ព័ត៌មានអន្តរជាតិ

ជប៉ុនត្រៀមខ្លួនសំរាប់អ្វីដែលអាចជាភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល៦០ឆ្នាំ

image

ជប៉ុន៖ ព្យុះដ៏មានឥទ្ធិពលមួយបានបោកបក់ឆ្ពោះទៅកាន់ប្រទេសជប៉ុននៅថ្ងៃសុក្រនេះដោយត្រូវបានគេរំពឹងថានឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល៦០ឆ្នាំមកនេះនៅក្នុងរដ្ឋធានីតូក្យូនិងបង្កការរំខានដល់ព្រឹត្តិការណ៍ប្រណាំងរថយន្តនិងការប្រកួតបាល់អោបពិភពលោក។

ព្យុះទីហ្វុងហាហ្គីប៊ីស (Hagibis) នឹងធ្វើដំណើរទៅដល់កោះហុនស៊ូ (Honshu) នៅថ្ងៃសៅរ៍ក្នុងរយៈពេល១ខែបន្ទាប់ពីព្យុះទីហ្វុងដ៏ខ្លាំងបំផុតមួយបានវាយប្រហារប្រទេសជប៉ុនដោយបណ្តាលឲ្យផ្ទះ៣ម៉ឺនខ្នងត្រូវបានបំផ្លាញឬរងការខូចខាតនិងដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ។

មន្ត្រីទីភ្នាក់ងារឧតុនិយមជប៉ុនបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងសន្នីសីទសារព័ត៌មាននៅថ្ងៃសុក្រនេះថា ព្យុះទីហ្វុងហាហ្គីប៊ីស (Hagibis) អាចជាព្យុះដ៏ខ្លាំងបំផុតមួយមិនធ្លាប់មាននៅក្នុងទីក្រុងតូក្យូចាប់តាំងពីឆ្នាំ១៩៥៨មក ហើយពលរដ្ឋគួរតែត្រៀមខ្លួនផងដែរដោយសារតែ សមុទ្រនឹងមានរលកខ្ពស់ៗ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នករៀបចំការប្រកួតបាល់អោបពិភពលោកបានលុបចោលការប្រកួតនៅថ្ងៃសៅ៍រវាងអង់គ្លេសនិងបារាំងក៏ដូចជាការប្រកួតរវាងនូវែលសេឡង់និងអ៊ីតាលីដោយសារហានិភ័យនៃព្យុះនេះ។ ហើយក្រុមអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តក៏បានលុបចោលការហាត់សមនិងវគ្គជម្រុះដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ផងដែរ។

ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថានឹងបោកបក់ឆ្លងកាត់ឬទៅជិតទីក្រុងតូក្យូនិងតំបន់ជាច្រើនដែលស្ថិតនៅក្បែរនោះ៕