រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំពិធីប្រណាំងទូករយៈពេល២ថ្ងៃ នៅតាមដងស្ទឹងសែន ថ្ងៃទី២៦-២៧ ខែតុលា
| ព័ត៌មានជាតិ
SHARE

កំពង់ធំ៖ រសៀលថ្ងៃ ទី​ ១០​ខែតុលា​ ឆ្នាំ​ ២០១៩​ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជេីញជាអធិបតិីភាព​ ដឹកនាំកិច្ចប្រជុំពិភាក្សា​ ផែនការណែនាំ ស្តីពីការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែតុលា ខាងមុខនេះ ដើម្បីបង្ករបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋមានភាពសប្បាយរីករាយ។

នៅក្នុងកិច្ចប្រជុំពិភាក្សារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ ថ្លែងថា ដើម្បីឲ្យការរៀបចំព្រះរាជពិធីបុណ្យជាតិទាំងពីរនេះ ប្រព្រឹត្តទៅដោយរលូន និងសប្បាយរីករាយ សូមលោកអភិបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើការងារ​ដោយយក​ចិត្តទុកដាក់ ដោយធ្វើការតុបតែងដាក់ភ្លើងបំភ្លឺនៅទីសាធារណៈ ខិតខំបន្តសហការពង្រឹងឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរបរយសាធារណៈ និងអនាម័យគ្រប់គោលដៅឲ្យកាន់តែប្រសើរឡើងថែមទៀត ព្រមទាំង​អំពាវនាវដល់​បងប្អូនអាជីវករ កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានមកលេងកម្សាន្តសប្បាយ​ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកទាំងអស់ សូមចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយ​សាធារណៈ ជាពិសេសចូលរួមវេចខ្ចប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីទីក្រុងរបស់យើងមាន​សោភ័ណភាព​ស្រស់បំព្រងគួរជាទីមោទនៈ។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ដែលមានទូក ង និងចង់ចូលរួមអុំសាកល្បង នៅខេត្ត និងទៅអុំនៅថ្នាក់ជាតិ ត្រូវធ្វើការហ្វឹកហាត់ជាបណ្តើរៗ ត្រូវចាត់តាំងអនុគណៈកម្មការ​មួយមានភារកិច្ចទទួលខុសត្រូវ​លើការគ្រប់គ្រងទូក ក្នុង ក្រុង ស្រុក របស់ខ្លួន ហើយត្រូវធ្វើការណែនាំ អប់រំដល់ក្រុមកីឡាករអុំទូក ត្រូវគោរពនូវវិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ហូបចុកប្រកបដោយអនាម័យ ចូលរួមចំណែកថែរក្សាបរិស្ថានឲ្យបានល្អ មិនត្រូវបោះចោលថង់ផ្លាស្ទិច ឬដបទឹកសុទ្ធនៅក្រៅធុងសម្រាម បន្ទោបង់ក្រៅបង្គន់អនាម័យ ត្រូវយកចិត្តទុកដាក់ខ្ពស់​ចំពោះសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន។ ក្នុងនោះរដ្ឋបាលខេត្ត នឹងរៀបចំផ្ដល់ ទីតាំងទីស្នាក់អាស្រ័យ និងមានរង្វាន់ជូនដល់ទូកដែលទទួលបានជ័យលាភី ព្រមទាំងរង្វាន់លើកទឹកចិត្តសម្រាប់ទូកដែល​មិនទទួលបានជ័យលាបភី​ផងដែរ។

គួរជម្រាបដែរថា នៅក្នុងពេលរាត្រី មានការប្រគុំតន្ត្រី និងបាញ់កាំជ្រួច ដើម្បីអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល២ថ្ងៃនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation