ស្រូវពូជជាង៨០តោនត្រូវចែកជូនពលរដ្ឋ រងគ្រោះក្នុងស្រុកក្រូចឆ្មារ ដើម្បីបង្កបង្កើនផល ក្រោយទឹកជំនន់ទន្លេមេគង្គស្រកចុះទៅវិញ
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ ដើម្បីកាត់បន្ថយដល់ចំណាយសម្រាប់ការងារ បង្កបង្កើនផលស្រូវ របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយ គ្រោះមហន្តរាយធម្មជាតិ ពិសេសជំនន់ទន្លេមេគង្គ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទីមួយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រងគ្រោះមហន្តរាយ និងលោកជំទាវ បាននាំយក គ្រាប់ពូជស្រូវ ចំនួន៨៣ តោន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ១,០៧២ គ្រួសារ មកពីឃុំចំនួន០៧ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំពិសេសសម្តេចតេជោ ពិតជា មានការសោកស្តាយយ៉ាងខ្លាំង ចំពោះផលប៉ះពាល់ដែល កើតឡើងមកលើបងប្អូនប្រជាពលរដ្ឋ តែយ៉ាងណាដើម្បីកាត់ បន្ថយការចំណាយរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ជាប្រមុខបានផ្តល់ស្រូវពូជ ជូនបងប្អូនសម្រាប់បង្ករបង្កើនផលបន្ត ដែលនេះគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមកលើ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់និន្នាការ នយោបាយ ឬសាសនាឡើយ។

ឯកឧត្តម គន់ គីម បន្តថា បងប្អូន រស់នៅតាមដងទន្លេមានជាង ១០ម៉ឺនគ្រួសារ ដែលត្រូវរងផលប៉ះពាល់ ហើយត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាង ១ ម៉ឺនគ្រួសារ។ ដោយឡែក នៅស្រុកក្រូចឆ្មារ ក៏រងផលប៉ះពាល់ជាង ១ពាន់គ្រួសារ ដែលបានខូចសំណាបនិងស្រូវ ខណៈនៅពេលទឹកស្រកគឺត្រូវចាប់ផ្តើមបង្កបង្កើន ផលជាថ្មីដូច្នេះហើយទើបឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក្នុងនាមប្រធានក្រុមការងារចុះជួយស្រុកក្រូចឆ្មារ បានស្នើសុំទៅសម្តេចតេជោនូវពូជស្រូវដែលចែកជូននាពេលនេះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ស្រូវពូជនេះ ជាស្រូវពូជល្អ ដោយចែកជូនដល់បងប្អូនប្រជាកសិករនៅ តំបន់ណាដែលអាចស្តារឡើងវិញបាន សម្រាប់បង្កបង្កើនផល ពិសេសតំបន់ដែលមានទឹកសម្រាប់ស្រោចស្រព។

បើតាមលោក គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ បាន ឱ្យដឹងពីផលប៉ះពាល់នៃ ទឹកជំនន់ទន្លេមេគង្គបានបង្កផល ប៉ះពាល់ដល់ស្រុកចំនួន ៤ គឺស្រុកត្បូងឃ្មុំ , ក្រូចឆ្មារ, តំបែរ និងស្រុកអូរាំងឪ លើឃុំចំនួន ១៨ និងភូមិចំនួន ៨៦ ស្មើនឹង ប្រជាជនសរុប ១៩,៩២៧គ្រួសារ ក្នុងនោះបាន ជម្លៀសមក ស្នាក់នៅទីទួល សុវត្ថិភាពចំនួន ៣,២៥៨គ្រួសារ និងបានបង្ក ផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនកន្លែង។ ចំពោះ ប្រជាពលរដ្ឋដែលត្រូវស្តារឡើងវិញលើដំណាំស្រូវមានចំនួន ២,០៥៥គ្រួសារ ក្នុងនោះមនុស្សស្លាប់ចំនួន ៣នាក់ ដោយលង់ ទឹក២ នាក់ និងឆក់ខ្សែភ្លើង ១នាក់៕ដោយ៖ជឹង សេងឡុង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation