ស្ទឹងត្រែង៖ ដើមឆ្នាំ២០១៨នេះ ជំងឺគ្រុនចាញ់កើនឡើងគួរឲ្យព្រួយបារម្ភ នៅក្នុងខេត្តស្ទឹងត្រែង
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការលុបបំបាត់ជំងឺគ្រុនចាញ់បានបង្ហាញឲ្យឃើញថា រយៈពេល៣ខែដើមឆ្នាំ២០១៨ បើប្រៀបធៀបដើមឆ្នាំ២០១៧កន្លងមក ជំងឺគ្រុនចាញ់បានកើនឡើងគួឲ្យកត់សម្គាល់ ដែលនេះជាបញ្ហាមួយគួឲ្យព្រួយបារម្ភ។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការលុបបំបាត់ជំងឺគ្រុនចាញ់ ថ្នាក់ខេត្ត ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ លោកវិជ្ជ. រិន រ៉ាវុឌ្ឍ បញ្ជាក់ថា នៅរយៈពេល៣ខែដើមឆ្នាំ២០១៨ ករណីមានជំងឺគ្រុនចាញ់កើតឡើងរហូតដល់១៤៤៤ករណី។ នេះបង្ហាញថា មានការកើនឡើង បើប្រៀបធៀបនិងដើមឆ្នាំ២០១៧ មានតែ១៩៣ ករណីតែប៉ុណ្ណោះ។

មូលហេតុដែលបណ្តាលឲ្យជំងឺគ្រុនចាញ់ ដោយសារមានកត្តាប្រឈមួយចំនួន ដូចជាប្រជាពលរដ្ឋមានការផ្លាស់ប្តូរទីលំនៅ-ភូមិសាស្ត្រស្មុកស្មាញពិបាកសម្រាប់ប្រជាពលរដ្ឋក្នុងការទទួលសេវាព្យាបាល-និងប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយោលមិនទាន់បានប្រើប្រាស់ម៉ុងជ្រលក់និងការប្រើប្រាស់ម៉ុងជ្រលក់ថ្នាំបានត្រឹមត្រូវ។

លោក យ៉ង់ សុវឌ្ឍនា អភិបាលរងខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ករណីកើនឡើងជំងឺគ្រុនចាញ់ ក្នុងខេត្តស្ទឹងត្រែងនេះ ធ្វើឱ្យប៉ះពាល់ដល់ផែនការ យុទ្ធនាការរបស់ខេត្ត និងថ្នាក់ជាតិ។ ចំពោះតំបន់ដែលមានបញ្ហាប្រឈមនឹងជំងឺគ្រុនចាញ់ច្រើនបំផុត សម្រាប់ដើមឆ្នាំ២០១៨នេះ មាន មណ្ឌលសុខភាពក្បាលរមាស ស្រុកសេសាន ២៣៦ករណី។ មណ្ឌលសុខភាពស្រែសំបូរ ស្រុកសៀមប៉ាងមាន ១៩៩ករណី។ មណ្ឌលសុខភាពកោះព្រះ ស្រុកសៀមបូក មាន១៧៤ករណី។ ចំណែកតាមមណ្ឌលសុខចំនួន១៣ផ្សេងទៀតមានកម្រិតមធ្យម និងកម្រិតទាប។ប៉ុន្តែពុំមានអ្នកស្លាប់ដោយសារជម្ងឺគ្រុនចាញ់ខាងលើនោះទេ។

សូមជំរាបថា រាជរដ្ឋាភិបាលកម្ពុជា មានដាក់ផែនការយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់ ឲ្យអស់នៅត្រឹមឆ្នាំ២០២៥៕

អត្ថបទ៖ ភ្នាក់ងារCNCខេត្តស្ទឹងត្រែង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation