សមាគម​គ្រូពេទ្យ​TYDAចុះពិនិត្យ និង​ព្យាបាល​ជម្ងឺ​ជូន​ពលរដ្ឋដោយឥតគិតថ្លៃជិត ៥០០០​នាក់ នៅឃុំ​សណ្តែក ស្រុក​បាធាយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ​៖សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ជិត ៥០០០​នាក់ ស្ថិតក្នុង​បរិវេណ​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន សណ្តែក ភូមិ​កំ​ប៉ាល ឃុំ​សណ្តែក ស្រុក​បាធាយ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩​ម្សិលមិញនេះ។​

​តាមរយ​:​ការចុះពិនិត្យ និង​ព្យាបាល​សុខភាព ជូន​ប្រជាពលរដ្ឋ​ដោយបាន​ព្យាបាល​ជំងឺ​ទូទៅ ជំងឺ​មាត់​ធ្មេញ ត្រចៀក ច្រមុះ បំពង់ក រោគ​ស្ត្រី ស្ត្រី​មាន​ផ្ទៃពោះ និង​ការវះកាត់​តូចៗ ដែល​សកម្មភាព​មនុស្ស​ធម៌​នេះ ដឹកនាំ​ដោយ​លោក ចាន់ សុ​ភ័​ស្ត អនុប្រធាន​ប្រតិបត្តិ​សមាគម​គម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុ​វជ​ជន​សម្តេច​តេ​ជោ​(TYDA) តំណាង​លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សា​សមាគម និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី រួម​និង​ថ្នាក់ដឹកនាំ​សមាគម TYDA មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន កម្លាំង​ស្ម័គ្រចិត្ត​យុវជន និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។​

​លោក ចាន់ សុ​ភ័​ស្ត បាន​ឲ្យ​ដឹងថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រិ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែ​គិតគូរ យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ និង​សុខមាលភាព​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​។ ដូច្នេះ​ទើប​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​បង្កើតអោយមាន​ក្រុមគ្រូពេទ្យ​នេះ​ឡើង ដើម្បី​ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​បងប្អូន ដោយ​ឥតគិតថ្លៃ ជាពិសេស​ប្រជាពលរដ្ឋ​ដែរ​រស់​នៅតាម​ទីជនបទ​។

​លោក ឈឹម សារ៉េត ទីប្រឹក្សា​សម្តេច​តេ​ជោ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​លទ្ធកម្ម​សាធារណៈ​ក្រសួង​សេដ្ឋកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​បាធាយ​ទទួលបន្ទុក​ការងារ​យុវជន បាន​មានប្រសាសន៍ថា​វិស័យ​សុខាភិបាល​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ការរស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ដែល​នេះ​គឺជា​ការគិតគូរ​យកចិត្ត​ទុកដាក់​របស់​រាជរ​ដ្ឋា​ភិ​បាល​ចំពោះ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​យើង​រស់​នៅបាន​សុខ​សប្បាយ​។ ដូច្នេះ​យើងទាំងអស់គ្នា​ចូលរួម​ថែរក្សា​ភាពសុខសាន្ត​របស់​យើង​ដោយ​មិន​ទៅ​ចូលរួម​ទង្វើ​ណាមួយ​ដែល​ខុសច្បាប់​។​

​ប្រជាពលរដ្ឋ ដែល​បានទទួល​សេវា​ពិនិត្យ​សុខភាព និង​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត បាន​សំដែង នូវ​ក្តីរំភើប​សប្បាយរីករាយ រក​អ្វី​ប្រៀប​ស្មើ​ពុំបាន ដែលមាន​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋិ​បណ្ឌិត តែងតែ​គិតគូរ​ពី​សុខភាព ជូន​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​គិតពី​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​ពួកគាត់​បានអោយដឹង​ទៀតថា ការព្យាបាល​សុខភាព ជូន​ពួកគាត់​នាពេលនេះ គឺ​បាន​កាត់បន្ថយ​ការចំណាយ ក្នុង​ក្រុមគ្រួសារ​របស់​ពួកគាត់ ស្រប​ពេលដែល​ជីវភាព​របស់​ពួកគាត់​នៅតាម​ទីជនបទ​កំពុង​ជួប​នូវ​ការ​ខាត់ និង​នៅ​ឆ្ងាយ​ពី​មន្ទីរពេទ្យ​។

​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី​៤ ហើយ ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) បាន​ចុះ​ពិនិត្យ និង​ព្យាបាល​សុខភាព ជូន​ប្រជាពលរដ្ឋ ដោយ​មិន​គិតថ្លៃ​ក្នុង​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ នៅក្នុង​ប្រទេស​កម្ពុជា ក៏​ជាការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល និង​មន្ត្រីរាជការ អាជ្ញាធរ ថ្នាក់ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ យុវជន ក្នុងការ​បម្រើសេវា​សុខាភិបាល បង្ខិត​ឱ្យនៅ​ជិត​ប្រជាពលរដ្ឋ ដើម្បី​ជួយ​សម្រាល​នូវ​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ​៕ដោយ៖មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation