អភិបាលខេត្តរតនគិរីក្រើនរំលឹកដល់អាជ្ញាធរកម្លាំងសមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាកង្វះខាតទឹកប្រើប្រាស់ 
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ នៅរសៀលថ្ងៃទី១១ខែ មីនា ឆ្នាំ២០១៩ នៅសាលាខេត្តរតនគិរីបានរៀបចំពិធីប្រកាសលោកស្រី  ញាន ទិត្យចិន្តាចូលកាន់មុខតំណែងជាអភិបាលរងខេត្តរតនគិរិរី ដើមី្បបំពេញតាមរចនាសម្ព័ន្ធ នៃគណៈអភិបាលខេត្តរតនគិរី ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាពរបស់ឯកឧត្តម  ឡាំ  ជា  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងពីសមិទ្ធផលដែលបានកសាង និង អភិវឌ្ឍន៍ក្នុងខេត្ត ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង បានលើនូវបញ្ហាប្រឈម និង ឧបសគ្គមួយចំនួន និង ការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវរវាងស្ថាប័នជាតិ និង ថ្នាក់ក្រោមជាតិ ដើមី្បឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់តែមានប្រសិទ្ធភាព ។


ក្នុងនោះឯកឧត្តមក៏បានក្រើនរំលឹកដល់អាជ្ញាធរ និង កម្លាំងសមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាកង្វះខាតទឹកប្រើប្រាស់នៅពេលខាងមុខ ស្របតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម និង ចូលរួមឬប់ស្កាត់និងបង្រ្កាបឲ្យខាងតែបាន ចំពោះការចរាចរគ្រឿងញៀខុសច្បាប់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

លោក អ៊ុំ ចំរើន អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានអាននូវអនុក្រិត្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតែងតាំងលោកស្រី ញាន ទិត្យចិន្តា ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរីជំនួសលោកស្រី គង់ សុីផា ដែលត្រូវបានចូលនិវត្តន៍ដើម្បីដឹកនាំការអភិវឌ្ឍន៍គ្រប់វិស័យបន្ត ដើមី្បបំពេញតាមរចនាសម្ព័ន្ធ នៃគណៈអភិបាលខេត្តរតនគិរី ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ​ និង ការប្តេជ្ញាចិត្តរបស់លោកស្រី អភិបាលរងខេត្តដែលទើប ទទួលបានការតែងតាំងថ្មីរួចមក ឯកឧត្តម  ឡាំ ជា ក៏បានធ្វើការបញ្ជាក់ ថា តាម ច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ ។ ការប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រីឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។

ឯកឧត្តមបានលើកឡើងពីសមទ្ធិផលនានាដែលខេត្តសម្រេចបានមកនេះគឺកើតឡើងពីសន្តិភាព ហើយសមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា។  ឯកឧត្តមបានលើកនូវចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ។ ក្នុងនោះត្រូវផ្តោតសំខាន់លើការបង្កើតច្រកចេញចូលតែមួយ ក្នុងបម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនង និងស្វែងរកនូវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធកុំព្យូទ័រ ព្រមទាំងការងារផ្ទេរមុខងារ និង ធនធានផងដែរ ។ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ទៅលើ បញ្ហាគ្រឿងញៀន ដែលត្រូវអាជ្ញាធរ សមត្ថកិច្ចយើងទាំងអស់គ្នា រួមសហការគ្នា ក្នុងការទប់ស្កាត់ ការបង្រ្កាបឲ្យបាន ទាន់ពេលវេលា ចំពោះការធ្វើចរាចរគ្រឿងញៀនខុសច្បាប់ ។

ឯកឧត្តម ឡាំ ជា ក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និង គុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន ហើយឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់លោកស្រីអភិបាលរងខេត្តថ្មី ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនបន្ថែមទៀត គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចំបង ហើយក៏ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល លើការដឹកនាំ គ្រប់គ្រង បណ្តាមន្ទីរ ស្ថាប័ន និង អង្គភាពក្នុងខេត្តឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងស្ថាប័ន ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយមន្ទីរ ស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ប្រជាពលរដ្ឋអោយបានល្អប្រសើរបន្ថែមទៀត៕អត្ថបទ៖ ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation