សាលាបឋមសិក្សាមានសភាពចាស់ទ្រុឌទ្រោមមួយនៅស្រុកបូទុមសាគរ ផ្តើមមានក្តីសង្ឃឹមវិញហើយ
| ព័ត៌មានជាតិ
SHARE

កោះកុង៖សាលារៀន១ខ្នងតូច ស្ថិតក្នុងភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទូមសាគរ ខេត្តកោះកុង ដែលកន្លងមកមានសភាពចាស់ទ្រុឌទ្រោម ដែលអាចបង្ករគ្រោះថ្នាក់ដល់កុមារតូច ទទួលបានការយកចិត្តទុកដាក់ពីលោកអភិបាលស្រុកទើបចូលកាន់តំណែងថ្មី ក្រោយពីចុះសួរសុខទុក្ខ និងសំណេះសំណាលជាប្រជាពលរដ្ឋនៅភូមិតាមាឃ និងមានការស្នើរសុំពីបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិ។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ នៅព្រឹកថ្ងៃទី១០ តុលា២០១៩ នេះបានដឹកនាំក្រុមការងារចុះ ពិនិត្យស្ថានផ្លូវចូលសាលាបឋមសិក្សាឧបសម្ព័នតាមាឃតែម្តង ដែលកន្លងមកប្អូនៗកុមារជួបការលំបាកក្នុងការធ្វើដំណើរទៅសិក្សាខណៈសាលាមានសភាពចាស់ទ្រុឌទ្រោម ដែលអាច បង្ករគ្រោះថ្នាក់ដល់សិស្សកំពុងអង្កុយរៀន ដោយលោកអភិបាលស្រុកបានទទួលយកសំណូមពរទាំងនេះ ដើម្បីស្នើទៅលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តក្នុងការប្រើប្រាស់ថវិកា សំរាប់សាងសង់សាលាថ្មី ។

បើតាមប្រជាពលរដ្ឋក្នុងភូមិតាមាឃ បានអោយដឹងថា កាលពីឆ្នាំ១៩៨២ សាលាបឋមសិក្សានេះ មានចំនួន៥ខ្នង មាន៥បន្ទប់ បច្ចុប្បន្នសល់ត្រឹមតែ១ខ្នងតូច មាន១បន្ទប់ ក្នុងការបម្រើការសិក្សាដល់កុមារតូចៗ ប្រមានជាង១០០នាក់ ពីថ្នាក់ទី១ ដល់ថ្នាក់ទី៥ ក្នុងកិច្ចការបង្រៀនរបស់គ្រូចំនួន២នាក់ បង្រៀនសិស្សក្នុងពេលតែមួយ ។

ប្រជាពលរដ្ឋក្នុងភូមិតាមាឃ បន្តអោយដឹងទៀតថា កន្លងមកកូនៗរបស់គាត់ខ្វះភាពកក់ក្តៅខ្លាំងណាស់ ក្នុងការក្រេបជញ្ចក់យកចំណេះដឹង ពីសាលាមួយនេះ។

បន្ទាប់ពីបានមើលឃើញនូវភាពខ្លោចផ្សារ សិស្សានុសិស្សដែលជាកូនៗរបស់គាត់ ទាំងការធ្វើដំណើរ ទាំងការអង្គុយរៀន ដែលកន្លងមកគ្មានមន្ត្រីផ្នែកអប់រំរូបណាមួយ មើលឃើញពីភាពលំបាករបស់កុមារតូចៗទាំងនោះឡើយ ។

ប្រជាពលរដ្ឋទាំងអស់ក្នុងភូមិតាមាឃ បានប្រាប់អោយដឹងទៀតថា មិនត្រឹមតែខ្វះការយកចិត្តទុកដាក់ទៅលើការសិក្សាអប់រំដល់កូនចៅបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងហ៊ានបើកដៃអោយក្រុមឈ្មួញ ជីកកាយយកអាចម៌ដីជុំវិញបរិវេណសាលារៀននិងតាម ជើងភ្នំលក់ទៀតផង ដោយពុំឃើញមានមន្ត្រីជំនាញណាហ៊ានហាមឃាត់ឡើយ៕ដោយ៖ តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation