គណៈប្រតិភូធុរកិច្ចនៃឧស្សាហកម្ម និងពាណិជ្ជកម្មចិន ស្វែករកការវិនិយោគនៅកម្ពុជាក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន និងសភាពាណិជ្ជកម្មកម្ពុជា
| ព័ត៌មានជាតិ
SHARE

នារសៀលថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៨ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពាណិជ្ជកម្ម ជាមួយគណៈប្រតិភូចិន ដែលមកពីសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិន រួមទាំងក្រុមហ៊ុនធំៗជាច្រើនទៀត។

គោលបំណងនៃដំណើរទស្សនកិច្ចមកកាន់កម្ពុជានេះ គឺដើម្បីបង្កើនកិច្ចសហប្រត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងសហគមន៍ធុរកិច្ចចិននិងកម្ពុជា និងពង្រឹងឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីការប្តេជ្ញារួមគ្នាក្នុងការកសាងខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រសមុទ្រ ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ ជាពិសេសការចុះហត្ថលេខាយោគយល់គ្នាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងកិច្ចសហការវិស័យឯកជន។

នាឱកាសនោះអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចចិន និងបានលើកឡើងអំពីសក្តានុពលរបស់ប្រទេសកម្ពុជា ជាពិសេសស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច។ លើសពីនេះអ្នកឧកញ៉ា គិត ម៉េង បានលើកឡើងអំពី ឱកាសវិនិយោគជាច្រើនចំនុច សម្រាប់វិនិយោគិនបរទេស ដែលនិងទទួលបានអត្ថប្រយោជន៍ពីប្រទេសកម្ពុជា។  លោក កៅ យ៊ុនឡុង (Gao Yunlong) ប្រធានដឹកនាំគណៈប្រតិភូ និងជា អនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាមានិតចិន ជាប្រធានសហព័ន្ធឧស្សាហកម្ម និង ពាណិជ្ជកម្មចិនទាំងអស់ បានចាប់អារម្មណ៍ទៅលើការអភិវឌ្ឍន៍កោះរបស់កម្ពុជា វិស័យទេសចរណ៍កម្ពុជា បដិសណ្ឋារកិច្ច វិស័យកសិកម្ម និងផលិតកម្មជាដើម។

ក្រោយជំនួបជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី៣០ ឧសភាផងដែរ គណៈប្រតិភូសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្មចិន ក៏បានចូលជួបសម្តែងការគួរសមជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្តម អ៊ាង សុផល្លែត បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោក កៅ បានជំរាបជូន សម្តេចតេជោថា នេះជាលើកទី១ហើយ ដែលលោកមកកាន់កម្ពុជា។ លោកបានពិនិត្យឃើញថា ប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងខ្លាំង ហើយប្រជាជនកម្ពុជា ក៍មានមុខមាត់ស្រស់ថ្លា ដែលឆ្លុះបញ្ចាំងនូវអនាគតភ្លឺ ថ្លារបស់កម្ពុជា។

លោកមានប្រសាសន៍ទៀតថា ដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាពេលនេះ គឺដើម្បីអនុវត្តតាមនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ដែលកម្ពុជា ជាប្រទេសសំខាន់ ពិសេសជាប្រទេសដែល រួមវាសនាតែមួយ។ លោកបន្តថា សហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្មចិន គឺជា ស្ថាប័នមួយដែលដើរតួជាស្ពាន បម្រើដល់ស្ថាប័នចំនួន៤៧០ស្ថាប័ន និងក្រុមហ៊ុ នចំនួន២៧លានក្រុមហ៊ុន ដើម្បីស្ថាប័ន និងក្រុមហ៊ុនទាំងនោះធ្វើការវិនិយោគ និងបំពេញការងារខ្លួនឯងទាំងនៅក្នុងស្រុក និងក្រៅស្រុក។ មានន័យថា សហព័ន្ធមានតួនាទីសម្របសម្រួល និងជួយជម្រុញការវិនិយោគ និងការធ្វើការរបស់ ក្រុមហ៊ុនផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានស្វាគមន៍ ចំពោះអ្នកវិនិយោគធំៗទាំងអស់ ដែលរួមដំណើរជាមួយនឹងលោកកៅ និងបានបញ្ជាក់ជូនប្រតិភូទាំងមូលថា កម្ពុជានិង ចិនគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយដែលគោរពស្រលាញ់ និងទុកចិត្តគ្នាជាទីបំផុត ហើយក៍ជាអ្នកជិតខាងដ៍ល្អដែរ។ សម្តេចមានប្រសាសន៍ថា នេះជាមូលដ្ឋានក្នុងការជម្រុញឲ្យទទួលបានជោគជ័យ លើនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់ប្រធានាធិបតីហ្ស៊ី ជិនពីង នៅលើទឹកដីកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation