អ្នកឧកញ៉ា គិត ម៉េង បង្ហាញប្រាប់វិនិយោគិនឆេក និងរដ្ឋាភិបាលឆេកថា កម្ពុជាមានវិស័យច្រើនដែលអាចវិនិយោគ
| ព័ត៌មានជាតិ
SHARE

ឆេក៖ ក្នុងឱកាសអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនៅទីក្រុងប្រាក ប្រទេសឆេក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមកិច្ចប្រជ៉ំពាណិជ្ជកម្ម និងចុះអនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការពណិជ្ជកម្មរវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្ម នៃសាធារណរដ្ឋឆេក ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ការេល ហាវិលីខេក រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋឆេក។

អ្នកឧកញ៉ា គិត ម៉េង លើកឡើងថា ឆេកជាប្រទេសមួយដែលមានបច្ចេកវិទ្យា សម្ភារគ្រឿងយន្ត ដែលមានបច្ចេកទេសខ្ពស់ ក៏ប៉ុន្តែបច្ចុប្បន្នមិនសូវមានទីផ្សារនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺការវិនិយោគមិនមានចំនួនច្រើន ដូច្នេះហើយក៏ជាឱកាសមួយសម្រាប់វិនិយោគិន នៃប្រទេសឆេកអាចចាប់យកឱកាសនេះវិនិយោគនៅកម្ពុជា ក្រៅពីនេះឆេកក៏អាចចាប់យកកិច្ចសហការវិនិយោគផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ផ្នែកសន្តិសុខព័ត៌មានវិទ្យាក្នុងបណ្តាញអ៊ីនធឺណិត ការប្រមូលផ្តុំទិន្នន័យ ជាដើម។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងស្នើឲ្យវិនិយោគិននៃសាធារណរដ្ឋឆេកវិនិយោគការផលិតយន្តហោះខ្នាតតូច ឬការបណ្តុះបណ្តាលការបើកយន្តហោះខ្នាតតូចនៅកម្ពុជា ដើម្បីជំរុញការហោះហើរក្នុងប្រទេសកម្ពុជា ពីខេត្តមួយទៅខេត្តមួយក្នុងការលើកកម្ពស់វិស័យទេសចរណ៍។

អ្នកឧកញ៉ា គិត ម៉េង បានស្នើឲ្យរដ្ឋាភិបាលសាធារណរដ្ឋឆេកបង្កើតការហោះហើរត្រង់ទៅកម្ពុជា។ដោយសារតែទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឆេកនៅមានទំហំតូចនៅឡើយពោលគឺប្រមាណ២៤៣លានដុល្លានៅឆ្នាំ២០១៨ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា មិនប្រើអស់នូវសក្កានុពលរវាងប្រទេសទាំងពីរឡើយ។ ចំណែកការវិនិយោគក៏នៅមានចំនួនតិចតួច អ្នកឧកញ៉ា គិត ម៉េង ក៏បានស្នើឆេកបង្កើនទំហំពាណិជ្ជកម្មឲ្យបានច្រើនជាងនេះនៅកម្ពុជា ខណៈដែលកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រមាណជាង៧ភាគរយជារៀងរាល់ឆ្នាំ។

អ្នកឧកញ៉ា គិត ម៉េង ជម្រាបដល់វិនិយោគិនឆេក និងរដ្ឋាភិបាលឆេកថា កម្ពុជាមានវិស័យច្រើនដែលអាចវិនិយោគដូចជា ផ្នែកកសិឧស្សាហកម្ម ទេសចរណ៍ ការកែច្នៃអាហារ សំណង់ បង្គុំរថយន្ត អគ្គិសនី និងសុខាភិបាល ព្រមទាំងរាជរដ្ឋាភិបាលមានគោលនយោបាយយកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនជាតិ និងអន្តរជាតិ៕អត្ថបទ ៖ ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation