ឆ្នេរខ្សាច់ដំបូងបង្អស់ក្នុងខេត្តកំពតលេចចេញជារូបរាងបណ្តើរៗ ត្រៀមសម្រាប់បុណ្យសមុទ្រ
| ព័ត៌មានជាតិ
SHARE

កំពត៖ កំពតជាខេត្តទេសចរណ៍ ជាប់មាត់សមុទ្រដ៏មានសក្ដានុពល និងទាក់ទាញបំផុតមួយនៅក្នុងចំណោមខេត្តជាប់មាត់សមុទ្រចំនួន៤របស់កម្ពុជា។

ខេត្តកំពតមានកន្លែងកម្សាន្តសំខាន់ៗ១៧កន្លែង មានសហគមន៍ទេសចរណ៍ប្លែកៗគ្នាចំនួន៤កន្លែង ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយ អ្នកខេត្តកំពត និងទេសចរណ៍មកកាន់ខេត្តកំពតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ មិនដែលបានងូតទឹកសមុទ្រខេត្តមួយនេះទេ ដោយសារតែខេត្តកំពតពុំមានឆ្នេរខ្សាច់។

សំណាងល្អ នៅឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំ និងផ្តួចផ្តើមគំនិតពីសំណាក់ឯកឧត្តម ជាវ តាយអភិបាលខេត្តនិងមានការគាំទ្រពីក្រសួង​ទេសចរណ៍​ក៏ដូចរាជរដ្ឋាភិបាល​ បានស្ថាបនាសាងសង់ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមួយឡើង ដើម្បីបំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរផង និងបង្កើនភាពទាក់ទាញបន្ថែមសម្រាប់ខេត្តកំពតផង ស្របពេលដែលខេត្តកំពតត្រូវបានធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យលើកទី៨ជុំទី២នៅថ្ងៃទី ២០,២១, ២២ ខែធ្នូឆ្នាំ​២០១៩​ខាងមុខនេះ ហើយបច្ចុប្បន្នឆ្នេរនៅក្នុងក្តីស្រមៃរបស់មនុស្សរាប់ពាន់រាប់ម៉ឺននាក់ បាននិងកំពុងលេចចេញជារូបរាងបណ្តើរៗហើយ។


លោកគង់ សំណាង អ្នកមើលការគ្រប់គ្រង់ទូទៅការដ្ឋានរៀបចំឆ្នេរខ្សាច់ បានប្រាប់ឲ្យដឹងថា ឆ្នេរខ្សាច់សប្បនិមិត្មថ្មីមួយដែលរដ្ឋបាលខេត្តកំពតបានបញ្ជាឲ្យស្ថាបនាសាងសង់មានទីតាំងស្ថិត ភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត គឺនៅក្បែរក្លោងទ្វារច្រកឡើងឧទ្យានជាតិព្រះមនុនីវង្ស(ភ្នំបូកគោ)។ លោកបានបន្តថា តាមទិសដៅគម្រោង ឆ្នេរដ៏ស្រស់ស្អាតមួយនេះ នឹងត្រូវបញ្ចាប់ការសាងសង់រួចរាល់នៅមុនពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២មកដល់ ប៉ុន្តែមានការយឺតយ៉ាវបន្តិច ដោយសារ កត្តាអាកាសធាតុ មានព្យុះភ្លៀងធ្វើឲ្យអាក់ខានការស្ថាបនាអស់រយៈពេលច្រើនខែ។យ៉ាងណាក៏ដោយ គិតមកដល់ពេលនេះ ឆ្នេរខ្សាច់បានសម្រេចរង្វង់ ពី ៣០ ទៅ៤០ភាគរយហើយ ។


លោកគង់ សំណាងអ្នកគ្រប់គ្រង់ដដែលរូបនោះក៏បានបញ្ជាក់ដែរថា នៅក្នុងគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរទាំងមូល ដែលមានការស្ថាបនាជា អគារខ្ពស់ៗ ផ្សារទំនើប ភោជនីយដ្ឋាន ផែនេសាទ និងកន្លែងកម្សាន្តផ្សេងៗ នឹងត្រូវបញ្ចប់រួចរាល់ទាំងស្រុងនៅឆ្នាំ ២០២១ ឬយ៉ាងយូរឆ្នាំ ២០២២។ ដោយឡែកឆ្នេរខ្សាច់កែបថ្មីនេះ តាមការសង្តេតឃើញល្បឿននៃការស្ថាបនា នៅក្នុងខែធ្នូមុនថ្ងៃរៀបចំពិធីបុណ្យសមុទ្រខាងមុខ រដ្ឋបាលខេត្តក៏ដូចជាក្រុមការងារស្ថាបនា រំពឹងថានឹងអាចបើកទ្វារឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅទស្សនា កម្សាន្តមួយអន្លើសិន បើទោះជាការស្ថាបនាមិនទាន់រួចរាល់មួយរយភាគរយ។


ទីតាំងឆ្នេរខ្សាច់កែបថ្មីរបស់ខេត្តកំពតនេះមានភាពទាក់ទាញខ្លាំងណាស់ បរិយាកាសជុំវិញ និងទេសភាពភ្នំដែលអាចមើលឃើញពីឆ្នេរខ្សាច់ មានដូចជាទេសភាពភ្នំបូកគោ ភ្នំដូង និង កោះជាច្រើននៅក្នុងលំហសមុទ្រ ហើយអ្វីដែលពិសេសគឺនៅតំបន់ជុំវិញឆ្នេរខ្សាច់សមុទ្ររាក់ធំល្ហល្ហេវ ទឹកថ្លាពណ៌ខៀវស្រងាត់ មើលទៅគួរឲ្យចង់ងូតលែង៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation