​នគរបាលកម្ពុជានិងកូរ៉េបើកវគ្គបណ្តុះបណ្តាលលើកទី៥ស្តីពីការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា
| ព័ត៌មានជាតិ
SHARE

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយទីភ្នាក់ងារនគរបាលសាធារណរដ្ឋកូរ៉េបានរួមគ្នាបើកវគ្គបណ្តុះបណ្តាលស្តីពី ការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យាដើម្បីលើកកម្ពស់ការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ព័ត៌មាន និងទូរគមនាគមន៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

​ពិធីបើកវគ្គប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៤ តុលានេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក លី សាង ហ៊ុន (Lee Sang Hoon) កុងស៊ុលច្បាប់ របស់ស្ថានទូត សាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក លី សាង ហ៊ុន (Lee Sang Hoon) កុងស៊ុលច្បាប់ របស់ស្ថានទូត សាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ឲ្យដឹងក្នុងពិធីបើកវគ្គថា នេះជាឆ្នាំទី៥នៃ ការបើកវគ្គបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា នៃការបន្តកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានិងទីភ្នាក់ងារនគរបាលសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំនេះភាគីនគរបាលកូរ៉េបានបញ្ជូនភ្នាក់ងាបច្ចេកទេសជំនាញ ខាងផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលត្រូវបានជ្រើសរើសក្នុងក្នុងចំណោមមន្ត្រីប៉ូលិសកូរ៉េទាំងអស់ដើម្បីមកធ្វើការបណ្តុះបណ្តាលដល់នគរបាលកម្ពុជា។ លោកបន្ថែមថា ការសិក្សាទាំងនេះអាចជួយអោយនគរបាលកម្ពុជា ជួយប្រជាជនខ្មែរមានសុវត្ថិភាព ពីឧក្រិដ្ឋកម្មលើប្រព័ន្ធ អ៊ីនធឺណិត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលថា ដើម្បីលើកកម្ពស់ការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្នើសុំឲ្យភ្នាក់ងារនគរបាលជាតិកូរ៉េ ជួយដល់មន្ត្រីនគរបាលជាតិកម្ពុជាលើកិច្ចបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពបន្ថែមទៀតនិងជំរុញយន្តការផ្លាស់ប្តូរព័ត៌មានដើម្បីមានមូលដ្ឋានក្នុងការបង្កើតការ យល់ដឹង ទប់ស្កាត់និងស៊ើបអង្កេតលើបទល្មើសបច្ចេកវិទ្យាព័ត៌មានអោយកាន់តែមានភាពប្រសើរជាមុន។

គួរបញ្ជាក់ថានេះជាលើកទី៥ហើយនៃការបើកវគ្គបណ្តុះបណ្តាលស្តីពី ការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យារវាងនគរបាលកម្ពុជានិងនគរបាលមកពីប្រទេសកូរ៉េ វគ្គសិក្សានេះមានរយៈពេល២សប្តាហ៍ ដែលមានសិក្ខាកាមចូលរួមចំនួន៣៥នាក់មកពីនាយកដ្ឋានផ្សេងៗចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានគ្រូឧទ្ទេសនាមមានជំនាញនិងបទពិសោធពីប្រទេសកូរ៉េដែលក្នុងនោះមានមេរៀនជាច្រើនត្រូវបានលើកយកមកបណ្តុះ បណ្តាលពាក់ព័ន្ធនិងការប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន៕អត្ថបទ​៖ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation