ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ រយៈពេលបីថ្ងៃបានចាប់ផ្តើមហើយនៅថ្ងៃនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣ បានប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអ្នកទិញ និងអ្នកលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ចូលរួមប្រមាណជាង ១០០ក្រុមហ៊ុន មកពី៤០ប្រទេស ព្រមទាំងអ្នកសារព័ត៌មានជាតិ-អន្តរជាតិប្រមាណជាង ២០ស្ថាប័នផងដែរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមនឹងអង្គទូតនៃបណ្តាប្រទេសមួយចំនួន រសៀលថ្ងៃទី១១ ខែតុលា បានអញ្ជើញកាត់ខ្សែបូសម្ពោធបើកពិព័រណ៍នេះជាផ្លូវការ ហើយបើតាមមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី៣នេះ គឺប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែតុលា ដោយមានក្រុមហ៊ុនអ្នកលក់កញ្ចប់ទស្សនកិច្ចចូលរួមក្នុងព្រឹត្តិការណ៍នេះមានដូចជា៖ កម្ពុជា ចិន កូរ៉េ ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ាជាដើម។ ចំណែកក្រុមហ៊ុនអ្នកទិញកញ្ចប់ទស្សនកិច្ចទេសចរណ៍មានជាង ១០០ក្រុមហ៊ុន មកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក។ពិព័រណ៍នេះមាន ១៥៧ស្ដង់ និងមានពន្លារបស់ក្រសួងទេសចរណ៍ និងរបស់មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តផងដែរ។

ក្នុងពិធីនេះឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានអះអាងថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនេះ គឺជាឱកាសដ៏ពិសេសសម្រាប់ក្រុមហ៊ុនក្នុងស្រុក ក្នុងការស្វែងរកដៃគូធុរកិច្ចក្នុងវិស័យទេសចរណ៍អន្តរជាតិ ដើម្បីពង្រីកទំនាក់ ទំនងអាជីវកម្ម និងផលចំណេញក្នុងអាជីវកម្មរបស់ខ្លួន។ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ពិតជាបានផ្ដល់នូវការផ្សព្វផ្សាយពីវិស័យទេសចរណ៍ ការរីកចម្រើនរបស់កម្ពុជាទៅកាន់ពិភពលោក បង្ហាញដោយផ្ទាល់នូវវប្បធម៌ ប្រពៃណី សិល្បៈ ពិសេសគឺបានជំរុញការផ្សព្វផ្សាយពីមុខម្ហូបអាហាររបស់កម្ពុជាដ៏មានឱជារស ហើយបើតាមមន្ត្រីក្រសួងទេសចរណ៍បានអោយដឹងថា ក្នុងពិព័រណ៍នេះកម្ពុជាបានរៀបចំ គុយទាវភ្នំពេញ ជូនគណៈប្រតិជាតិ-អន្តរជាតិដើម្បីភ្លក្សរសជាតិផងដែរ។


ឯ.ឧ សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ស្ដង់ពិព័រណ៍ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ CTM-2019 នេះមានចំនួន ១៥៧ស្ដង់ និងមានពន្លារបស់ក្រសួងទេសចរណ៍ និងរបស់មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តផងដែរ។

ក្រសួងទេសចរណ៍បានបង្ហាញក្ដីរំពឹងទុកថា អ្នកចូលរួមទាំងអស់ក្នុងព្រឹត្តិការណ៍ CTM-2019 នេះនឹងទទួលបានផលប្រយោជន៍ និងរកបានដៃគូធុរកិច្ចយ៉ាងពេញចិត្ត តាមរយៈការចូលរួមសកម្មភាពជាច្រើន ដូចជាការផ្គូរផ្គងរកដៃគូធុរកិច្ចក្នុងវិស័យទេសចរណ៍ ការរៀបចំសិក្ខាសាលា ក៏ដូចជាវេទិកានានា ដែលបង្ហាញពីការវិវត្តថ្មីៗក្នុងពិភពលោក និងក្នុងតំបន់ ដោយមានការអញ្ជើញវេគ្មិនចំណានៗមកធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ អំពីរបបគំហើញថ្មីៗក្នុងដំណាក់កាលបដិវត្តឧស្សាហកម្ម ៤.០ និងឌីជីថលូបនីយកម្ម។

ឯ.ឧ សូ វិសុទ្ធី បានអះអាងថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ និងសកម្មភាពទាំងនេះ គឺជាឱកាសដ៏ពិសេសសម្រាប់ក្រុមហ៊ុនក្នុងស្រុក ក្នុងការស្វែងរកដៃគូធុរកិច្ចក្នុងវិស័យទេសចរណ៍អន្តរជាតិ ដើម្បីពង្រីកទំនាក់ទំនងអាជីវកម្ម និងផលចំណេញក្នុងអាជីវកម្មរបស់ខ្លួន។ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ពិតជាបានផ្ដល់នូវការផ្សព្វផ្សាយពីវិស័យទេសចរណ៍ ការរីកចម្រើនរបស់កម្ពុជាទៅកាន់ពិភពលោក បង្ហាញដោយផ្ទាល់នូវវប្បធម៌ ប្រពៃណី សិល្បៈ ពិសេសគឺបានជំរុញការផ្សព្វផ្សាយពីមុខម្ហូបអាហាររបស់កម្ពុជាដ៏មានឱជារស ក្នុងនោះកម្ពុជាក៏បានរៀបចំ «គុយទាវភ្នំពេញ» ជូនគណៈប្រតិជាតិ-អន្តរជាតិទទួលទានផងដែរ។ ក្រៅពីនេះ វាក៏បានិងកំពុងជំរុញឱ្យមានកំណើនទេសចរ បង្កើនវិស័យធុរកិច្ចក្នុងវិស័យទេសចរណ៍របស់កម្ពុជាផងដែរ។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បានអំពាវនាវឱ្យសាធារណជនចូលរួមទស្សនាឱ្យបានច្រើនកុះករនៅក្នុងពិព័រណ៍នេះ ដែលនឹងបើកឱ្យសាធារណជនចូលទស្សនាដោយសេរី នាថ្ងៃទី១៣ ខែតុលា ដើម្បីស្វែងយល់បន្ថែមពីការទំនាក់ទំនងធុរកិច្ចក្នុងវិស័យទេសចរណ៍ ការបង្ហាញពីផលិតផលទេសចរណ៍ ព្រមទាំងទស្សនានូវទស្សនីយភាពជាច្រើនដែលមានបង្ហាញនៅក្នុងពិព័រណ៍អន្តរជាតិដ៏ធំមួយនេះ៕
ដោយ៖អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation