នុងនោះឆេក និងកម្ពុជាក៏ជាប្រទេសមានវ័យចំណាស់ វប្បធម៌ដ៏ល្អដែលជាសក្តានុពលអាចសហការគ្នាបានក្នុងវិស័យទេសចរណ៏ប្រទេសទាំងពីរ។

អ្នកឧកញ៉ា គិត ម៉េង លើកឡើងថា ឆេកជាប្រទេសមួយដែលមានបច្ចេកវិទ្យា សំភារៈគ្រឿងយន្ត ដែលមានបច្ចេកទេសខ្ពស់ ក៏ប៉ុន្តែបច្ចុប្បន្នមិនសូវមានទីផ្សារនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺការវិនិយោគមិនមានចំនួនច្រើន ដូច្នេះហើយក៏ជាឱកាសមួយសំរាប់វិនិយោគិន នៃប្រទេសឆេក អាចចាប់យកឱកាសនេះវិនិយោគនៅកម្ពុជា ក្រៅពីនេះឆេកក៏អាចចាប់យកកិច្ចសហការវិនិយោគផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ផ្នែកសន្តិសុខព័ត៌មានវិទ្យាក្នុងបណ្តាញអ៊ិនធើណេត ការប្រមូលផ្តុំទិន្នន័យ ជាដើម។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងស្នើឲ្យវិនិយោគិននៃសាធារណៈរដ្ឋឆេក វិនិយោគការផលិតយន្តហោះខ្នាតតូច រឺការបណ្តុះបណ្តាលការបើកយន្តហោះខ្នាតតូចនៅកម្ពុជា ដើម្បីជម្រុញការហោះហើរក្នុងប្រទេសកម្ពុជា ពីខេត្តមួយទៅខេត្តមួយក្នុងការលើកកំពស់វិស័យទេសចរណ៍។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានស្នើឲ្យរដ្ឋាភិបាលសាធារណៈរដ្ឋឆេកបង្កើតការហោះហើរត្រង់ទៅកម្ពុជា។

ដោយសារតែទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឆេកនៅមានទំហំតូចនៅឡើយពោលគឺប្រមាណ២៤៣លានដុល្លានៅឆ្នាំ២០១៨ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា មិនប្រើអស់នូវសក្កានុពលរវាងប្រទេសទាំងពីរឡើយ។ ចំណែកការវិនិយោគក៏នៅមានចំនួនតិចតួច អ្នកឧកញ៉ា គិត ម៉េង ក៏បានស្នើឆេកបង្កើនទំហំពាណិជ្ជកម្មអោយបានច្រើនជាងនេះនៅកម្ពុជា ខណៈដែលកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រមាណជាង៧ភាគរយជារៀងរាល់ឆ្នាំ។

អ្នកឧកញ៉ា គិត ម៉េង ជម្របដល់វិនិយោគិនឆេក និងរដ្ឋាភិបាលឆេកថា កម្ពុជាមានវិស័យច្រើនដែលអាចវិនិយោគដូចជា ផ្នែកកសិឧស្សាហកម្ម ទេសចរណ៍ ការកែច្នៃអាហារ សំណង់ បង្គុំរថយន្ត អគ្គិសនី និងសុខាភិបាល ព្រមទាំងរាជរដ្ឋាភិបាលមានគោលនយោបាយយកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនជាតិ និងអន្តរជាតិ។

នៅក្នុងពិធីនេះ ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ការេល ហាវិលីខេក រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋឆេក បានគាំទ្រឲ្យសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនៃសាធារណរដ្ឋឆេកខិតខំប្រឹងកិច្ចសហការជារួមគ្នា ដើម្បីឲ្យសេដ្ឋកិច្ច វិនិយោគមានការកើនឡើង។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូត ជាមួយអតីតសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូតនៃ ប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ឆ្នាំ១៩៧៩ កម្ពុជាបានភ្ជាប់ទំនងទំនង ជា មួយនឹងសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ត្រូវបានបង្កើតឡើងវិញ បន្ទាប់ពីប្រទេសឆេកូស្លូវ៉ាគី បែងចែកជាពីរប្រទេស៕ដោយ៖ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation