របៀបវារៈសំខាន់ៗពាក់ព័ន្ធនឹងបរិស្ថានអាស៊ានត្រូវបានលើកឡើងក្នុងកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៩ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅលើទឹកដីនៃខេត្តសៀមរាបអង្គរ ជាមួយដំណើរការកិច្ចប្រជុំរបស់ឧត្តម មន្ត្រីអាស៊ានដើម្បីត្រៀម និងពិនិត្យលើឯកសារសំខាន់ៗ ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានពិនិត្យ និងអនុម័ត ក្នុងកិច្ចប្រជុំលើកទី១៥ ដែលនឹងប្រារព្ធបើកជាផ្លូវការនៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩ស្អែកនេះ ក្រោមអធិបតីភាពឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នៅថ្ងៃទី១នៅក្នុង ក្របខណ្ឌកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្ត្រី អាស៊ាននឹងធ្វើការពិនិត្យលើ៖

-ទី១) ឯកសារសំខាន់ចំនួន ៣ នឹងត្រូវយកមកពិនិត្យ និងអនុម័ត រួមមាន (១) សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពី ការប្រែប្រួលអាកាសធាតុនៅកិច្ចប្រជុំកំពូលលើកទី ២៥ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP25-UNFCCC) ,(២) សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីបរិស្ថាន និង (៣) សំណើសុំដាក់បញ្ចូលឧទ្យានជាតិ របស់ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន ៥ ទៅជាឧទ្យានបេតិកភណ្ឌអាស៊ាន។ 

-ទី២) កិច្ចប្រជុំត្រៀមលើការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន។ ទី៣) កិច្ចប្រជុំបច្ចេកទេសរបស់ឧត្តមមន្ត្រីអាស៊ានលើផ្នែកសាលាមេត្រីបរិស្ថាន។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា កិច្ចប្រជុំលើកទី ១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាននេះ នឹងពិនិត្យពិភាក្សាលើ កិច្ចសហប្រតិបត្តិការថ្នាក់តំបន់លើវិស័យបរិស្ថាន ក្នុងនោះរួមមានបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និរន្តរភាពបរិស្ថានទីក្រុង ការអភិរក្សជីវៈចម្រុះ បរិស្ថានតំបន់ឆ្នេរសមុទ្រ ការងារអប់រំបរិស្ថាន ការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងសារធាតុគីមី និងសំណល់គ្រោះថ្នាក់ការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន និងសាលាមេត្រីភាពបរិស្ថានជាដើម។ អំឡុងពេលនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏មានកិច្ចប្រជុំលើកទី១៦ នៃរដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក ៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដែលផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងកិច្ចប្រជុំលើកទី១៥នៃសន្និសីទភាគី កិច្ចព្រមព្រៀងអាស៊ានស្ដីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។

 ទន្ទឹមនឹងនេះ ក៏មានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន-ជប៉ុន ដើម្បីពិនិត្យលើវឌ្ឍនភាពការងារសហប្រតិបត្តិការបច្ចុប្បន្ន និងគំនិតផ្តួចផ្តើមសំណើថ្មីៗ រួមមានដូចជា ប្រព័ន្ធផ្ទៀងផ្ទាត់បច្ចេកទេសបរិស្ថាន ការផ្ទេរបច្ចេកវិទ្យា និងសំណល់ប្លាស្ទិកសមុទ្រ។ ជាមួយគ្នានេះដែរ កម្ពុជានឹងទទួលរៀបចំពិធីប្រគល់ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើម មេត្រីភាព បរិស្ថានអាស៊ានលើក ទី១ សម្រាប់រដ្ឋជាសមាជិកអាស៊ានទាំងអស់តាមរយៈមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន។ នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ ក៏នឹងមានពិធីដាំដើមផ្កាក្រវ៉ាន់ នៅមុខប្រាង្គប្រាសាទអង្គរផងដែរ។

សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន តែងតែធ្វើរៀងរាល់ ២ ឆ្នាំម្តង ក្នុងគោលបំណង ជជែកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបរិស្ថាននៅក្នុងតំបន់។ កិច្ចប្រជុំលើកទី១៤ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំជាមួយ បណ្តាប្រទេសជាដៃគូសន្ទនា ត្រូវបានប្រារព្ធធ្វើឡើង កាលពីខែកញ្ញា ឆ្នាំ ២០១៧ នៅប្រទេសប្រ៊ុយណេដែលជាប្រទេស ម្ចាស់ផ្ទះ៕ដោយ៖មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation