នាយឧត្តមសេនីយ៍ឥត សារ៉ាត់៖ សមយុទ្ធនាគមាស មិនមានការគំរាមគំហែង អ្នកណាទាំងអស់ តែជាការបង្ហាញនូវការចូលរួមថែរក្សាសន្តិសុខក្នុងតំបន់
| ព័ត៌មានជាតិ
SHARE

កំពត៖លំហាត់នាគ​មាស​ឆ្នាំ២​០១៩​ រវាងកងយោធពលខេមរភូមិន្ទ និង​កងទ័ពរំដោះប្រជាជន​ចិន​ បានចាប់ផ្តើមបើកជា​ផ្លូវ​ការ​ នៅព្រឹក​ថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០១៩នេះ នៅទី​លានបាញ់​គ្រាប់ពិត​សាលា​ហ្វឹក​ហ្វឺន​តេជោ​សែន​ជុំគីរី​របស់​កងពល​តូច​លេខ​៧០​ ​នៅ​ស្រុកជុំគីរី​ ខេត្តកំពត​ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទនិងជាប្រធានគណៈកម្មការដឹកនាំសមយុទ្ធនាគមាសឆ្នាំ២០១៩ បានអះអាងថា
លំហាត់ហ្វឹ​កហ្វឺ​ន មិនមានការគំរាមគំហែង អ្នកណាទាំងអស់ ផ្ទុយទៅវិញ សមយុទ្ធនេះ គឺជាការបង្ហាញនូវការចូលរួមថែរក្សា សន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធគ្នាតែប៉ុណ្ណោះ ជាពិសេសបទពិសោធ ប្រយុទ្ធ ប្រឆាំង អំពើភេវរកម្ម ជួយសង្គ្រោះប្រជាពលរដ្ន ពេលមានគ្រោះមហន្ហរាយធម្មជាតិ ជាដើម។ លំហាត់ហ្វឹ​កហ្វឺ​ននាគមាស​ ផ្តោតសំខាន់លើប្រធានបទកិច្ចការ​មនុស្សធម៌ ​និងការ​ប្រឆាំង​ភេវរកម្ម​ ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ ត្រូវសិក្សារៀនសូត្រទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ សម្រាប់បំពេញភារកិច្ចការពារប្រទេសជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។ មិនតែប៉ុណ្ណោះ លំហាត់នាគមាស ឆ្នាំ២០១៩ គឺជាការចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កម្ពុជា- ចិនឱ្យកាន់តែរឹងមាំខ្លាំងក្លា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន។

សូមបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានរួមគនារៀបចំ"សមយុទ្ធនាគមាស ឆ្នាំ២០១៩" រយៈពេល ២៨ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅទីលានបាញ់គ្រាប់ពិត សាលាហ្វឹកហ្វឺនតេជោសែនជុំគីរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ចំណែកពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។សមយុទ្ធនេះ មានភាគីកងទ័ពរំដោះប្រជាជនចិនចូលរួមចំនួន២៥២នាក់ និងភាគីកម្ពុជាចូលរួមចំនួន២៥៤២នាក់ ក្នុងនោះមាន៖ កម្លាំងធ្វើលំហាត់ចំនួន ៣៨២នាក់, កម្លាំងបម្រើការក្នុងលំហាត់ចំនួន៤៤៨នាក់, កម្លាំងចូលរួមក្នុងពិធីបើក-បិទ ចំនួន១,៦៨៥នាក់។ក្នុងលំហាត់នាគមាសនេះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំងភេវរកម្ម, ការរំដោះចំណាប់ខ្មាំង, ការសង្រ្គោះ ប្រជាពលរដ្ឋពីគ្រោះធម្មជាតិ, ការបំពេញភារកិច្ចក្រោមឆ័ត្រ អង្គការសហប្រជាជាតិ និងវិស្វកម្មជាដើម។អាវុធយុទ្ធភ័ណ្ឌ សំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា៖ រថពាសដែក, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាចក្រ, អាវុធគាំទ្រពីលើអាកាស ជាដើម។

សូមជម្រាបថា បច្ចុប្បន្ននេះ ទំនាក់ទំនងចិន-កម្ពុជា បានឈានដល់ចំនុចកំពូល និងល្អជាងពេលណាៗទាំងអស់ ដែលមិត្តភាពជាដែកថែបនេះបានកើតឡើង ក្នុងដំណាក់កាលដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ស៊ី ជីនពីង ប្រធានាធបិតីចិន។ ប្រទេសកម្ពុជា និងប្រទេសចិ​ន នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះបន្ថែមទៀត ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

កងទ័ពកម្ពុជា-ចិន បានធ្វើលំហាត់នាគមាស នៅក្នុងប្រទេសកម្ពុជាចំនួន២លើករួចមកហើយ ដោយលើកទី១ នៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ ភាគីទាំងពីរបានឯកភាពធ្វើបង្កើតឱ្យមានលំហាត់ហ្វឹកហ្វឺននេះ រៀងរាល់១ឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិយោធា។ លំហាត់នាគមាស ឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថា មានលក្ខណៈទ្រង់ទ្រាយធំ ដោយមានកម្លាំងទ័ព និងសព្វាវុធចូលរួមច្រើនជាងមុនផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation