ព័ត៌មានជាតិ

ឃុំចំនួនពីរនៅស្រុកកែវសីមា ទទួលបានអណ្តូងទឹកស្អាតចំនួន០៣ ពីសមាគមន៍មនុស្សធម៍មួយនៅកម្ពុជា

image

មណ្ឌលគិរី៖ ដើម្បីជួយដោះស្រាយនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបនូវការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលនោះ  សមាគមន៍ក្លឹបរ៉ូតថារី ភ្នំពេញ សេនត្រល បានផ្តល់ជាអណ្តូងទឹកស្អាតចំនួន៣ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅឃុំចំនួន២ គឺឃុំស្រែខ្ទុម និងឃុំស្រែឈូក ស្រុកកែវសីមា នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។

លោក ឈ វេងងួន ដែលជាប្រធានសមាគមន៍ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល បានថ្លែងថា សព្វថ្ងៃនេះសមាគមន៍របស់លោក បានធ្វើការងារជាផ្នែកមនុស្សធម៌អន្តរជាតិ ដោយផ្តោតសំខាន់លើវិស័យសុខាភិបាល ការអប់រំ ការគាំពារម្តាយនិងទារក លើវិស័យទឹកស្អាត និងជួយដល់ប្រជាពលរដ្ឋដែលមិនមានលទ្ធភាពគ្រាប់គ្រាន់ក្នុងការបង្កើតមុខរបរចិញ្ចឹមជីវិត។ លោកបន្ថែមថា កន្លងមកសមាគមន៍ក្លឹបរ៉ូតថារីភ្នំពេញសេនត្រល បានធ្វើកន្លែងលាដៃចំនួន០២ដល់សាលាបឋមសិក្សាព្រែកកាបៅ ដើម្បីចូលរួមលើកកម្ពស់អនាម័យសុខភាពរបស់ប្អូនសិស្សានុសិស្ស ក៏ដូចជាអ្នកគ្រូលោកគ្រូ និងចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលតាមរយះការទប់ស្កាត់នូវជំងឺផ្សេងៗមុននិងក្រោយពេលហូបអាហារ។

លោក ឈ វេងងួន បានបញ្ជាក់ថា ដោយមើលឃើញពីភាពជាក់ស្តែង និងជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយជាតំបន់មួយដាច់ស្រយាលជាងគេ សមាគមន៍ក្លឹបរបស់លោក បានផ្តល់អណ្តូងទឹកស្អាតចំនួន០៣ នៅឃុំចំនួន២ នៅស្រុកកែវសីមា ដោយចំណាយថវិការជាង៣ពាន់ដុល្លា ក្នុងនោះក្រុមការងារក៏បាននាំយកសម្ភារៈសិក្សាមួយចំនួនចែកជូនដល់ប្អូនៗសិក្សានុសិស្សផងដែរ។

ជាមួយគ្នានេះ លោក ឈ វេងងួន បានស្នើដល់ប្រជាពលរដ្ឋពលរដ្ឋទាំងអស់ ក្រោយពីទទួលបានអណ្តូងទឹកស្អាតទាំងនេះ ត្រូវចូលរួមថែរក្សា ការពារសមិទ្ធផលទាំងនេះឲ្យបានគង់វង្ស សម្រាប់ជាផលប្រយោជន៍រួម និងប្រើប្រាស់បានយូរអង្វែង។ អត្ថបទ ប៊ុត សុភក្រ័