អ្នកឧកញ៉ា គិត ម៉េង លើកទឹកចិត្តដល់ធុរជនកូរ៉េមកវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយខាងត្បូងថ្មី ដែលផ្តួចផ្តើមដោយឯកឧត្ដម មូន ជេអ៊ីន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងឱ្យវិស័យឯកជនដឹកនាំ សមាជិកសមាជិកាអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែននិងឯកឧត្តម មូន ជេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដែលប្រារព្ធធ្វើនៅវិមានសន្តិភាព។

តាមរយៈសុន្ទរកថាបើកវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ អ្នកឧកញ៉ា គិត ម៉ង បានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ចំនួនបីលើកមកហើយ ដែលប្រព្រឹត្តនៅសណ្ឋាគារអាំងទែកុងទីណង់តាល់ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី និងអតីតប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដូចជា ឯកឧត្ដមប្រធានាធិបតី គីម ដេ-ជុន ឯកឧត្ដមប្រធានាធិបតី រូ មូ យ៉ុន និង ឯកឧត្ដមប្រធានាធិបតី លី ម៉្យុងបាក់។ អ្នកឧកញ៉ា គិត ម៉េង បន្តថា កូរ៉េ គឺជាដៃគូវិនិយោគនិងពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ ប្រទេសទាំង២បានចុះហត្ថលេខាលើសន្ធិសញ្ញាវិនិយោគ ទ្វេរភាគីនៅក្នុងឆ្នាំ១៩៩៧។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ទៀតថា ការវិនិយោគរបស់កូរ៉េនៅកម្ពុជាមានចំនួន២១២គម្រោង ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន៤.៥៦ពាន់លានដុល្លារ ចាប់ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ២០១៨។ ពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយនៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មសរុបមានចំនួន៩៧៥លានដុល្លារ កើនឡើង១១% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ ដែលឆ្នាំកន្លងទៅនេះ ភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជា មានចំនួនជាង៣០ម៉ឺននាក់ ជាងនេះទៅទៀត វប្បធម៌កូរ៉េ ជាពិសេស ភាពយន្ត និងតន្ត្រី។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍សង្កត់ធ្ងន់ថា អ្នកឧកញ៉ាសូមលើកទឹកចិត្តដល់ធុរជនកូរ៉េធ្វើការវិនិយោគ បន្ថែមនៅកម្ពុជាលើវិស័យជាច្រើនផ្សេងៗ ស្របតាមគោលនយោបាយខាងត្បូងថ្មី ដែលផ្តួចផ្តើមដោយ ឯកឧត្ដមប្រធានាធិបតី មូន ជេអ៊ីន។

ដោយ អ្នកឧកញ៉ា គិត ម៉េង បានអះអាងថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលមានភាពរីកចម្រើន លឿនបំផុតនៅលើពិភពលោក និងប្រកបដោយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងនយោបាយ។ ក្នុងរយៈពេលមធ្យម កម្ពុជានឹងអាចរក្សាបាននូវកំណើន៧%ក្នុងមួយឆ្នាំ ហើយកម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។

យោងតាមការបញ្ជាក់របស់ អ្នកឧកញ៉ា គិត ម៉េង ព្រះរាជាណាចក្រកម្ពុជាមានទីតាំងយុទ្ធសាស្រ្តស្ថិតនៅចំបេះដូងអាស៊ាន ដែលជាតំបន់ប្រកបដោយថាមពល មានផលិតផលក្នុងស្រុកសរុបចំនួន ២,៧ទ្រីលាន ដុល្លារ និងជាទីផ្សារមានទំហំដ៏ធំមានប្រជាជនចំនួន៦៤០លាននាក់៕អត្ថបទ៖ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation