កម្ពុជាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការម៉ាកសមូហភាព គុយទាវភ្នំពេញ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី១០ ខែតុលានេះ បានដាក់ឱ្យដំណើរការ ម៉ាកសមូហភាព គុយទាវភ្នំពេញ ដែលជាប្រភេទយីហោអាជីវកម្មលើកដំបូង មានភ្ជាប់ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យគុណភាព និងស្តង់ដារអនាម័យជាក់លាក់ ក្រោមការឧបត្ថម្ភពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធពីសមាគមសហគមន៍ចុងភៅកម្ពុជា រួមជាមួយជំនាញការជាតិ និងអន្តរជាតិ ដើម្បីពង្រឹងការអភិវឌ្ឍគំរូអាជីវកម្ម និងលើកកម្ពស់កិត្តិនាមរាជធានីភ្នំពេញ សំដៅទាក់ទាញកំណើនភ្ញៀវទេសចរ ឱ្យចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជា។

ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងព្រឹត្តិការណ៍ យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៤ ក្រោមអធិបតីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក Mario MATUS តំណាងអគ្គនាយកនៃអង្គការ WIPO មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អង្គទូត និងតំណាងវិស័យឯកជនជាច្រើននាក់ទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា អង្គការ WIPO បានជួយគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា និងលើកទឹកចិត្តអាជីវករលក់គុយទាវទាំងអស់ ចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយម៉ាកសមូហភាព គុយទាវភ្នំពេញ ដោយគោរពតាមលក្ខន្តិកៈឱ្យបានត្រឹមត្រូវ ដើម្បីទាញយកអត្ថប្រយោជន៍សម្រាប់អាជីវកម្ម សំដៅចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ម៉ាកសមូហភាព គុយទាវភ្នំពេញ ជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងពាណិជ្ជកម្ម លើវិស័យកម្មសិទ្ធិបញ្ញា បន្ទាប់ពីក្រសួងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាក ម្លិះអង្គរ ដែលជាម៉ាកវិញ្ញាតកម្មទីមួយ និងម៉ាក ក្រូចថ្លុងកោះទ្រង់ ដែលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទីបីរបស់កម្ពុជា បន្ថែមលើម៉ាក ម្រេចកំពត និង ស្ករត្នោតកំពង់ស្ពឺ ដែលកំពុងទទួលបានការពេញនិយមនៅលើទីផ្សារ។ ឯកឧត្តមបានអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ ចូលជាសមាជិកសមាគមចុងភៅកម្ពុជា ដើម្បីទទួលបានសិទ្ធិប្រើប្រាស់ម៉ាកសមូហភាព គុយទាវភ្នំពេញ ស្របច្បាប់ និងការគាំទ្របច្ចេកទេសផ្សេងៗសំដៅរួមចំណែកអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញា និងទេសចរណ៍ តាមរយៈការផ្តល់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនូវបទពិសោធន៍ថ្មី និងរសជាតិគុយទាវដ៏ឈ្ងុយឆ្ងាញ់ នៃគំរូអាជីវកម្មហ្វ្រេនឆាយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយអង្គការ WIPO និងវិស័យឯកជន។

គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតម៉ាកសមូហភាព គុយទាវភ្នំពេញ សម្រាប់អាជីវករ ដើម្បីលើកកម្ពស់វិស័យបដិសណ្ឋារកិច្ច និងភោជនីយដ្ឋាន តាមរយៈការពង្រឹងគុណភាព និងអនាម័យគុយទាវ ព្រមទាំងការអភិរក្សរូបមន្ត និងចំណេះជំនាញ ដែលនឹងជួយផ្ដល់ឱកាសការងារ និងប្រាក់ចំណូលកាន់តែច្រើន ជូនប្រជាជនកម្ពុជា៕ដោយ៖អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation