សម្តេចតេជោស្នើឲ្យដកចេញនូវគំនិត ដែលស្នើឲ្យមានការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឲ្យកម្ពុជាមានទោសប្រហារជីវិត​
| ព័ត៌មានជាតិ
SHARE

នាព្រឹកមិញនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាង៣ពាន់នាក់ សម្តេចតេជោមានប្រសាសន៍ថា សម្តេចស្នើឲ្យដកចេញនូវគំនិត ដែលស្នើរឲ្យមានការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឲ្យកម្ពុជាមានទោសប្រហារជីវិត។


សម្តេចមានប្រសាសន៍បន្តថា "មានដំណឹងថា អង្គការ និងក្រុមមនុស្សចាប់ផ្តើមធ្វើការស្ទាប់ស្ទង អំពីរឿងនេះ កាលពីព្រឹកមិញ នេះខ្ញុំបានអានការសែតភ្នំពេញប៉ុស្តិ៍ នៅក្នុងនោះខ្ញុំឃើញអ្នកវិភាគ៣រូប ឡើងមកវិភាគអំពីកិច្ចការនេះ គឺលោក អ៊ូ វិរៈ លោក សុខ ទូច និងលោក សុខ សំអឿន អ្នកវិភាគទាំង៣នេះ ពុំបានភ្ជាប់រឿងនេះទៅនឹងរឿងនយោបាយទេ។ខ្ញុំសូមគោរព និងកោតសរសើរ អ្នកវិភាគទាំង៣រូបនេះ ខុសពីអាអ្នកវិភាគខ្លះ ដែលវាវិភាគថា បើចង់បញ្ចប់រឿងនេះ(រឿងរំលោភក្មេងស្រី)ទាល់តែដកហ៊ុនសែនចេញពីតំណែង)"។

សម្តេចតេជោ មានប្រសាសន៍បន្តទៀតថា រដ្ឋធម្មនុញ្ញ នៃរដ្ឋកម្ពុជា នាឆ្នាំ១៩៨៩កាលនោះកម្ពុជា បានដូរឈ្មោះប្រទេសពីសាធារណៈរដ្ឋប្រជាមានិតកម្ពុជា មកកាន់រដ្ឋកម្ពុជាដោយកម្ពុជាបានធ្វើវិសោធនកម្មពេលនោះ មកមិនឲ្យមានទោសប្រហារជីវិតឡើយ។

សូមបញ្ជាក់ថា "ការដែលកម្ពុជាគ្មានទោសប្រហារជីវិត មានតាំងពីជំនាន់រដ្ឋកម្ពុជាឆ្នាំ១៩៨៩មកម្លេះ"។ ជំនួសឲ្យការមិនបាច់ឲ្យធ្វើវិសោធនកម្មនេះ សម្តេចបញ្ជាក់ថា យើងត្រូវមានការចាំបាច់ដើម្បីកាត់បន្ថយអំពើរំលោភបំពាន និងអំពើបាបទាំងឡាយក្នុងសង្គម កម្ពុជា តាមរបៀប២យ៉ាង គឺ១បន្តការអប់រំ ផ្សារភ្ជាប់ជាមួយសីលធម៌សង្គម ដែលមានការចូលរួមពីសំណាក់បុព្វជិតសាសនា ព្រះសង្ឃ ដើម្បីកុំឲ្យមានការប្រព្រឹត្តអំពើបាបបែបនេះ។ ទី២ការអនុវត្តន៍ច្បាប់ ឲ្យបានតឹងរឹងចំពោះអ្នកប្រព្រឹត្តិអំពើបាបបែបនេះ ដូចជាត្រូវកាត់ទោសដាក់គុកអស់មួយជីវិតជាដើម។

សូមបញ្ជាក់ថា លោក សុខ សំអឿន អ្នកវិភាគនិងជាមេធាវី ដ៏ល្បីមួយរូបនៅកម្ពុជា បានធ្វើការវិភាគរឿងនេះ នៅក្នុងទំព័រការសែតភ្នំពេញប៉ុស្តិ៍ កាលពីព្រឹកមិញដោយបានលើកឡើងថា បទល្មើសបែបនេះមិន គួរត្រូវបានទទួលទោសប្រហារជីវិតទេ ជាពិសេសប្រទេសមួយដែលមិនទាន់មានប្រព័ន្ឋច្បាប់រឹងមាំ។ ទោសនេះ មានគ្រោះថ្នាក់ដល់អ្នកដែលមិនបានប្រព្រឹត្តិពិតប្រាកដ ឧទាហរណ៍កាលពីសម័យខ្មែរក្រហម មានពលរដ្ឋជាច្រើនរយពាន់នាក់បានស្លាប់ដោយសារការលួចដំឡូង។

ឯកឧត្តម សុខ ទូច អ្នកវិភាគនិងជាប្រធានរាជបណ្ឌិតសភាកម្ពុជា ក៏បានវិភាគឃើញប្រហាក់ប្រហែលលោក សុខ សំអឿនដែរ។ ឯកឧត្តមបញ្ជាក់ថា បើមានទោសនេះមែន គួរចោទសួរលើសមត្ថភាពបច្ចេកទេស ក្រមសីលធម៌ និងគុណភាព នៃអ្នកដំណើរការរឿងក្តីនេះសីន។

ចំនែកឯ លោក អ៊ូ វិរៈ ដែលមានសញ្ជាតិអាមេរិកកាំង ដើមកំណើតខ្មែរ និងជាប្រធានវេទិការអនាគតកម្ពុជា វិភាគតាមការសែតដដែលនេះថា ច្បាប់កាត់ទោសប្រហារជីវិតនេះមិនមានប្រសិទ្ធភាពទេ ហើយអាចបង្កឲ្យមានការប្រើប្រាស់មិនត្រឹមត្រូវផង បើនៅអាមរិក ច្បាប់នេះធ្វើឲ្យ មានការប្រហារជីវិតមនុស្សខុសអស់ច្រើនណាស់។

ដោយឡែក រដ្ឋធម្មនុញ្ញកម្ពុជា កាលពីឆ្នាំ១៩៩៣បានកំណត់ឲ្យកម្ពុជា មិនឲ្យមានទោសប្រហារជីវិត ដូចខ្លឹមសាររដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជាដែរ៕
អត្ថបទ៖ខៀវ កូឡា រូបភាព​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation