ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ សមាគមអ្នកកាសែត រួមគ្នាការពារសេរីភាពកម្ពុជា កុំឲ្យបរទេសនិយាយវាយតម្លៃយើង កុំទុកឲ្យបរទេសធ្វើមនោគម លើប្រជាតិជាតិយើង
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម ហ៊ុយ វណ្ណៈ មានប្រសាសន៍ថា សមាគមអ្នកកាសែតទាំងអស់នៅកម្ពុជា គួរតែចាប់ផ្តើមរួមគ្នា ដើម្បីធ្វើសេចក្តីថ្លែងការណ៍ ការពារពីសេរីភាពនៅកម្ពុជា ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគំាទ្រ ចំពោះការលើកឡើង របស់ឯកឧត្តម ហ៊ុយ វណ្ណៈ។

ក្នុងឱកាស សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រៀបចំសមាជលើកទី២ បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក អាណត្តិថ្មី ប្រធានសហភាពសហព័ន្ឋ អ្នកសាព័ត៌មានកម្ពុជា (ស.ស.ស.ក) ឯកឧត្តម ហ៊ុយ វណ្ណៈ មានប្រសាសន៍អំពាវនាវ ឲ្យសមាគមអ្នកកាសែត រួមគ្នាធ្វើសេចក្តីថ្លែងការណ៍រួម និងធ្វើរបាយការណ៍វាយតម្លៃ ពីសេរីភាព គុណភាពព័ត៌មាន នៅកម្ពុជា កុំឲ្យបរទេសខាងក្រៅ និយាយវាយតម្លៃយើង កុំទុកឲ្យបរទេសធ្វើមនោគម លើប្រជាតិជាតិយើង។

នៅក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារិទ្ឋ មានប្រសាសន៍ថា អាគារសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ មិនមែនត្រឹមតែស្កឹមស្កៃ និងបង្ហាញរូបរាងតែប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីអនាគត ដ៏ត្រចះត្រចង់ នៃសារព័ត៌មាននៅកម្ពុជា។ ពិតមែនហើយកម្ពុជាមានសមាគម អ្នកកាសែតជាង៣០សមាគម ដូច្នេះឯកឧត្តមគាំទ្រ ដែលឯកឧត្តម ហ៊ុយ វណ្ណៈ អំពាវនាវឲ្យសមាគមអ្នកកាសែតរួមគ្នា ដើម្បីការពារសេរីភាពសារព័ត៌មាននៅកម្ពុជា។ ទោះយ៉ាងណាក៏ដោយ ឯកឧត្តម បញ្ជាក់ថា អ្នកកាសែតកម្ពុជា កំពុងប្រឈមនឹងបញ្ហាចំនួន៣ទៀត ទី១នៅខ្វះការអប់រំពាក់ព័ន្ឋនឹងច្បាប់ ទី២ នៅខ្សោយការប្រើប្រាស់បច្ចេកវិទ្យា និងទី៣ នៅខ្វះអ្នកសារព័ត៌មាន ដែលចេះវិភាគព័ត៌មានជាតិ និងអន្តរជាតិ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) កាលពីថ្ងៃ២តុលា បានរៀបចំសមាជលើកទី២ បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក អាណត្តិថ្មី ដឹកនាំការងាររយៈពេល ៣ឆ្នាំបន្ត ឆ្នាំ២០១៩-២០២២ នៅអគារសេរីភាព តំបន់អភិវឌ្ឍន៍ថ្មី OCIC ជ្រោយចង្វា ទល់មុខអគារ សហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ជាលទ្ធផលឯកឧត្តម ហ៊ុយ វណ្ណៈ បានបន្ដជាប់ឆ្នោតជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) សម្រាប់អាណត្តិទី២ ដោយសំឡេងបោះឆ្នោត ២០ លើ២០។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ត្រូវបានបង្កើតឡើងដោយការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធន៍ បំរើការងារនៅស្ថាប័នជាតិនិងអន្តរជាតិផ្សេងៗគ្នា ដូចជាវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអនឡាញ (Online) ដែលមានមូលដ្ឋាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ការរួមគ្នាបង្កើតសហព័ន្ធនេះឡើង ក្នុងគោល បំណងជំរុញ និងពង្រឹងវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែ ល្អប្រសើរថែមទៀត និងជាពិសេសការពារ និងបំរើ ផលប្រយោជន៍អ្នកសារព័ត៌មាន។

សហភាពសហព័ន្ធអ្នកសារព័តមានកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។ មួយអាណត្តិបីឆ្នាំកន្លងមកនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកសាងសមិទ្ធិផលជាច្រើន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងជាដៃគូរអង្គការស្ថាប័នជាតិ អន្តរជាតិ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation