វិស័យភាពយន្ត ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយរាជរដ្ឋាភិបាល
| ព័ត៌មានជាតិ
SHARE

ឯកឧត្តម សោម សុគន្ធ រដ្ឋមន្រ្តីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា វិស័យភាពយន្តពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ឲ្យសម្រចបានជោគជ័យ ព្រោះវិស័យភាពយន្តបានចូលរួមចំណែកដល់ការការពារ ថែរក្សាកេរិ៍ដំណែលវប្បធម៌ពង្រឹងអត្តសញ្ញាណជាតិ និងបានជួយជំរុញកំណើនសេដ្ឋកិច្ចសង្គមផងដែរ

ការថ្លែងបែបនេះរបស់ឯកឧត្តមនៅក្នុងកម្មវិធីបើកសិក្ខាសាលា និងពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី តួនាទីភារកិច្ច និងលក្ខណៈសម្បត្តិរបស់អ្នកសម្របសម្រួលការផលិតភាពយន្ត នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

ឯកឧត្តម សោម សុគន្ធ បានមានប្រសាសន៍ទៀតថា តាមរបាយការណ៍ពីនាយកដ្ឋានសិល្បៈភាពយន្ត ក្នុងរយៈពេល៨ឆ្នាំចុងក្រោយ (2010-2018) កម្ពុជាទទួលបានក្រុមថតភាពយន្តបរទេសជាង៦០០គម្រោង ដែលក្នុងនោះមានភាពយន្តខ្នាតវែង-ខ្លី ភាពយន្តឯកសារ ភាពយន្តភាគទូរសទស្សន៍ កម្មវិធីទូរទស្សន៍ និងកម្មវិធីចម្រៀងកាយវិការ និងបាននាំមកនូវថវិកាប្រមាណជាង៤០លានដុល្លារ ចូលក្នុងសេដ្ឋកិច្ចជាតិ ហើយក៏បានបង្កើតការងាររាប់ពាន់កន្លែងជារៀងរាល់ឆ្នាំ។ លើសពីនេះតាមរយៈភាពយន្តដែលថតនៅកម្ពុជា ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវបរទសឲ្យមកទស្សនាកម្ពុជា កាន់តែមានចំនួនច្រើនឡើងផងដែរ។

ដោយពិនិត្យឃើញអត្ថប្រយោជន៍នៃការផលិតភាពយន្តបរទេសនៅកម្ពុជា ដូចបានរៀបរាប់ខាងលើ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្ត និងអាទិភាពក្នុងការទាក់ទាញផលិតករភាពយន្តបរទេសឲ្យចូលមកថតភាពយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានបង្កើនសកម្មភាពផ្សព្វផ្សាយពីសក្តានុពលនៃទីតាំងថត តាមរយៈការចូលរួមជាប្រចាំនូវរាល់ព្រឹត្តិការណ៍តាំងពិពណ៌ភាពយន្ត ឬទីផ្សារភាពយន្តអន្តរជាតិសំខាន់ៗ។

ជាមួយគ្នានេះយើងក៏បានបង្កើតគោលនយោបាយលើកទឹកចិត្តសម្រាប់ការផលិតភាពយន្តដែលជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ការប្រកួតប្រជែង និងទាក់ទាញផលិតករភាពយន្តបរទេស។ លើសពីនេះការកែសម្រួល និងការធ្វើឲ្យប្រសើរឡើងនូវនីតិវិធីបែបបទ និងបទដ្ឋាននានាក្នុងការផ្តល់លិខិតអនុញ្ញាតថត ពិសេសការរៀបចំឲ្យមានយន្តការច្រកចេញចូលតែមួយក្នុងការផ្តល់សេវាប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលាពិគ្រោះយោបល់នាពេលនេះ និងក្លាយជាធាតុផ្សំយ៉ាងសំខាន់ក្នុងការតាក់តែងប្រកាសស្តីពី តួនាទីភារកិច្ច និងលក្ខៈសម្បត្តិរបស់អ្នកសម្របសម្រួលការផលិតភាពយន្ត ឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ជំនឿទុកចិត្ត និងមនសិការវិជ្ជាជីវៈសម្រាប់បងប្អូនផលិតករ និងអ្នកសម្របសម្រួលការផលិតភាពយន្ត ក្នុងគោលដៅរួមគឺ សម្របសម្រួល បង្កការងាយស្រួល និងទាក់ទាញផលិតករបរទេសឲ្យមកផលិតភាពយន្តកាន់តែច្រើនឡើង៕អត្ថបទ ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation