ព័ត៌មានជាតិ

ដំណឹងល្អ! ក្រុមហ៊ុនToyota គ្រោងដំឡើងរថយន្តអគ្គិសនីនៅខេត្តសៀមរាប

image

សៀមរាប៖ តំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែលជា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី បានចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។

ក្នុងជំនួបនារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ លោក Naoto Yamagishi ប្រធានគ្រប់គ្រងគម្រោងទូទៅក្រុមហ៊ុន Toyota Tsusho Corporation បានប្រាប់ពីប្រវត្តិត្រួសៗរបស់ក្រុមហ៊ុនរបស់ខ្លួន និងណែនាំពីរថយន្តអគ្គិសនីថ្មីដែលក្រុមហ៊ុនទើបផលិត និងត្រៀមបញ្ចេញលក់ក្នុងទីផ្សារខេត្តសៀមរាប។ លក្ខណៈពិសេសនៃរថយន្តនេះ ផលិតឡើងក្នុងន័យគិតគូរបញ្ហាបរិស្ថានខ្ពស់ មិនប៉ះពាល់ដល់ការបំពុលខ្យល់អាកាស និងការរំខានដោយសំឡេង ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានវាយតម្លៃខ្ពស់ចំពោះរថយន្តអគ្គិសនី និងគាំទ្រចំពោះផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាននេះ។ ជាមួយគ្នានោះ ឯកឧត្តមក៏សម្ដែងការគាំទ្រផងដែរទៅដល់ផែនការបង្កើតគម្រោងដំឡើងរថយន្តអគ្គិសនីនេះនៅខេត្តសៀមរាប ព្រោះផែនការនេះអាចជួយបង្កើតមុខរបរ ផ្ទេរនូវចំណេះដឹង ព្រមទាំងបច្ចេកវិទ្យាដល់ប្រជាជនកម្ពុជា៕