សិស្សជាប់និទ្ទេស "A" ១៣នាក់ នៅខេត្តព្រះសីហនុទទួលបានម៉ូតូមួយគ្រឿងនិងប្រាក់ម្នាក់១០០០ដុល្លា
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស "A" នៅវិទ្យាល័យ ហ៊ុន សែន ក្រុង ស្ថិតនៅសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះ សីហនុ ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩ ។

លោកស្រី អ៊ុច សោភា ប្រធាន មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងឆ្នាំសិក្សា២០១៨- ២០១៩ ខេត្តព្រះសីហនុ មានបេក្ខជនប្រឡងសរុប ១.៥៧០នាក់ ស្រី ៧៥០ នាក់ ប្រឡងជាប់ ១.២២៤នាក់ ស្រី ៦០៥នាក់ ស្មើនឹង ៧៧.៩៦ភាគរយ ។ ក្នុងនោះសិស្សជាប់និទ្ទេសចំនួនA ១៣នាក់ ស្រី ៦នាក់ សិស្សនិទ្ទេសB ៤៧នាក់ ស្រី ២៧នាក់ និទ្ទេសC  ៨៥នាក់ ស្រី ៤៩នាក់ និទ្ទេសD ចំនួន ២២១ នាក់ ស្រី ១២០នាក់ និងនិទ្ទេសE ៨៥៨នាក់ ស្រី ៤០៣នាក់ ។

គ្រឹះស្ថានសិក្សាមានសិស្សប្រឡងទទួលបាននិទ្ទេសA មានចំនួន៥ ក្នុងនោះ ៖

-វិទ្យាល័យក្រុងព្រះសីហនុ មាននិទ្ទេស A  ៥នាក់ ស្រី ២នាក់ 

-វិទ្យាល័យជីវិតចំនួន ៣នាក់ ស្រី 

-វិទ្យាល័យហ៊ុនសែនមិត្តភាពចំនួន ២នាក់ ប្រុសទាំង២ 

-វិទ្យាល័យហ៊ុនសែនវាលរេញ ២នាក់ ប្រុស និងវិទ្យាល័យហ៊ុនសែនព្រៃនប់ ០១នាក់ ស្រី 

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីការិយាល័យជំនាញ គណៈគ្រប់គ្រងវិទ្យាល័យមលោកគ្រូ អ្នកគ្រូ គ្រឹះស្ថានសាធារណៈ និងឯកជនបានខិតខំបង្ហាត់បង្រៀនក្មួយៗសិស្សជ័យលាភីក្នុងសម័យប្រឡង១៩ សីហា ២០១៩ បានទទួលលទ្ធផលល្អយ៉ាងត្រចេះត្រចង់ ក្នុងការកសាងសមត្ថភាព និងអភិវឌ្ឍធន ធានមនុស្សប្រកបដោយគុណភាពសមត្ថភាព និងគុណធម៌ ជាកត្តាគន្លឹះសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែង ពិសេសក្នុងពេលដែលកម្ពុជាឈានចូលជាប្រទេសចំណូលមធ្យមកម្រិតទាបក្នុងពេលដ៏ខ្លីខាងមុខ ហើយបន្តឡើងទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តព្រះសីហនុ ធ្វើការសំណេះសំណាល ជាមួយសិស្សប្រឡងជាប់និទ្ទេស A និងB បញ្ជាក់ថា  ក្នុងនាមក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តសូមចូលរួមអបអរសាទរសិស្សានុសិស្សជ័យលាភី នេះជាជោគជ័យក្នុងជីវិត ព្រមទាំងចូលរួមរីករាយចំពោះមាតាបិតា អាណាព្យាបាលសិស្ស និងបានវាយតម្លៃខ្ពស់ ដល់មន្ត្រីរាជការពិសេសមន្ត្រីអប់រំ ដែលបានជួយបំប៉នដល់សិស្សានុសិស្ស បង្កលក្ខណៈងាយស្រួលក្នុងការសិក្សា ចូលរួមចំណែកក្នុងការបណ្តុះ បណ្តាលធនធានមនុស្សប្រកប ដោយគុណភាព ចូលរួមកសាង និងអភិវឌ្ឍធនធានមនុស្ស ដូច្នេះប្អូនៗជាជ័យលាភីសិស្សនិទ្ទេស A និង B ត្រូវខិតខំសិក្សាបន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ត្រូវចាប់យកឱកាសដែលខេត្តព្រះសីហនុកំពុងត្រូវការនាពេលបច្ចុប្បន្ន ដើម្បីធានានិរន្តរ ភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។

ឯកឧត្តម សាយ សំអាល់ ក៏បានជំរុញឲ្យមន្ត្រីអប់រំខេត្តព្រះសីហនុ បង្កើតចលនាប្រឡងប្រណាំងគ្រូគំរូ សាលារៀនគំរូ និងការប្រឡងប្រណាំងតាមសាលានីមួយៗផងដែរ ដើម្បីពង្រឹងគុណភាពសិក្សា ស្រប តាមចក្ខុវិស័យរបស់ក្រសួងអប់រំ និងរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងឱកាសនោះក៏ចែករង្វាន់សិស្ស ជ័យលាភីនិទ្ទេស A ១៣នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ ០១គ្រឿង និងថវិកា ១.០០០ដុល្លា   ដោយឡែកសិស្សនិទ្ទេស B បានទទួលបណ្ណសរសើរ ជាការលើកទឹកចិត្ត និងផ្តល់លិខិតសរសើរដល់សាលា ដែលមានសិស្សប្រឡងបាននិទ្ទេស A និងថវិកាមួយចំនួន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation